website_news:2017140802

សមត្ថកិច្ចចាប់ខ្លួនស្រ្ដីម្នាក់សង្ស័យករណីជួញដូរមនុស្សទៅប្រទេសចិន

https://www.facebook.com/radiofm102/ ថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០១៧

ភ្នំពេញ៖ សម្ថកិច្ចនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឃាត់ខ្លួនជនសង្ស័យជាស្រ្ដី មួយរូប ករណីជួញដូរមនុស្សឆ្លងដែនទៅប្រទេសចិន។ ការឃាត់ខ្លួននេះធ្វើឡើងនៅរាជធានីភ្នំពេញស្ថិតក្នុងសង្កាត់កាកាប២ កាលពីរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ នេះបើយោងតាមការចេញផ្សាយទំព័រហ្វេសប៊ុករបស់ស្នងការនគរបាលរាជធានីភ្នំពេញកាលពីយប់ថ្ងៃទី១៣ សីហា។

តាមគេហទំព័រដដែលនេះ ស្រ្ដីជាជនសង្ស័យមានឈ្មោះថា គាំ ធី អាយុ ៤៧ឆ្នាំ មុខរបរស៊ីឈ្នូលធ្វើចំការឲ្យគេ ស្នាក់នៅភូមិវាលខាងកើត ឃុំស្វាយទាបស្រុកចំការលើ ខេត្ដកំពង់ចាម។ ស្រ្ដីរូបនេះត្រូវបានសមត្ថកិច្ចទទួលព័ត៌មានថា មានបំណងនាំស្រ្ដីវ័យជំទង់ពីរនាក់ឆ្លងដែនទៅប្រទេសចិន។ ក្រោយឃាត់ខ្លួនស្រ្ដីជាជនសង្ស័យ សមត្ថកិច្ចបានប្រគល់នារីរងគ្រោះទាំងពីររូប ទៅអាណាព្យាបាលវិញ និងបានបញ្ជូនជនសង្ស័យទៅកាន់ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីចាត់ការទៅតាមផ្លូវច្បាប់។

ទាក់ទិននឹងការជួញដូរមនុស្ស និងជួញដូរកម្លាំងពលកម្មឆ្លងដែននេះដែរ អង្គការសមាគមការពារសិទ្ធិមនុស្សអាដហុកដែលមានការិយាល័យនៅទូទាំង ២៥ខេត្ដ និងរាជធានីបានចេញរបាយការណ៍ដើមឆ្នាំ២០១៧នេះដោយបញ្ជាក់ថា ករណីជួញមនុស្សបានកើតឡើងចំនួន ១៥៥ករណី៕

website_news/2017140802.txt · Last modified: 2017/09/04 12:19 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki