website_news:2017150202

កុមារីម្នាក់ត្រូវបានរំលោភយ៉ាងព្រៃផ្សៃក្នុងរោងចក្រឥដ្ឋ

http://www.postkhmer.com Tue, 14 February 2017 ម៉ិច ដារ៉ា and Erin Handley

ភ្នំពេញ: បុរសម្នាក់ត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងករណីរំលោភយ៉ាងព្រៃផ្សៃទៅលើក្មេងស្រីអាយុ ១២ ឆ្នាំ ដែលធ្វើការនៅក្នុងរោងចក្រឥដ្ឋមួយជាមួយគាត់ក្នុងខេត្តកំពង់ធំ ហើយទន្ទឹមនេះដែរ ក្រុមអង្គការសិទ្ធិកុមារបានអំពាវនាវជាថ្មីទៀតឲ្យមានការបញ្ចប់ការប្រើប្រាស់ពលកម្មកុមារនៅកន្លែងប្រកបដោយគ្រោះថ្នាក់នេះ។

ការវាយប្រហារយ៉ាងរន្ធត់នេះបានកើតឡើង ២ ខែបន្ទាប់ពីអង្គការលីកាដូ ដែលជាអង្គការសិទ្ធិមនុស្សបានចេញការសិក្សាស្រាវជ្រាវមួយដែលបង្ហាញអំពីពលកម្មកុមារទូទាំងប្រទេស និងការចងកម្មករតាមរយៈការឲ្យលុយខ្ចីមុនជាបំណុលនៅតាមរោងចក្រនានាក្នុងប្រទេសកម្ពុជា ប៉ុន្តែរបាយការណ៍នេះត្រូវបានច្រានចោលភ្លាមៗដោយក្រសួងការងារ។

លោក សួស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថនៃការិយាល័យ ៩០៦ ក្នុងស្រុកសន្ទុកបានថ្លែងឲ្យដឹងកាលពីថ្ងៃម្សិលមិញថាកម្មកររោងចក្រឥដ្ឋឈ្មោះ ផន ឌី អាយុ ២០ ឆ្នាំ ត្រូវបានចាប់ខ្លួនបន្ទាប់ពីមានការយំពីក្មេងស្រីរងគ្រោះដែលបានធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិនានាក្នុងឃុំកាកក់។ ជនរងគ្រោះបានហូរឈាមបន្ទាប់ពីការរំលោភនៅម៉ោង ១០ យប់ថ្ងៃសៅរ៍។ លោក សុវណ្ណ បានថ្លែងថា៖ «បើតាមការសារភាពរបស់គាត់ ជនសង្ស័យបានរឹតកក្មេងស្រីរងគ្រោះ ហើយរំលោភនាង»។ «ប្រសិនបើនាងស្រែក គាត់នឹងសម្លាប់នាង»។

ម្តាយជនរងគ្រោះដែលសុំមិនបញ្ចេញឈ្មោះ បានថ្លែងថាគាត់ជំពាក់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេអឹមខេ ហើយកូនស្រីរបស់អ្នកស្រីត្រូវការធ្វើការដើម្បីជួយចំណាយលើថ្លៃរៀនសូត្រ។អ្នកស្រីបានថ្លែងថា៖ «ដោយសារគ្រួសាររបស់ខ្ញុំក្រ ខ្ញុំត្រូវតែបញ្ជូននាងទៅធ្វើការ បើទោះបីជាថៅកែមិនត្រូវបានអនុញ្ញាត [ឲ្យជួយនាងក៏ដោយ] ដូច្នេះយើងអាចឲ្យនាងទៅរៀនថ្នាក់ទីបួន»។ អ្នកស្រីបន្ថែមថាមានក្មេងៗប្រមាណ ១០ នាក់ដទៃទៀតកំពុងធ្វើការនៅកន្លែងនោះ។ «ចំពោះខ្ញុំ ខ្ញុំចាស់ ហើយប្តីរបស់ខ្ញុំឈឺ ហើយនៅពេលនាងធ្វើការ នាងអាចរកចំណូលបាន ១០០០០ ទៅ ២០០០០ រៀល (២,៥០ ទៅ ៥ ដុល្លារ) [ក្នុងមួយថ្ងៃ] និងដើម្បីជួយគ្រួសារ»។ អ្នកស្រីបានថ្លែងថាកូនស្រីរបស់អ្នកស្រីត្រូវបានរំលោភនៅពេលនាងកំពុងដេកនៅផ្ទះដែលមានចម្ងាយប្រហែល ៥០ ម៉ែត្រពីរោងចក្រឡឥដ្ឋ។

អ្នកនាំពាក្យសាលាដំបូងខេត្តលោក សាយ ណូរ៉ា បានថ្លែងថា ឌី ត្រូវបានចោទប្រកាន់តាមមាត្រា ២៤១ ដែលទោសជាប់ពន្ធនាគារអតិបរមាមានចំនួន ១៥ ឆ្នាំ។

លោកស្រី Iman Mooroka អ្នកនាំពាក្យនៅអង្គការសិទ្ធិកុមារ UNICEF បានថ្លែងថាការងារខុសច្បាប់ «រារាំងកុមារមិនឲ្យមានភាពជាកុមារ និងប៉ះពាល់អវិជ្ជមានទៅលើការអភិវឌ្ឍផ្នែករាងកាយ បញ្ញា និងសង្គមរបស់ពួកគេ»។ លោកស្រីបានថ្លែងតាមអ៊ីមែលថា៖ «វាមិនត្រឹមតែធ្វើឲ្យកុមារស្ថិតនៅក្នុងហានិភ័យនៃការរំលោភបំពានផ្លូវភេទទេ ប៉ុន្តែថែមទាំងការកេងប្រវ័ញ្ច និងការប៉ះពាល់ដទៃៗទៀត»។ «ជនល្មើសនៃអំពើហិង្សាផ្លូវភេទ និងអ្នកដែលបំពានច្បាប់ស្តីពីការងារ ការដាក់កុមារនៅក្នុងរបៀបដែលប៉ះពាល់ដល់ពួកគេ ត្រូវបាននាំយកទៅកាត់ទោសហើយការប្រឹក្សាយោបល់សមស្រប ការគាំពារ និងការគាំទ្រគួរត្រូវបានផ្តល់ឲ្យទៅក្មេងស្រី និងគ្រួសាររបស់នាង»។

មន្រ្តីនគរបាលឃុំកាកក់ម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ បានថ្លែងឲ្យដឹងថាជនល្មើសបានប៉ុនប៉ងរំលោភនាងកាលពីអតីតកាល ប៉ុន្តែករណីនេះត្រូវបានដោះស្រាយដោយសំណងចំនួន ១០០ ដុល្លារ។ មន្រ្តីនគរបាលរូបនេះបានបន្ថែមថាម្ចាស់រោងចក្រឥដ្ឋដែលមិនអាចទាក់ទងសុំអត្ថាធិប្បាយបាន បានបដិសេធមិនឲ្យកុមារធ្វើការឲ្យគាត់ទេ។

អ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ កំពុងនៅបរទេស និងមិនអាចធ្វើអត្ថាធិប្បាយបានកាលពីម្សិលមិញ ប៉ុន្តែបានចង្អុលបង្ហាញថាក្រសួងនឹងប្រារព្ធកិច្ចប្រជុំមួយ ហើយចេញរបាយការណ៍ ស្តីពីបញ្ហាពលកម្មកុមារនៅថ្ងៃពុធ។

ក្នុងចំណោមកុមារបួនលាននាក់ដែលមានអាយុចន្លោះពី ៥ ទៅ ១៧ ឆ្នាំក្នុងប្រទេសកម្ពុជា កុមារប្រមាណ ១១ ភាគរយ ឬ ៤៤០ ០០០ នាក់កំពុងធ្វើការងារជាកម្មករកុមារ។ នេះបើតាមតួលេខរបស់អង្គការពលកម្មអន្តរជាតិឆ្នាំ ២០១២។ រដ្ឋាភិបាលបានអះអាងថាតួលេខនេះបានធ្លាក់ចុះដល់ ៨,៧ ភាគរយក្នុងឆ្នាំ ២០១៥ ហើយពួកគេកំពុងមានគោលបំណងឲ្យធ្លាក់ដល់សូន្យត្រឹមឆ្នាំ ២០២៥៕ PS

website_news/2017150202.txt · Last modified: 2017/02/15 12:09 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki