website_news:2017150203

អគ្គស្នងការនគរបាលជាតិ៖ ឆ្នាំ២០១៦ ការបង្ក្រាបបទល្មើស នៃអំពើអាជីវកម្មផ្លូវភេទ និងពលករចំណាកស្រុក ថយចុះ

http://www.cen.com.kh/local (ថ្ងៃទី 15 កុម្ភៈ 2017, ម៉ោង 10:04:AM) | ដោយ: កូឡាប

ភ្នំពេញ: អគ្គស្នងការនគរបាលជាតិ លោកនាយឧត្តមសេនីយ៍ នេត សាវឿន ថ្លែងថា ក្នុងឆ្នាំ២០១៦ កន្លងទៅនេះ តាមរយៈលទ្ធផល នៃការបង្ក្រាប ឃើញថា បទល្មើសនៃ អំពើអាជីវកម្មផ្លូវភេទ មានការថយចុះ ចំនួន ១៨ករណី ស្មើនឹង ១៩,១៤៨ ភាគរយ និងពលករចំណាកស្រុក ថយចុះ ១៣២.៣១២នាក់ ស្មើនឹង ២៩,៣៤ភាគរយ។

នៅក្នុងពិធីបិទកិច្ចប្រជុំបូកសរុប ដំណើរការចំណុចខ្ពស់ វាយលុកបង្ក្រាប បទល្មើសជួញដូរ មនុស្សឆ្លងដែន រវាង កម្ពុជា -វៀតណាម -ឡាវ នារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នៅសណ្ឋាគារភ្នំពេញ លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍ថា អំពើជួញដូរ និងរត់ពន្ធមនុស្ស គឺជាបទឧក្រិដ្ឋ ដែលមានខ្សែរយៈ បណ្តាញ ស្ទើរតែគ្រប់តំបន់ និងបានពង្រីកភូមិសាស្ត្រ ធ្វើសកម្មភាពកាន់តែធំ ប្រកបដោយល្បិចកល ស្មុគ្រស្មាញ ដែលត្រូវបានពិភពលោក ចាត់ទុកជាប្រភេទ បទល្មើសឧក្រិដ្ឋ ដែលបង្កើតបញ្ហាប្រឈម ជាសកល។

តាមទិន្នន័យប៉ាន់ស្មាន របស់អង្គការពលកម្មអន្តរជាតិ (ILO) មានជនរងគ្រោះ ដោយអំពើជួញដូរ ប្រមាណ ២១លាននាក់ រួមទាំងជនរងគ្រោះ ពីប្រទេសកម្ពុជា វៀតណាម ឡាវ ផងដែរ។ ចំពោះផលប្រយោជន៍ ដែលពួកឧក្រិដ្ឋជន ទទួលបានពី អំពើជួញដូរនេះ ប្រមាណ ១៥០ កោដិដុល្លារ ក្នុងមួយឆ្នាំ ក្នុងនោះ ៦៨ ភាគរយ ជាអំពើជួញដូរ កម្លាំងពលកម្ម ដោយបង្ខំ និងក្រៅពីនេះ ជាអំពើជួញដូរ បម្រើឲ្យអាជីវកម្មផ្លូវភេទ។ លោកនាយឧត្តមសេនីយ៍ នេត សាវឿន បញ្ជាក់ថា កិច្ចប្រជុំលើកទី៣នេះ បានឆ្លុះបញ្ចាំង ឲ្យឃើញនូវកិច្ច សហប្រតិបត្តិការ រវាងអង្គភាពជំនាញ នៃប្រទេសទាំងបី កម្ពុជា-វៀតណាម-ឡាវ ដែលក្នុងនោះបានកត់ សម្គាល់ឃើញថា ការរៀបចំពង្រឹងយន្តការ ទំនាក់ទំនងផ្លាស់ប្តូរព័ត៌មាន ឲ្យគ្នាទៅវិញទៅមក បានទាន់ពេលវេលា គឺជាវិធានការ ដែលមានអាទិភាពខ្ពស់ អាចឆ្លើយតប ប្រកបដោយប្រសិទ្ធភាព ទៅតាមសំណូមពរ នៃការបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើស និងការជួយសង្គ្រោះ ជនរងគ្រោះ។

ក្នុងឱកាសនោះ លោកនាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានជំរុញឲ្យប្រទេសទាំងបី ត្រូវបន្តពង្រឹងកិច្ច សហប្រតិបត្តិការ ផ្លាស់ប្តូរព័ត៌មាន ទៅវិញទៅមក តាមរយៈយន្តការ ដែលមានស្រាប់, ពង្រឹងសកម្មភាពត្រួតពិនិត្យ តាមច្រកព្រំដែន សំដៅទប់ស្កាត់ ឲ្យបាននូវលំហូរចេញចូល ដោយខុសច្បាប់ ក្នុងការរត់ពន្ធ និងជួញដូរមនុស្ស, បង្កើនសមត្ថភាព របស់មន្ត្រីអនុវត្តច្បាប់ តាមរយៈការជួយគ្នា ទៅវិញទៅមក ក្នុងការផ្លាស់ប្តូរបទពិសោធន៍ ការ បណ្តុះបណ្តាល បំប៉នជំនាញ និងបន្តការផ្លាស់ប្តូរ កិច្ចប្រជុំតាមការកំណត់, ត្រូវរៀបចំក្រុម ប្រចាំការអចិន្ត្រៃយ៍ រៀងៗខ្លួន ដើម្បីត្រៀមសហការដោះស្រាយ ហេតុការណ៍បន្ទាន់នានា ពាក់ព័ន្ធការប្រឆាំងនឹង អំពើជួញដូរមនុស្ស ឆ្លងកាត់ព្រំដែន នៃប្រទេសទាំងបី ដោយផ្តល់ឲ្យគ្នា ទៅវិញទៅមក នូវអាស័យដ្ឋានទំនាក់ទំនង, ត្រូវសហការជា មួយអាជ្ញាធរដែនដី ជាពិសេសតំបន់ជាប់ព្រំដែន ដើម្បីអប់រំប្រជាពលរដ្ឋ ឲ្យជ្រួតជ្រាបយល់ដឹង ពីផលប៉ះពាល់ នៃគ្រោះថ្នាក់ ក៏ដូចជាល្បិចកល របស់ពួកឧក្រិដ្ឋជន ឬមេខ្យល់ជួញដូរមនុស្ស។

ក្នុងឱកាសនោះដែរ ភាគីទាំងបី ក៏បានចុះនូវអនុស្សរណៈ នៃការយោគយល់គ្នា ក្នុងការបង្កើនកិច្ចសហប្រតិបត្តិ ការប្រយុទ្ធប្រឆាំង អំពើជួញដូរឆ្លងដែនផងដែរ ៕N/S

website_news/2017150203.txt · Last modified: 2017/02/15 16:46 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki