website_news:2017141101

ពលរដ្ឋកម្ពុជាទៅធ្វើការនៅថៃជាងមួយលាននាក់ ទាំងស្របច្បាប់និងមិនស្របច្បាប់

http://www.rasmeinews.com/ November 14, 2017

(ភ្នំពេញ)៖ លោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទរយៈពេល១០ខែ ឆ្នាំ២០១៧ កាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងមហាផ្ទៃ។ លោកស្រី ជូ ប៊ុនអេង មានប្រសាសន៍ថា រយៈពេល១០ខែ ឆ្នាំ២០១៧ នេះ ស្ថានភាពជួញដូរមនុស្ស និងអំពើអាជីវកម្មផ្លូវភេទ ត្រូវបានរកឃើញជាបន្តបន្ទាប់ គួរឲ្យកត់សម្គាល់។ មិនតែប៉ុណ្ណោះក៏មានលេចចេញបទល្មើសជួញដូរសរីរាង្គ និងបទអន្តរការី នៃអំពើពរពោះជំនួស ដើម្បីនាំយកចេញទៅក្រៅប្រទេស ដែលជាសញ្ញាថ្មីពាក់ព័ន្ធនិងបទល្មើសរត់ពន្ធ ឬជួញដូរមនុស្សឆ្លងដែន។ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ដោះស្រាយ និងបង្ការទប់ស្កាត់ជាបន្ទាន់ ហើយចាប់ផ្តើមកសាងច្បាប់ ដើម្បីគ្រប់គ្រងសកម្មភាពពពោះជំនួសអោយបានឆាប់។លោកស្រីបញ្ជាក់ថា ការធ្វើចំណាកស្រុកឆ្លងដែន ឬទេសន្តរប្រវេសន៍ ក៏មានស្ថានភាពមិនប្រក្រតីដោយមានប្រជាពលរដ្ឋចាកចេញទៅធ្វើការនៅប្រទេសថៃរហូតដល់ជាង ១លាននាក់ ទាំងស្របច្បាប់ ទាំងមិនមានឯកសារច្បាប់ ។

នៅមានពលករជាង៣០ម៉ឺននាក់ទៀត នៅមិនទាន់មានឯកសារស្របច្បាប់នៅឡើយក្នុងប្រទេសថៃ និយាយដោយឡែក និងជារួមនៅតាមបណ្តាប្រទេសមួយចំនួន។ លទ្ធផលនៃការវាយតម្លៃពាក់កណ្តាលអាណត្តិទី១ នៃការអនុវត្តផែនការសកម្មភាពជាតិ ២០១៤-២០១៨ ដែលបានធ្វើឡើងក្នុងឆ្នាំ២០១៦ បានរកឃើញចំណុចខ្លាំង ចំណុចប្រឈម និងខ្វះខាតជាច្រើនដែលចាំបាច់ត្រូវកែលលំអរ។ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានដាក់ចេញផែនការសកម្មភាពក្នុងដំណាក់កាលទី២ (២០១៧-២០១៨) ដោយបានឆ្លើយតបទៅនិងចំណុចខ្វះខាតទាំងឡាយដែលបានរកឃើញក្នុងរបាយការណ៍វាយតម្លៃពាក់កណ្តាលអាណត្តិ នៃផែនការ។ លោកស្រីបានបន្តទៀតថា អាស្រ័យដោយមានការប្រែប្រួលគោលនយោបាយក្នុងប្រទេសថៃ ក្នុងការរឹតបន្តឹងច្បាប់អន្តោប្រវេសន៍ និងច្បាប់ការងារថៃ ពលករកម្ពុជាដែលមួយចំនួនធំ បានឆ្លងដែនចូលទៅធ្វើការដោយខុសច្បាប់ គ្មានឯកសារត្រឹមត្រូវ បានប្រឈមនឹងការបញ្ជូនត្រឡប់ជាបន្តបន្ទាប់។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានបង្ហាញឲ្យដឹងថា ពលករដែលត្រូវបានបញ្ជូនដោយអាជ្ញាធរថៃបញ្ជូនមកតាមច្រកព្រំដែន ចំនួន១៨៧៦លើក មានមនុស្សចំនួន ១១៤.៩៥៨នាក់ (ស្រី៥១.៩២៨នាក់ និងកុមារ៦.៧៣១នាក់)។ ចំណែកពលករដែលត្រូវបានបញ្ជូនដោយអាជ្ញាធរបរទេសតាមច្រកព្រំដែន មានចំនួន ២.២០៥លើក មានមនុស្សចំនួន ១១៦.០០៥នាក់ (ស្រី៥២.៣៤០នាក់ និងកុមារ៦.៧៣១នាក់) ក្នុងនោះតាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ចំនួន២៩៦លើក មនុស្សចំនួន៧៦៣នាក់ ស្រី៣៥៥នាក់៕ដោយៈ មុនីរ័ត្ន/sn

website_news/2017141101.txt · Last modified: 2017/11/14 15:26 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki