website_news:2017141207

ក្រុមអភិរក្សសត្វព្រៃថៃ ឃាត់ខ្លួនខ្មែរពីរនាក់ លួចចូលកាប់ឈើគ្រញូង

http://cambodiapolice.com/ 2:33 pm 14 ធ្នូ 2017

ប្រទេសថៃ ៖ ពលករខ្មែរចំនួនពីរនាក់ ក្នុងចំណោមគ្នីគ្នាសរុបប្រមាណជាង២០នាក់ ត្រូវបានកំលាំងចម្រុះថៃធ្វើការចាប់ខ្លួន រួមជាមួយនឹងវត្ថុតាងមួយចំនួនផងដែរ ខណៈដែលពួកគេទាំងអស់គ្នាកំពុងជញ្ជូនឈើគ្រញូងចេញពីក្នុងព្រៃ ដែលជាតំបន់ហាមឃាត់ ហើយត្រូវកំលាំងស្ទាក់ចាប់ខ្លួនតែម្តង ។ យោងតាមរបាយការណ៍ដែលយើងទទួលបានពីភាគីថៃ បានអោយដឹងថា នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ ក្រោយពីទទួលបានព័ត៌មានស្តីពីការលបលួចចូលកាប់ឈើគ្រញូងរួចមក កំលាំងចម្រុះដែលមានទាហានឈុតខ្មៅ ក្រុមទី១៣ អង្គភាពរដ្ឋបាលព្រៃឈើ កម្លាំងអភិរក្សសត្វព្រៃ ស្រុកខ្លងហាត ខេត្តស្រះកែវ បានធ្វើការជាមួយជំនាញស្រុកថាតាក់កៀប ខេត្តឆាក់ឈើងសៅ បានចុះទៅកាន់តំបន់អភិរក្សសត្វព្រៃ ភ្នំអាងឬណៃ ស្ថិតក្នុងចំណុចព្រៃចែក ក្នុងភូមិ២៥ ឃុំខ្លងតាក់ក្រៅ ស្រុកថាតាក់កៀប ដែលនៅក្នុងតំបន់ព្រំប្រទល់ខេត្តស្រះកែវ និងខេត្តឆាក់ឈើងសៅប្រទេសថៃ ។

នៅទីនោះកំលាំងចម្រុះទាំងពីរខេត្ត បានប្រទះឃើញមនុស្សមួយក្រុម ដែលពួកគេកំពុងសម្រាកនៅលើគំនរឈើគ្រញូងជាច្រើនផ្ទាំង ទើបកំលាំងសម្រុកចូលចាប់ពូកគេ ប៉ុន្តែគឺបានតែពីរនាក់ប៉ុណ្ណោះ ដែលជាជនជាតិខ្មែរ ក្រៅពីនេះពួកគេបានរត់គេចខ្លួនចូលព្រៃបាត់ស្រមោលតែម្តង ។ ជនសង្ស័យទាំងពីរនាក់ដែលក្រុមចម្រុះថៃចាប់ខ្លួនបានសារភាពថា ពួកគេនឹងបក្ខពួកសរុបចំនួន២១នាក់ បានលបឆ្លងដែនតាមច្រកមួយចំនួនក្បែផ្សាររោងក្លឿ ស្រុកអារញ្ញហើយត្រូវបានជនជាតិថៃចំនួនពីរនាក់ ជាអ្នកនាំផ្លូវចូលទៅតាមចំណុច ខ្លងឧត្តម ឃុំវ៉ាំងថង ស្រុកវ៉ាំងសំបូរណ៍ ខេត្តស្រះកែវ ដើម្បីស៊ីឈ្នួលកាប់ឈើគ្រញូង លុះពេលចេញមកវិញក៏ត្រូវថៃចាប់ខ្លួនតែម្តង ។ បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ រួមជាមួយនឹងឈើគ្រញូងចំនួន៣០ផ្ទាំង ត្រូវបានកំលាំងជំនាញនាំយកទៅកាន់ស្នាក់ការរបស់គេដើម្បីធ្វើការសាកសួរបន្ត ៕

website_news/2017141207.txt · Last modified: 2017/12/14 15:54 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki