website_news:20171406004

ថៃ៖ ស្ត្រីពលករខ្មែរបីនាក់បាត់បង់ជីវិតក្នុងគ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្រះកែវ

http://www.thmey-thmey-news.html 13, Jun 2017 , 9:59 pm ដោយ: គេហទំព័រថ្មីៗ

មនុស្ស៦នាក់ បានបាត់បង់ជីវិតនិង ១១នាក់រងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍រវាងឡានដឹកពលករ និងឡានមួយបាំងកន្លះនៅខេត្តស្រះកែវ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា។ មនុស្ស៦នាក់ដែលបានបាត់បង់ជីវិត មានស្ត្រីជនជាតិខ្មែរបីនាក់ ខណៈបីនាក់ផ្សេងទៀតជាជនជាតិថៃ ហើយជនរងគ្រោះទាំង៦នាក់នេះ សុទ្ធតែជាពលករទាំងអស់។ នេះបើតាមការផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

លោកវរសេនីយ៍ Saneh Detsupha មន្ត្រីប៉ូលិសក្នុងខេត្តស្រះកែវ និយាយថា គ្រោះថ្នាក់ចរាចរណ៍រវាងឡានដឹកអ្នកដំណើរ និងឡានមួយបាំងកន្លះបានកើតឡើងនៅចំណុចផ្លូវប្រសព្វខាងមុខផ្សារ Khao Chakan នៅព្រឹកថ្ងៃទី១៣ ខែមិថុនា។ ក្រុមជួយសង្គ្រោះ និងប៉ូលិស បានរកឃើញសាកសពបួនក្នុងឡានដឹកអ្នកដំណើរ និងសាកសពពីរទៀតក្នុងឡានប្រភេទភីកអាប់។ អ្នកដំណើរចំនួន១១នាក់ដែលជិះក្នុងឡានដឹកអ្នកដំណើរ ត្រូវរកឃើញថាបានរងរបួស។

សាក្សីបានប្រាប់ប៉ូលិសថា ឡានដឹកអ្នកដំណើរពណ៌ស បានធ្វើដំណើរក្នុងល្បឿនលឿនឆ្ពោះទៅខេត្ត Chantahburi និងបានរេចង្កូតទៅបុករបាំងផ្លូវ រួចក៏បន្តរេចង្កូតឆ្លងទៅគន្លងផ្លូវម្ខាងទៀត ហើយក៏បុកឡានដឹកទំនិញដែលមានទិសដៅផ្ទុយគ្នាចំពីមុខពេញទំហឹងតែម្ដង។ បើតាមកាសែតបាងកកប៉ុស្តិ៍ ជនរងគ្រោះបាត់បង់ជីវិតទាំង៦នាក់ និងអ្នករងរបួសទាំង១១នាក់ គឺសុទ្ធតែជាពលករទាំងអស់។

ស្ត្រីជនជាតិខ្មែរទាំង៣នាក់ ដែលបាត់បង់ជីវិតមិនទាន់ស្គាល់អត្តសញ្ញាណច្បាស់នៅឡើយទេ។ ប៉ូលិសថៃនិយាយថា អ្នកដំណើរទាំងអស់ក្នុងឡានពណ៌ស មានគោលដៅទៅកាន់ខេត្ត Chanthaburi ដើម្បីទទួលបានទិដ្ឋាការបន្តទៀត៕

website_news/20171406004.txt · Last modified: 2017/06/14 14:27 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki