website_news:2017140306

ស្ថានទូតកម្ពុជាជួយសង្គ្រោះពលរដ្ឋខ្មែរ៤នាក់នៅចិននិងម៉ាឡេស៊ី

http://vodhotnews.com ដោយ លោក ពេជ្រ ចំរុង | ថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០១៧

ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ីនិងចិន បានជួយសង្គ្រោះពលរដ្ឋខ្មែរ ៤នាក់ ឲ្យត្រឡប់មក ប្រទេសកម្ពុជាវិញ។ ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចេញផ្សាយនៅថ្ងៃអង្គារទី១៤ មីនានេះឲ្យដឹងថា ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ី បានជួយសង្គ្រោះពលករ-ពលការិនីខ្មែរចំនួន ២នាក់ ឲ្យត្រឡប់មកកាន់ មាតុភូមិកំណើតវិញ បន្ទាប់ពីពួកគេជួបការលំបាក ដោយមិនអាចទ្រាំទ្រនឹងការងារក្នុងប្រទេសម៉ាឡេស៊ី។

បន្ថែម លើសនេះ ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសចិន ក៏បានបញ្ជូនស្ដ្រីខ្មែរ២នាក់ទៀត ឲ្យត្រឡប់មកកម្ពុជាវិញផងដែរ បន្ទាប់ពីពួកគេត្រូវបានមេខ្យល់នាំឆ្លងដែនខុសច្បាប់ចូលទៅប្រទេសចិន តាមច្រកព្រំដែន Dongxing កាលពីថ្ងៃ ទី៧ ធ្នូ ឆ្នាំ២០១៦ ដើម្បីបានរៀបការជាមួយប្ដីជាជនជាតិចិន។ ប៉ុន្ដែពួកគេត្រូវបានប៉ូលិសព្រំដែនចិនចាប់ឃាត់ខ្លួន នៅទីនោះតែម្ដង។ ស្ថានទូតកម្ពុជា ឲ្យដឹងទៀតថា ពលរដ្ឋខ្មែរទាំង៤នាក់ខាងលើបានមកដល់ប្រទេសកម្ពុជាវិញហើយ កាលពី ថ្ងៃចន្ទម្សិលមិញ។

ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៣១ ធ្នូ ឆ្នាំ២០១៦ ស្ថានទូត និងស្ថាន អគ្គកុងស៊ុលកម្ពុជាប្រចាំនៅបរទេស បានជួយសង្គ្រោះពលរដ្ឋខ្មែរធ្វើការនៅក្រៅប្រទេសជាច្រើននាក់ ក្នុងនោះនៅ ប្រទេសចិន មានស្ដ្រីចំនួន៦៤នាក់ នៅវៀតណាម មានចំនួន២៣១នាក់ នៅឡាវ មានចំនួន២នាក់ និងនៅម៉ា ឡេស៊ី មានចំនួន ២៧២នាក់៕

website_news/2017140306.txt · Last modified: 2017/03/14 13:48 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki