website_news:2017140404

ស្ថានតំណាងកម្ពុជានៅម៉ាឡេស៊ីជួយអន្តរាគមន៍ពលការិនីខ្មែរ៨នាក់

: http://www.cen.com.kh/local (ថ្ងៃទី 12 មេសា 2017, ម៉ោង 06:19:PM) | ដោយ: មុនីរាជ

ភ្នំពេញ: លោកជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសបានឲ្យដឹងថា ពលការិនីខ្មែរ៨នាក់ ដែលចាញ់បោកមេខ្យល់ និងតាមរយៈក្រុមហ៊ុនឯកជន ទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ជួបការលំបាក និងថៅកែធ្វើបាប ត្រូវបានស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ជួយអន្តរាគមន៍ដោះស្រាយ បានវិលត្រឡប់មកកម្ពុជាវិញ។ ពលការិនីទាំង៨នាក់ បានវិលត្រឡប់មកកម្ពុជាវិញហើយ។ អ្នកនាំពាក្យក្រសួងការបរទេសបានឲ្យដឹងកាលពីថ្ងៃទី១២ ខែមេសា ថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមដោះស្រាយបញ្ហា និងរៀបចំមាតុភូមិនិវត្តន៍របស់ពលការិនីខ្មែរចំនួន៨នាក់ ដូចខាងក្រោម៖

(១) ពលការិនី ស.ច អាយុ៣៥ឆ្នាំ មកពីស្រុកស្នួល ខេត្តក្រចេះ បានទៅម៉ាឡេស៊ីធ្វើការជាអ្នកបោសសំអាត កាលពីខែមករា ឆ្នាំ២០១៦ តាមរយៈក្រុមហ៊ុនមួយនៅកម្ពុជា។ ដោយធ្វើការលំបាក នាងបានទៅស្ថានទូត នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ ដើម្បីស្នើសុំកិច្ចអន្តរាគមន៍។ ក្រោមការសម្របសម្រួលរបស់ស្ថានទូត និយោជករបស់ពលការិនី បានយល់ព្រមប្រគល់ប្រាក់ខែដែលនៅសល់ និងលិខិតឆ្លងដែនជូននាងវិញ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧។

(២) ពលការិនី ម.ស អាយុ២២ឆ្នាំ មកពីស្រុកកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បានទៅម៉ាឡេស៊ីធ្វើការងារតាមផ្ទះ កាលពីខែមករា ឆ្នាំ២០១៥ តាមរយៈមេខ្យល់នៅកម្ពុជា។ ដោយសារមានជម្លោះជាមួយនិយោជក នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៧ និយោជកបានប្រគល់លិខិតឆ្លងដែន និងប្រាក់ខែដែលនៅសល់ជូនពលការិនី និងបានជូននាងទៅដល់ស្ថានទូត។ ពលការិនី បានស្នើសុំស្ថានទូតជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។ ស្ថានទូតបានសម្របសម្រួលជាមួយការិយាល័យអន្តោប្រវេសន៍ម៉ាឡេស៊ី ហើយពលការិនីទាំង២នាក់ខាងលើ នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង ០៧:៣៥ នាទីព្រឹក តាមជើងយន្តហោះ AK 536 ។

(៣) ពលការិនី ង.ច.ថ អាយុ២៨ឆ្នាំ មកពីស្រុកអង្គរជ័យ ខេត្តកំពត

(៤) ពលការិនី ជ.ដ.វ អាយុ២៩ឆ្នាំ មកពីស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

(៥) ពលការិនី ញ.រ អាយុ៣៦ឆ្នាំ មកពីស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

ពលការិនី ង.ច.ថ និង ជ.ដ.វ បានទៅម៉ាឡេស៊ី កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ចំណែក ពលការិនី ញ.រ បានទៅម៉ាឡេស៊ី នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៦។ ពលការិនីទាំង៣នាក់ បានទៅធ្វើការជាអ្នកបោសសំអាត តាមរយៈក្រុមហ៊ុនមួយនៅកម្ពុជា។ ដោយធ្វើការលំបាក ពួកគេបានទៅស្ថានទូតនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧ ស្នើសុំជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។ ក្រោមមកិច្ចអន្តរាគមន៍របស់ស្ថានទូត និយោជកបានយល់ព្រមប្រគល់លិខិតឆ្លងដែនជូនពលការិនីទាំង៣នាក់វិញ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧។ ស្ថានទូតបានសម្របសម្រួលជាមួយការិយាល័យអន្តោប្រវេសន៍ម៉ាឡេស៊ី ហើយពលការិនីទាំង៣ នាក់ខាងលើ បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង ០៧:៥០នាទីព្រឹក តាមជើងយន្តហោះ AK536 ។

(៦) ពលការិនី អ.វ.ណ អាយុ៣២ឆ្នាំ មកពីស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានទៅម៉ាឡេស៊ីធ្វើការងារតាមផ្ទះ កាលពីខែមករា ឆ្នាំ២០១៦ តាមរយៈមេខ្យល់នៅកម្ពុជា។ ដោយធ្វើការលំបាក នាងបានទៅស្ថានទូតនៅខែមករា ឆ្នាំ២០១៧ ស្នើសុំទាមទារប្រាក់ខែដែលនៅសល់ពីនិយោជក និងជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។ ក្រោមអន្តរាគមន៍របស់ស្ថានទូត និយោជករបស់ពលការិនី បានយល់ព្រមប្រគល់លិខិតឆ្លងដែន និងប្រាក់ខែដែលនៅសល់ជូននាង នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧។

(៧) ពលការិនី ម.ល និង (៨) ពលការិនី ស.ល.ដ ដែលអ្នកទាំងពីរមានអាយុ២០ឆ្នាំ មកពីស្រុកកំពង់ស្វាយ ខេត្តកំពង់ធំដូចគ្នា បានទៅម៉ាឡេស៊ីធ្វើការជាអ្នកបោសសំអាត កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ តាមរយៈមេខ្យល់នៅកម្ពុជា។ ដោយធ្វើការលំបាក ពលការិនីទាំងពីរ បានទៅស្ថានទូតនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧ ស្នើសុំជួយទាមទារប្រាក់ខែដែលនៅសល់ពីនិយោជក និងជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។ ក្រោមកិច្ចអន្តរាគមន៍របស់ស្ថានទូត និយោជករបស់ពលការិនីទាំងពីរ បានយល់ព្រមប្រគល់លិខិតឆ្លងដែន និងប្រាក់ខែដែលនៅសល់ជូនពួកគេ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧ ។ ពលការិនីទាំង៣នាក់ចុងក្រោយ បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង ១០:០០នាទីព្រឹក តាមជើងយន្តហោះ MH754 ៕

website_news/2017140404.txt · Last modified: 2017/04/14 11:54 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki