website_news:2017140707

ពលករខ្មែរនាំគ្នាបន្តចេញពីប្រទេសថៃដើម្បីធ្វើបែបបទមានសិទ្ធិស្របច្បាប់

http://www.ppd-news.net/article/ 14-July-2017

ខេត្តបាត់ដំបង ៖ ពលករខ្មែរបន្តចាកចេញពីប្រទេសថៃជាច្រើនមកកាន់ប្រទេសកំណើត ក្នុងគោលបំណងធ្វើលិខិតឆ្លងដែនដើម្បីមានសិទ្ធស្របច្បាប់ងាយស្រួលស្វែងរកការងារធ្វើនៅក្រៅប្រទេស។ យោងតាមការស្រង់សម្តីរបស់សមត្ថកិច្ចប្រចាំតំបន់ព្រំដែនច្រកទ្វារអន្តរជាតិដូងបានអោយដឹងថា រយៈពេល១១ថ្ងៃ ចាប់ពីថ្ងៃទី១ដល់១១ ខែកក្កដា ឆ្នាំ២០១៧ ចំនួនពលករខ្មែរដែលបានធ្វើដំណើរចេញពីប្រទេសថៃតាមច្រកទ្វារអន្តរជាតិដូងកើនដល់ជិត២០០០នាក់ ដែលពួកគេភាគច្រើនត្រូវបានថៅកែក្នុងសហគមន៍ រោងសិប្បកម្ម កសិដ្ឋានឬថៅកែម្ចាស់ចំការជនជាតិថៃអោយវិលត្រឡប់មកកាន់ស្រុកកំណើតវិញធ្វើលិខិតឆ្លងដែនឬប៉ាស្ព័រ និងប័ណ្ណធ្វើការងារដើម្បីមានសិទ្ធិស្របច្បាប់ធ្វើការងារដោយមិនមានការភ័យខ្លាច។

ដោយឡែកលោក ហម សំខាន់ ប្រធានច្រកទ្វារអន្តរជាតិដូងបានបញ្ជាក់អោយដឹងថា រយៈពេលចុងក្រោយនេះប្រទេសថៃបានពង្រឹងច្បាប់គ្រប់គ្រងពលករបរទេសទាំងអស់ដែលធ្វើចំណាក់ស្រុកខុសច្បាប់។ ជាក់ស្តែងរយៈពេលដើមខែ ចាប់ពីថ្ងៃទី១ មកទល់ថ្ងៃទី១១ កក្កដានេះពលករបានចេញពីប្រទេសថៃជារៀងរាល់ថ្ងៃសរុបចំនួន១៧៨៩នាក់ ខណៈក្នុងខែមិថុនាពលករដែលថៃបញ្ជូនចេញចំនួន២២៧នាក់។ ពលករទាំងអស់ក្នុងការធ្វើចំណាក់ស្រុកមិនមានច្បាប់អនុញ្ញាតឡើយដែលពួកគេបានលួចលាក់ឆ្លងដែនតាមមេខ្យល់ និងតាមគ្នីគ្នាដែលធ្លាប់ទៅមក។

លោក ហម សំខាន់ បន្តថា ពលករទាំងអស់ក្នុងការឆ្លងដែនមិនត្រូវប្រថុយប្រថានខុសច្បាប់ឡើយ ពុំនោះទេ និងជួបបញ្ហាប្រឈមជាច្រើនដូចជា ថៅកែនៅប្រទេសគេមិនទទួលអោយធ្វើការងារ ប្រឈមនិងការឃាត់ខ្លួនឃុំឃាំងពីសមត្ថកិច្ច ថ្លៃឈ្នួលការងារទាប កេងប្រវ័ញ្ចកម្លាំងពលកម្មឬការបោកប្រាស់មិនអោយប្រាក់ឈ្នួលទាំងស្រុងថែមទៀតផងដែលទីបំផុតធ្វើអោយជីវភាពកាន់ខ្វះខាតខ្លាំងទៅៗ។

ទោះជាយ៉ាងណានៅក្រោយពេលដែលឯកឧត្តមអភិបាលខេត្តជួបសំណេះសំណាលជាមួយពលករខ្មែរក្នុងថ្ងៃដដែលហ្វូងពលករនៅតែត្អូញត្អែរថា ការចេញពីប្រទេសថៃនេះខ្លួនត្រូវបង់លុយអោយនគរបាលអន្តោប្រវេសន៍ចំនួន១០០បាត និងបង់ថៃចំនួន២០០បាត។

ចំណែកលោក សៅ ប៊ុនរឹទ្ធ ប្រធានប៉ុស្តិ៍នគរបាលអន្តោរប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិដូងមិនអាចសុំការបញ្ជាក់បានទេនៅតែបន្តគេចវេះមិនផ្តល់ព៌តមានលំអិត ទូរស័ព្ទចុចចូលហើយមិនមានអ្នកលើក៕

website_news/2017140707.txt · Last modified: 2017/08/24 15:42 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki