website_news:2017140710

ស្ថានទូតខ្មែរនៅម៉ាឡេស៊ីផ្ដល់ជម្រកដល់ពលករខ្មែរអំឡុងការបង្ក្រាប

http://www.cambodiadaily-khmer-news.html ដោយ ហ្សមប៊រ ភីធឺរ៍ | ថ្ងៃសុក្រ ទី 14 ខែកក្កដា ឆ្នាំ2017

ពលករខ្មែរយ៉ាងច្រើនបានសម្រុកទៅស្ថានទូតខ្មែរ នៅទីក្រុងកូឡាឡាំពួ ដើម្បីសុំជំនួយ ធ្វើយ៉ាងណាឲ្យពួកគាត់ទទួលបានលិខិតស្នាមការងារ រួមជាមួយចំណីអាហារ និងការជ្រកកោនផង ស្របពេលកំពុងមានការបង្ក្រាបលើពលករដែលមិនចុះបញ្ជីនៅក្នុងប្រទេសនេះ នេះបើយោងតាមមន្ត្រីស្ថានទូតមួយរូបលើកឡើងកាលពីម្សិលមិញ។

យោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយម៉ាឡេស៊ី ដែលបានដកស្រង់ប្រសាសន៍របស់លោក មូស្តាហ្វា អាលី (Mustafar Ali) អគ្គនាយកអន្តោប្រវេសន៍នៃប្រទេសនេះបានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី០១ ខែកក្កដាមក អាជ្ញាធរនៅប្រទេសម៉ាឡេស៊ី បានចាប់ឃុំខ្លួនជនបរទេសជាង៣.០០០នាក់ដែលធ្វើការនៅប្រទេសនេះដោយខុសច្បាប់  ខណៈពេលកំពុងមានការចុះបង្ក្រាបនៅកន្លែងធ្វើការនានាទូទាំងប្រទេសនេះ។ សេចក្ដីរាយការណ៍បញ្ជាក់ថា ពលករដែលត្រូវបានចាប់ខ្លួនទាំងនោះមកពីប្រទេសបង់ក្លាដែស ប្រទេសឥណ្ឌូណេស៊ី ប្រទេសភូមា ប្រទេសវៀតណាម ប្រទេសថៃ និងប្រទេសហ្វីលីពីន រួមជាមួយ៦៤៣នាក់ “ទៀត” គិតមកទល់ថ្ងៃអង្គារ។ រហូតមកទល់ពេលនេះ មិនទាន់មានសេចក្ដីរាយការណ៍ទេថា តើពលរដ្ឋខ្មែរប៉ុន្មាននាក់ត្រូវបានចាប់ខ្លួននៅក្នុងការបង្ក្រាបនេះ។

លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាមានប្រសាសន៍ថា ស្ថានទូតខ្មែរនៅទីក្រុងកូឡាឡាំពួ ទទួលបានការណែនាំឱ្យសិក្សាថា តើពលរដ្ឋខ្មែរប៉ុន្មាននាក់ត្រូវបានអាជ្ញាធរម៉ាឡេស៊ីចាប់ខ្លួន។ ប៉ុន្តែលោកថ្លែងថាក្រសួងមិនទាន់ទទួលបានដំណឹងត្រឡប់មកវិញទេ។ អ្នកនាំពាក្យរូបនេះបានបដិសេធមិនឆ្លើយទេ នៅពេលសួរថាតើក្រសួងខកចិត្តទេចំពោះរដ្ឋាភិបាលម៉ាឡេស៊ី   ដែលមិនផ្ដល់តួលេខពលរដ្ឋខ្មែរត្រូវបានឃាត់ខ្លួនរហូតមកទល់ពេលនេះ ប៉ុន្តែបែរជាបញ្ជាក់ថា ប្រទេសទាំងពីរ “មានកិច្ចសហប្រតិបត្តិការល្អ” ទៅវិញ។

លោក ណុប ចាន់វណ្ណៈ លេខាទី១នៃស្ថានទូតកម្ពុជានៅប្រទេសម៉ាឡេស៊ីថ្លែងថា លោកក៏មិនដឹងដែរថា ពលរដ្ឋខ្មែរប៉ុន្មាននាក់ត្រូវបានចាប់ខ្លួន។ លោកលើកឡើងថា “ខ្ញុំដឹងថាមានមួយចំនួន ប៉ុន្តែខ្ញុំមិនដឹងថាមានប៉ុន្មានទេ”។ លោកបានមានប្រសាសន៍ថា លោក នូ ប៊ុនណារ៉ា មន្ត្រីទទួលបន្ទុកកិច្ចការការងារប្រចាំនៅស្ថានទូត បានមិនស្ថិតនៅក្នុងការិយាល័យទេ ហើយមិនអាចទាក់ទងបានឡើយ។ លោក ណុប ចាន់វណ្ណៈ លើកឡើងថា ពលករខ្មែរគ្មានលិខិតស្នាមដែលធ្វើការនៅប្រទេសម៉ាឡេស៊ី បានមកកាន់ស្ថានទូតដើម្បីសុំជំនួយចាប់តាំងពីការបង្ក្រាបចាប់ផ្ដើមមក។ លោកប្រាប់ថា “ឥឡូវមានជនអន្តោប្រវេសន៍ច្រើននៅទីនេះ ដោយសារតែរដ្ឋាភិបាលនៃប្រទេសម៉ាឡេស៊ីកំពុងអនុវត្តច្បាប់ថ្មី។ ពួកគាត់កំពុងស្នើសុំឯកសារ និងការស្នាក់នៅ ព្រមទាំងចំណីអាហារ”។ លេខាទី១រូបនេះបញ្ជាក់ថា ពេលនេះស្ថានទូតកំពុងផ្ដល់កន្លែងជ្រកកោនដល់ពលរដ្ឋខ្មែរជាង២០នាក់ ប៉ុន្តែលោកមិនដឹងថាមានប៉ុន្មាននាក់ទេដែលបានមកសុំជំនួយចាប់តាំងពីថ្ងៃទី០១ ខែកក្កដាមក។

រដ្ឋាភិបាលម៉ាឡេស៊ីនិយាយថា ខ្លួនបានទុកពេលរាប់ខែឱ្យថៅកែចុះបញ្ជីពលករគ្មានលិខិតស្នាមរាប់សែននាក់ដែលខ្លួនជឿថាកំពុងធ្វើការនៅក្នុងប្រទេសនេះ ប៉ុន្តែឱសានវាទនេះបានធ្វើឱ្យពលករតិចជាង១ភាគ៤ប៉ុណ្ណោះដែលបានក្លាយជាពលករស្របច្បាប់។

អង្គការសិទ្ធិមនុស្សនានានិយាយថា “ភាគច្រើននៃពលករទាំងនោះបានក្លាយជាជនរងគ្រោះនៃការជួញដូរមនុស្សរួចទៅហើយក្រោមស្នាដៃថៅកែរបស់ពួកគាត់ ហើយការបង្ក្រាបលើកចុងក្រោយនេះធ្វើឱ្យពួកគាត់ប្រឈមហានិភ័យកាន់តែខ្លាំង”៕ សុខុម

website_news/2017140710.txt · Last modified: 2017/07/14 15:40 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki