website_news:2017140702

នគរបាលជាតិជំរុញឱ្យពលរដ្ឋកម្ពុជារាយការណ៍ករណីចាប់ក្មេងដើម្បីវែកមុខជនល្មើស

http://www.v-o-a-news.html 14 កក្កដា 2017

ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិបានបង្កើនការប្រុងប្រយ័ត្ន និងប្រកាសឲ្យមានការសហការស្រាវជ្រាវរកករណីបាត់ក្មេង ដែលតែងត្រូវបានប្រជាពលរដ្ឋបង្ហោះតាមបណ្តាញសង្គមជាច្រើនករណី។ នេះបើតាមការឲ្យដឹងពីអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ។

លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់ VOA នារសៀលថ្ងៃព្រហស្បតិ៍នេះថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានព័ត៌មាន និងការបង្ហោះតាមបណ្តាញសង្គមពាក់ព័ន្ធនឹងការចាប់ខ្លួនក្មេងៗ ជាច្រើនករណី។ លោកបញ្ជាក់ថា ស្ទើរតែគ្រប់ករណីទាំងអស់ហាក់មិនមែនជាការចាប់ជម្រិត ឬជួញដូរសរីរាង្គណាមួយដែលគួរឲ្យព្រួយបារម្ភនោះទេ ដោយលោកបញ្ជាក់ថា ការចាប់នោះហាក់មានបំណងធ្វើឲ្យមានការផ្អើលឆោឡោ ដោយមិនមានមូលហេតុច្បាស់លាស់នៅឡើយ។ ទោះជាយ៉ាងណា នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អះអាងថា សមត្ថកិច្ចនឹងស្រាវជ្រាវដើម្បីបំបាត់រាល់បញ្ហាដែលបាននិងកំពុងកើតឡើង បើទោះបីករណីទាំងនោះជាការបង្អើលធ្វើឲ្យមានចលាចលសង្គម ឬក៏ជាករណីបទឧក្រិដ្ឋក៏ដោយ។

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ មានប្រសាសន៍ថា៖ «យើងខ្ញុំកំពុងតែពិចារណារឿងនេះក្នុងនាមជាកងកម្លាំង គឺទី១ ត្រូវតែស្រាវជ្រាវមើលថា តើរឿងហ្នឹងវាពិត ឬក៏មានអ្នកបង្កបញ្ហាដើម្បីបំពុលចលាចលសង្គម។ ទី២ ត្រូវរកឲ្យឃើញប្រសិនជាបំពុលត្រូវរកឲ្យឃើញអ្នកបំពុល។ ទី៣ បើសិនជាមានសកម្មភាពឧក្រិដ្ឋ គឺត្រូវរកឲ្យឃើញជនល្មើសដើម្បីផ្តន្ទាទោស ហើយដើម្បីបំបាត់បញ្ហាហ្នឹង»។

ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ គេឃើញមានការបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក និងតាមសារព័ត៌មានមួយចំនួនអំពីករណីបាត់ក្មេង។ ករណីខ្លះត្រូវបានបង្ហោះថា បាត់នៅតាមសាលារៀន ខ្លះបង្ហោះថា បាត់នៅតាមទីសាធារណៈ ឬនៅក្បែរផ្ទះជាដើម។ ការបង្ហោះទាំងនោះអះអាងថា ក្មេងត្រូវបានជនមិនស្គាល់មុខចាប់យកទៅ។ តួយ៉ាងដូចករណីក្មេងស្រី ដែលជាសិស្សសាលាទួលស្វាយព្រៃម្នាក់ ត្រូវបានជនមិនស្គាល់មកកុហកថា ម្តាយក្មេងស្រីនោះជួបគ្រោះថ្នាក់ចរាចរណ៍ និងបានឌុបយកក្មេងស្រីនោះចេញទៅបាត់។ ប៉ុន្តែរយៈពេលមួយថ្ងៃក្រោយ ក៏មានអ្នករត់ម៉ូតូកង់បីម្នាក់បានដឹកក្មេងស្រីម្នាក់នោះត្រឡប់ទៅផ្ទះវិញ។ ចំណែកករណីមួយទៀត ដែលលោកគៀត ច័ន្ទថារិទ្ធ បញ្ជាក់ថា ចៅរបស់មន្រ្តីកងរាជអាវុធហត្ថម្នាក់ត្រូវបានជនមិនស្គាល់មុខចាប់ទៅប្រហែលជា៥០ម៉ែត្រពីផ្ទះ។ ប៉ុន្តែត្រូវបានជននោះទុកចោលឲ្យដើរត្រឡប់មកផ្ទះវិញ ដោយខ្លួនឯង ដោយគ្មានមូលហេតុ។

លោក យ៉ង់ គឹមអេង នាយកមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍ និងសន្តិភាព បានសាទរចំពោះការជំរុញឲ្យមានការរាយការណ៍ពីបញ្ហាអសន្តិសុខ និងស្វែងរកដំណោះស្រាយរបស់សមត្ថកិច្ច។ ទោះជាយ៉ាណា លោកថា រដ្ឋាភិបាលគួរបង្កើនវិធានការបង្ការឲ្យបានច្រើន តាមរយៈការពង្រាយកម្លាំងការពារនៅតាមសាលារៀន និងតំបន់មួយចំនួន ដែលងាយនឹងកើតមានបញ្ហា ព្រមទាំងផ្សព្វផ្សាយឲ្យបានទូលំទូលាយឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ក្នុងករណីទាំងនោះ។ លោកបញ្ជាក់ថា៖ «គួរតែមានកម្លាំងអន្តរាគមន៍អីដែលអាចជួយដល់ប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា ហើយជាពិសសេគឺជួយដល់ក្មេងហ្នឹង។ បើសិនជាបញ្ហាហ្នឹងនៅតែកើតមាន ប្រហែលជាឪពុកម្តាយហ្នឹង មានការរារែកក្នុងការឲ្យកូនទៅសាលា។ ជាពិសេសអ្នកដែលរវល់មែនទែនហ្នឹង ដែលមិនអាចជូនកូនទៅសាលាបាន អាចឲ្យកូនឈប់រៀន ធ្វើឲ្យមានការខាតបង់។ ចំពោះបញ្ហានេះគួរតែអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវតែឲ្យមានការចូលរួមអន្តរាគមន៍ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីចូលរួមតាំងពីឃុំសង្កាត់អីហ្នឹង ធ្វើយ៉ាងណាជួយពង្រឹងសន្តិសុខ ជាពិសេសនៅតាមសាលារៀនអីជាដើមហ្នឹង»។

សេចក្តីប្រកាសរបស់នាយកដ្ឋានកណ្ដាលសន្ដិសុខក្រសួងមហាផ្ទៃ ដែលចេញនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានប្រកាសថា ប្រជាពលរដ្ឋអាចរាយការណ៍ជាបន្ទាន់ ប្រសិនបើបានដឹង ឬឃើញករណីសង្ស័យប៉ះពាល់ដល់សន្តិសុខសង្គមណាមួយ។ ទូរស័ព្ទទាំងពីរខ្សែនោះមានលេខ ០៣១ ២០១ ២៣៤៥ និងលេខ ០៣១ ៦០១ ២៣៤៥។

លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បន្ថែមថា សមត្ថកិច្ចកំពុងពង្រឹងកម្លាំងក្នុងការស្រាវជ្រាវ និងបង្រ្កាប ព្រមទាំងបានអំពាវនាវឲ្យមានការសហការរវាងប្រជាពលរដ្ឋ តាមរយៈការប្រកាសលេខទូរស័ព្ទឲ្យប្រជាពលរដ្ឋទាក់ទង ពេលមានបញ្ហាអសន្តិសុខណាមួយ រួមទាំងករណីចាប់ក្មេង ដែលប្រជាពលរដ្ឋកំពុងតែបារម្ភផងនោះ៕

website_news/2017140702.txt · Last modified: 2017/07/14 10:14 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki