website_news:2017140307

តើសារព័ត៌មានអង់គ្លេស BBC និយាយអ្វីខ្លះពាក់ព័ន្ធនឹងនារីកម្មករសំណង់ខ្មែរ?

http://www.khmer-press.com khmerpress March 14, 2017

នាពេលបច្ចុប្បន្ន វិស័យឧស្សាហកម្មសំណង់នៅប្រទេសកម្ពុជាកំពុងរីកចម្រើនយ៉ាងខ្លាំង ជាពិសេសគឺនៅទីក្រុងភ្នំពេញ ដែលសម្បូរទៅដោយអាគារធំៗជាច្រើនកំពុងសាងសង់។ ទន្ទឹមគ្នានេះ គេបានសម្លឹងឃើញថា មានប្រជាជនកើនឡើងទ្វេដងក្នុងរយៈពេលបួនឆ្នាំកន្លងមកនេះ ដោយសារតែប្រជាពលរដ្ឋទាំងឡាយបានធ្វើចំណាកស្រុកមកកាន់ទីក្រុង ដើម្បីស្វែងរកការងារធ្វើ ក្នុងនោះមាននារីៗខ្មែរជាច្រើននាក់ដែលធ្វើការងារសំណង់។

ដោយសារតែជីវភាពទន់ខ្សោយ និងភាពគ្មានការងារធ្វើបានបង្ខំឲ្យប្រជាជននារីៗចាកចេញពីស្រុកកំណើតទាំងគ្រួសារមកកាន់ទីក្រុងភ្នំពេញ ធ្វើជាកម្មករឧស្សាហកម្មសំណង់ ដោយទទួលបានប្រាក់ខែទាបជាងបុរស ទោះបីជាពួកគេខិតខំប្រឹងប្រែងបំពេញការងារហាលខ្យល់ ហាលភ្លៀងយ៉ាងណាក៏ដោយ ម្យ៉ាងទៀតវាជាប្រភេទការងារមួយដែលមានគ្រោះថ្នាក់ និងមិនសមរម្យទាល់តែសោះចំពោះនារី។

ខាងក្រោមនេះគឺជាការរៀបរាប់ពិតពីស្ថានភាពទូទៅរបស់នារីពលករសំណង់ ដែលបានធ្វើការសម្ភាសន៍ដោយភ្នាក់ងារសារព័ត៌មាន BBC ៖ សុខន៖ “ខ្ញុំមកនៅទីក្រុងភ្នំពេញជាមួយបី្ដ និងកូនៗអស់រយៈពេលប្រាំឆ្នាំហើយ ពួកយើងនៅផ្ទះគ្មានការងារធ្វើនោះទេក្រៅពីស្រែចម្ការបន្តិចបន្តួច ដោយសារជំពាក់បំណុល ក៏សម្រេចចិត្តលក់ផ្ទះ និងទ្រព្យសម្បត្តិទាំងអស់យកលុយសងគេ ក្រោយមកនេះបានធ្វើជាកម្មករសំណង់ហាលក្ដៅទាំងលំបាកលំបិន ដើម្បីបានប្រាប់ខ្លះចិញ្ចឹមដល់ម្ដាយចាស់ និងកូនៗ…”។

គួរបញ្ជាក់ផងដែរថា ការកើនឡើងនៃនារីខ្មែរ ដែលមកធ្វើជាកម្មករសំណង់នៅទីក្រុងភ្នំពេញនេះ គឺបន្ទាប់ពីមានការបង្ក្រាបលើពលករចំណាកស្រុកខុសច្បាប់ទៅកាន់ប្រទេសថៃ កាលពីឆ្នាំ២០១៤កន្លងមក ជាហេតុធ្វើឲ្យប្រជាជនខ្មែររាប់ពាន់នាក់ត្រូវវិលត្រឡប់មកវិញ៕

website_news/2017140307.txt · Last modified: 2017/03/14 14:26 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki