website_news:20171406002

តុលាការលើកពេលសវនាការសំណុំរឿង ជួលស្ត្រីខ្មែរពពោះជំនួសជនបរទេស ទៅពេលក្រោយ

http://www.a-n-n-news.html ដោយ: ឡុក សំរិត ថ្ងៃពុធ ទី១៤ ខែមិថុនា ឆ្នាំ២០១៧

រាជធានីភ្នំពេញ៖ ក្រោយពីបើកសវនាការពេញមួយ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ ម្សិលមិញ លោកស្រី ស៊ លីនណា ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចលើកពេលការបើកសវនាការជំនុំជម្រះជាសាធារណៈ លើសំណុំរឿង ជួលស្ត្រីខ្មែរពពោះជំនួស ជនបរទេសនៅអូស្ត្រាលីទៅពេលក្រោយ ដោយជូនដំណឹងនាពេលក្រោយ ព្រោះតុលាការនៅមិនទាន់បានសាកសួរសាក្សីអស់នៅឡើយ។

សូមបញ្ជាក់ថា លោក វង់ ប៊ុនវិសុទ្ធ តំណាងអយ្យការ បានចោទប្រកាន់ជនជាប់ចោទទី១.ឈ្មោះ CHALES TAMMY ALAYNE ភេទស្រី អាយុ៤៩ឆ្នាំ ជនជាតិអូស្ត្រាលី, ទី២.ឈ្មោះ ពេញ រិទ្ធី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ, និងទី៣.ឈ្មោះ សំរិទ្ធ ចាន់ចរិយា ភេទស្រី អាយុ៣០ឆ្នាំ មុខរបរឆ្មប ជាជនជាតិខ្មែរ ពីបទអន្តរការរវាងអ្នកសុំកូន និងស្ត្រីពពោះ និងបទសុំឲ្យផ្ដល់ឯកសារដោយទុច្ចរិត ប្រព្រឹត្តិនៅរាជធានីភ្នំពេញ អំឡុងឆ្នាំ២០១៤ ដល់២០១៦ យោងតាមមាត្រា៣៣២ និងមាត្រា៦៣២ នៃក្រមព្រហ្មទណ្ឌ។

ក្នុងសវនាការឈ្មោះ CHARLES TAMMY ALAYNE ហៅ TAMMY បានសារភាពថា ខ្លួនបានធ្វើការឱ្យក្រុមហ៊ុន NEW GENERTIC ដែលជួលស្ត្រីខ្មែរឲ្យពពោះ និងបង្កើតកូនឱ្យជនជាតិអូស្ត្រាលី។ ជនជាប់ចោទបានបន្តថា ខ្លួនបានរកស្ត្រីខ្មែរនៅលីវពពោះ និងបង្កើតកូនចំនួន២៣នាក់ ដោយនាំចេញទៅក្រៅប្រទេសបាន៦នាក់ (ស្រីទាំងអស់) ក្នុងនោះកូនភ្លោះមួយម្នាក់ ដោយតម្លៃខ្លួនទទួលបានពីគ្រួសារចង់បានកូនម្នាក់ ៥០,០០០ដុល្លារអាមេរិក ដោយខ្លួនដកយក ៨,០០០ដុល្លារ លុយនៅសល់ទុកចំណាយផ្សេងៗ និងឱ្យស្ត្រីពពោះ។

ជនជាប់ចោទ បានអះអាងថា ការស៊ីឈ្នួលពពោះនោះមានកិច្ចសន្យាត្រឹមត្រូវជាមួយស្ត្រីអ្នកពពោះ ហើយដើម្បីបញ្ជូនកូននោះទៅអូស្ត្រាលី ឬទៅបរទេសបាន ទី១.ត្រូវពិនិត្យមើល DNA រកឱ្យឃើញ ឪពុកសិន, ទី២.រៀបចំឯកសារចូលសញ្ជាតិអូស្ត្រាលី និងទី៣.រៀបចំលិខិតឆ្លងដែនជាមុនសិន។ ជនជាប់ចោទឈ្មោះ សំរិទ្ធ ច័ន្ធចរិយា ហៅសម្បត្តិ បានឆ្លើយថា ខ្លួនពិតជាបានធ្វើការឱ្យក្រុមហ៊ុន NEW GENERTIC មានទីតាំងនៅក្នុងអគារ កាណាឌីយ៉ា ដែលមានឈ្មោះ Tammy ជាប្រធាន និងជាអ្នកដើររកជួលស្ត្រីឱ្យពពោះ និងបង្កើតកូនឱ្យបរទេស។ ជនជាប់ចោទនិយាយថា ខ្លួនជាអ្នកបកប្រែភាសា ថែទាំ និងពិនិត្យសុខភាពស្ត្រីស៊ីឈ្នួលពពោះ ដោយទទួលបានប្រាក់ខែ ចំនួន ៦៥០ដុល្លារក្នុង១ខែ។ ជនជាប់ចោទ បន្ថែមថា ស្ត្រីដែលស៊ីឈ្នួលពពោះ ពេលដាក់មេជីវិតចូល ទទួលបាន ៣០០ដុល្លារ នៅអំឡុងពេលពេលពោះទទួលបាន ៤០០ដុល្លារក្នុង១ខែ និងនៅសម្រាលកូនរួច ទទួលបានប្រាក់ចំនួន ១ម៉ឺនដុល្លារ ក្នុងកូនមួយបន្ថែមទៀត។ ពួកគេត្រូវបានខ្លួនជូនទៅគណនីនៅធនាគារវឌ្ឍនៈ ដើម្បីបើកលុយពេលសម្រាលកូនរួចរាល់។

ជនជាប់ចោទឈ្មោះ ពេញ រិទ្ធិ សារភាពថា ខ្លួនជាអ្នករត់ការធ្វើសំបុត្រកំណើតឲ្យទារកម្នាក់ ៧០០ ទៅ១,៣០០ដុល្លារអាមេរិក និងជួយដឹកក្មេងចេញទៅបំពេញបែបបទនៅនាយកដ្ឋានអន្តោប្រវេសន៍ និងរត់ការធ្វើលិខិតឆ្លងដែនឱ្យទារក។ ជនជាប់ចោទ បញ្ជាក់ថា ខ្លួនយកលុយពី ឈ្មោះ Tammy សម្រាប់រត់ការ។ ខ្លួនជាអ្នកដើររកស្ត្រីខ្មែរឱ្យស៊ីឈ្នួលពពោះបាន៦នាក់ផងដែរ ដោយបានកម្រៃជើងសារពីស្ត្រីខ្មែរទាំងអស់នោះ ក្រៅពីកម្រៃជើងសារចំនួន ៩០០ដុល្លារ ហើយខ្លួនក៏បានទទួលប្រាក់ខែចំនួន ៦០០ដុល្លារក្នុងមួយខែ ពីឈ្មោះ Tammy។

ក្រុមស្ត្រីស៊ីឈ្នួលពពោះ ដែលជាសាក្សី បានរៀបរាប់ប្រាប់អង្គសវនការថា ពួកគាត់ព្រមពពោះដោយស្ម័គ្រចិត្តគ្មានអ្នកបង្ខំទេ។ នៅពេលសម្រាលកូនរួច កូននោះត្រូវ Tammy និងបុគ្គលិកគាត់ជាអ្នករត់ការ ធ្វើឯកសារផ្សេង ដើម្បីឱ្យកូននោះបានទៅរស់នៅជាមួយឪពុកម្តាយ ជាម្ចាស់មេជីវិត។ គួររំលឹកថា សមត្ថកិច្ចការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយ អធិការដ្ឋាន នគរបាល ខណ្ឌសែនសុខ និងខណ្ឌដូនពេញ ឃាត់ខ្លួន ជនជាប់ចោទទាំង ៣នាក់ កាលពីល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦៕

website_news/20171406002.txt · Last modified: 2017/06/14 14:50 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki