website_news:2017140905

លោក សុះ មុះសិន ស្នើលោក អះម៉ាត់ យ៉ះយ៉ា កុំយកព្រះវិហារ ឬសហគមន៍ ដោះស្រាយរឿងផ្ទាល់ខ្លួន ករណីពលករធ្វើការនៅអារ៉ាប់

http://www.cen.com.kh/local/ (ថ្ងៃទី 14 កញ្ញា 2017, ម៉ោង 12:51:PM) | ដោយ: កូឡាប

ភ្នំពេញ: ករណីដែលក្រុមហ៊ុនរបស់ លោក អះម៉ាត់ យ៉ះយ៉ា (Accept Group ) បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនជ្រើសរើសពលករអារ៉ាប់មួយ ដែលមានឈ្មោះថា Abdul Majeed Al Musharraf For Manpower Service ក្នុងការបញ្ជូនពលករខ្មែរទៅធ្វើការនៅអារ៉ាប់ប៊ីសាអូឌីត ត្រូវបានលោក សុះ មុះសិន រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ដែលត្រូវជាក្មួយរបស់លោក អះម៉ាត់ យ៉ះយ៉ា បានស្នើសុំដល់ពូរបស់ខ្លួនកុំយកសំណុំរឿងនេះ ទៅដោះស្រាយក្នុងព្រះវិហារ សហគមន៍ ព្រោះជារឿងឯកជន

បើតាមផេកហ្វេសប៊ុកផ្លូវការរបស់លោក សុះ មុះសិន បានថ្លែងរៀបរាប់ថា “ ១-ខ្ញុំបានអានឯកសារខាងក្រោមនេះ ច្រើនលើកច្រើនសារ ទាំងភាសាខ្មែរនិងភាសាអង់គ្លេស ហើយសូមចូលរួមសោកស្តាយជាមួយអ្វី ដែលជាសំណុំរឿង ប្តឹងផ្តល់ជាលក្ខណៈឯកជន (រវាងក្រុមហ៊ុននិងក្រុមហ៊ុន) រហូតដល់ស្នើសុំការអន្តរាគមន៍ទៅប្រមុខដឹកនាំ និងស្ថាប័នតុលាកម្ពុជា ។ ២-ករណីសំណុំរឿងនេះ មិនមែនពាក់ព័ន្ធតែករណីការនាំពលករ ឬអ្នកធ្វើការតាមផ្ទះទេ គីពាក់ព័ន្ធការសងប្រាក់ក្រុមហ៊ុន ៣-សំណុំសាច់រឿងនេះ មិនពាក់ព័ន្ធរឿងសហគមន៍ និងបក្សនយោបាយទេ ដូចនេះសូមបងប្អូនសាសនិកឥស្លាមទាំងអស់ មេត្តាកុំប្រើ ឬយកករណីនេះ ទៅភ្ជាប់នឹងករណីផ្សេង ៤-ខ្ញុំសូមអំពាវនាវលោកពូ អះម៉ាត់ យ៉ះយ៉ា ព្រោះគាត់ត្រូវជាជីដូនមួយជាមួយម្តាយខ្ញុំ មេត្តា អត់ធ្មត់ ខិតខំដោះស្រាយបព្ហាដែលកើតឡើងនេះ ដើម្បីកុំឲ្យបព្ហាកាន់តែរាលដាលធំៗ ទៅពាក់ព័ន្ធករណីជាច្រើនទៀត ដែលកើតពីអតីតកាល។ ៥-សូមលោកពូកុំប្រើប្រាស់ទីតាំងវិហារ ដើម្បីដោះស្រាយ ឬសម្ភាសន៍អី យកល្អ ដោះស្រាយនៅផ្ទះ ឬទីកន្លែងផ្សេងវិញ ដោយភាពទទួលខុសត្រូវ ។ ៦-សូមបងប្អូនបពា្ឈប់នូវការបកស្រាយ ឬឆ្លើយឆ្លងតាមបណ្តាញសង្គម ទុកការងារនេះ ទៅអ្នកមានសមត្ថកិច្ចវិញ ។ ៧-សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានបំណងទៅធ្វើការនៅក្រៅប្រទេស សូមទាក់ទងចុះឈ្មោះតាមក្រុមហ៊ុន ដែលមានច្បាប់អាជ្ញាប័ណ្ណ ទទួលស្គាល់ពីរាជរដ្ឋាភិបាល ជៀសវាងទៅតាមរយៈមេខ្យល់ ឬអ្នកស្គាល់ ហើយបព្ហានេះ អាចកើតឡើងដូចខាងលើនិងដែលបានកើតឡើង នៅបណ្តាប្រទេសនានាជាច្រើនករណី។ ខ្ញុំពិតជាមានការសោកស្តាយនូវអ្វីដែលបានកើតឡើង”។

ករណីនេះកើតឡើងដោយសារតែមានពលការិនីម្នាក់ជាជនជាតិខ្មែរឥស្លាម ម៉ាត់ សាណះ(រ៉ទស់) បានទៅធ្វើការនៅប្រទេសអារ៉ាប៊ីសាអូឌីត ហើយបានបាត់ខ្លួនរយៈពេល២០ឆ្នាំ ហើយត្រូវបានលោកអូស្មាន ហាសាន់ ជូយអន្តរាគមន៍វិលត្រឡប់មកស្រុកកំណើតវិញ។

សូមបញ្ជាក់ថា ក្រុមហ៊ុនរបស់ លោក អះម៉ាត់ យ៉ះយ៉ា (Accept Group ) បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនជ្រើសរើសពលករអារ៉ាប់មួយ ដែលមានឈ្មោះថា Abdul Majeed Al Musharraf For Manpower Service ក្នុងការបញ្ជូនពលករខ្មែរទៅធ្វើការនៅអារ៉ាប់ប៊ីសាអូឌីត ដែលខាងភាគីអារ៉ាប់ផ្តល់ជូន ខាងក្រុមហ៊ុនលោក អះម៉ាត់ យ៉ះយ៉ា ក្នុងពលករម្នាក់១.០០០ដុលា្លរអាមេរិក។ កាលនោះក្រុមហ៊ុនខាងអារ៉ាប៊ីសាអូឌីត បានផ្តល់ប្រាក់ចំនួន ៤៨៩.២៣៦,៦៥ ដុល្លារ ឲ្យលោក អះម៉ាត់ យ៉ះយ៉ា រួចហើយ។ តាមចំនួនទឹកប្រាក់ខាងលើ ក្រុមហ៊ុនលោក អះម៉ាត់ យ៉ះយ៉ា (Accept Group) ត្រូវផ្តល់ពលករទៅឲ្យក្រុមហ៊ុនខាងអារ៉ាប៊ីសាអូឌីត ចំនួន ៤៩៨នាក់ ប៉ុន្តែក្រុមហ៊ុនខាងអារ៉ាប៊ីសាអូឌីត បានទទួលពលករតែចំនួន២១០នាក់ប៉ុណ្ណោះ ពីក្រុមហ៊ុនរបស់ លោក អះម៉ាត់ យ៉ះយ៉ា។ ដោយមើលឃើញថា ក្រុមហ៊ុនលោក អះម៉ាត់ យ៉ះយ៉ា (Accept Group ) បានរំលោភលើសេចក្តីទុកចិត្ត ក្រុមហ៊ុនខាងអារ៉ាប៊ីសាអូឌីត បានសរសរសំបុត្រ សុំអន្តរាគមន៍ ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ រហូតដល់ក្រុមហ៊ុនខាងអារ៉ាប៊ីសាអូឌីត បានសរសេរសុំអន្តរគមន៍ផ្ទាល់ពីសម្តេចតេជោ ដើម្បីឲ្យសម្តេចលោកចាត់វិធានការ និងបង្វិលប្រាក់ របស់ក្រុមហ៊ុនវិញ។

ជាមួយគ្នានេះ ក្រុមហ៊ុនខាងអារ៉ាប៊ីសាអូឌីត បានសរសេរលិខិតប្តឹងក្រុហ៊ុនលោក អះម៉ាត់ យ៉ះយ៉ា (Accept Group ) ទៅតុលាការកម្ពុជា ដើម្បីទាមទារប្រាក់មកវិញ។ ជាលទ្ធផល សាលក្រមលេខ ៧៤ ឈ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១០ តុលាការបានសម្រេចបង្គាប់ឲ្យ ឈ្មោះ អះម៉ាត់ យ៉ះយ៉ា សងប្រាក់ចំនួន ២១៩.២៣៦,៦៥ ដុល្លារ និងសំណងខូតខាត រួមទាំងជំងឺចិត្តចំនួន ២០.០០០ដុល្លារ ប៉ុន្តែលោក អះម៉ាត់ យ៉ះយ៉ា មិនសងប្រាក់ទៅក្រុមហ៊ុនខាងអារ៉ាប៊ីសាអូឌីត តាមបង្គាប់របស់តុលាការទេ។

ដោយហេតុដូចបានរៀបរាប់ខាងលើនេះហើយ ទើបបានជាក្រុមហ៊ុនខាងអារ៉ាប់ បានខឹងនឹងលោក អះម៉ាត់ យ៉ះយ៉ា ដោយពួកគេបានទុកពលករទាំងនោះចោល លែងលែងខ្វល់ខ្វាយ រហូតបាត់ខ្លួនជាច្រើននាក់ និងត្រូវគេជិះជាន់កម្លាំងពលកម្មរាប់សិបឆ្នាំ ដោយមិនទទួលបានប្រាក់កម្រៃ។ ប្រមុខរដ្ឋស្តីទីសម្តេចវិបុលសេនា សាយ ឈុំ ក្នុងនាមព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ បញ្ចប់ តំណែងលោក អះម៉ាត់ យ៉ះយ៉ា ពីរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ទាក់ទងនឹងការបញ្ជូនស្ត្រីខ្មែរឥស្លាម ទៅប្រទេសអារ៉ាប់ ដោយមិនទទួលខុសត្រូវ និងពាក់ព័ន្ធនឹងការសង់វិហារខ្មែរឥស្លាមនៅបឹងកក់ ។

លោក អះម៉ាត់ យ៉ះយ៉ា អតីតសមាជិកគណបក្ស សម រង្ស៊ី បន្ទាប់មកក៏បានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា។ ក្នុងតំណែងជាសមាជិកគណបក្សប្រជាជនកម្ពុជានេះ នាពេលកន្លងមក លោកបានធ្វើសកម្មភាពប្រឆាំង ទៅនឹងការអភិវឌ្ឍវិហារខ្មែរឥស្លាមនៅបឹងកក់ ហើយ ឈានទៅដល់ការប៉ះទង្គិចជាមួយលោក អូស្មាន ហាស្សាន់ រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ចាប់តាំងពីពេលនោះមក បានធ្វើឲ្យ លោក អះម៉ាត់ យ៉ះយ៉ា ក្លាយជាគូប្រឈម ជាមួយឧកញ៉ា អូស្មាន ហាស្សាន់ រវាងពូនិងក្មួយ ទៅលើផលប្រយោជន៍នៃការអភិវឌ្ឍវិហារខ្មែរឥស្លាមក្នុងទឹកដីបឹងកក់ ៕

website_news/2017140905.txt · Last modified: 2017/09/14 15:50 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki