website_news:2017150204

ឆ្នាំ២០១៦ ថៃបញ្ជូនអតីតអ្នកទោសខ្មែរជាង២០០នាក់ និងពលករខុសច្បាប់៣ម៉ឺននាក់ មកកម្ពុជាវិញ

http://ann.com.kh/blog/detail ដោយ: ម៉ា សុភាព ថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧

ប៉ោយប៉ែត៖ ក្នុងឆ្នាំ២០១៦ សមត្ថកិច្ចថៃបានបញ្ជូនអតីតអ្នកទោសជនជាតិកម្ពុជាដែលទើបអនុវត្តទោសក្នុងពន្ធនាគារចប់សព្វគ្រប់ជាង២៥០នាក់ ក្នុងនោះមានអ្នកទោសជាប់ឃុំ២៥ឆ្នាំ ឬមួយជីវិតមួយចំនួន និងពលករឆ្លងដែនខុសច្បាប់ជាង៣ម៉ឺននាក់ បញ្ជូនមកកម្ពុជាវិញ។

អ្នកស្រី ស៊ិន ណាំយ៉ុង អ្នកស្រង់ទិន្នន័យពលករខ្មែរត្រឡប់ពីប្រទេសថៃនៅស្នាក់ការផ្សារមង្គលព្រំដែនអន្តរជាតិប៉ោយប៉ែត បានប្រាប់ឲ្យដឹងកាលថ្ងៃទី១៤ កុម្ភ ម្សិលមិញថា ឆ្នាំ២០១៦ កន្លងមក អាជ្ញាធរមានសមត្ថកិច្ចថៃបានបញ្ជូនអតីតទណ្ឌិតជនជាតិខ្មែរដែលអនុវត្តទោសចប់ស្ថាពរ មកកាន់មាតុភូមិកម្ពុជាវិញចំនួន២៥៤នាក់ ក្នុងនោះស្រី៧០នាក់។ ចំណែកអ្នកទោសកម្រិតធ្ងន់ដែលជាប់ពន្ធនាគារពី២០ទៅ២៥ឆ្នាំមានចំនួន៤នាក់។ អ្នកស្រីថា អតីតអ្នកទោសជនជាតិខ្មែរ៤នាក់ដែលជាប់ពន្ធនាគារ២៥ឆ្នាំ ក្រោយកាត់ទោសទាំងនោះរួមមាន ១-ឈ្មោះ មាត យី ភេទស្រី អាយុ៦៤ឆ្នាំ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន២ម៉ឺនគ្រាប់។ ទី២-ឈ្មោះ សុគន្ធា ភេទស្រី អាយុ៤៥ឆ្នាំ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន១៨.០០០គ្រាប់។ ទី៣-ឈ្មោះ ឌី សុវណ្ណា ភេទប្រុស អាយុ៥៤ឆ្នាំ និងទី៤ ជា ដេត ភេទប្រុស អាយុ៤៨ឆ្នាំ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ៦ម៉ឺនគ្រាប់។ អ្នកស្រីបន្តថា ចំពោះអតីតអ្នកទោសជនជាតិខ្មែរដែលថៃបញ្ជូនមកនៅដើមឆ្នាំ២០១៧នេះ មានដល់ចំនួន១១៧នាក់ តែអតីតអ្នកទោសភាគច្រើនជាប់ពន្ធនាគារពី១ទៅ៥ឆ្នាំប៉ុណ្ណោះ។

លោកវរសេនីយ៍ សេម មករា នាយរងប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក៏បានឲ្យដឹងដែរថា អង្គភាពលែងទទួលពលករខ្មែរត្រឡប់ពីថៃមកវិញតាំងពីឆ្នាំ២០១៣មកម្ល៉េះ ពោលគឺតាំងពិរដ្ឋាភិបាលយោធាថៃរបស់លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចារ បើកយុទ្ធនាការបោសសម្អាតពលករបរទេស រាប់ទាំងពលករខ្មែរនៅខែមិថុនាឆ្នាំ២០១៣មក។ លោកថា ពលករខ្មែរបញ្ជូនពីថៃមកត្រូវចុះនៅកន្លែងមួយក្នុងផ្សារមង្គល ក្រុងប៉ោយប៉ែត ដូច្នេះទិន្នន័យ និងសមាសភាពពលករ សមត្ថកិច្ចមិនបានធ្វើសម្រង់ និងសម្ភាសន៍ដូចមុនឡើយ។

បើទោះយ៉ាងណាក៏ដោយ មន្ត្រីសិទ្ធិមនុស្សក៏បានស្នើសុំឲ្យមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ច យកចិត្តទុកដាក់បន្ថែមលើការស្រង់ទិន្នន័យ និងស្វាគមន៍ផ្តល់កម្លាំងចិត្ត ជួយរកការងារឲ្យពលករខ្មែរ ពិសេសអតីតអ្នកទោស ដែលបានត្រឡប់មកដល់កម្ពជាវិញ ដើម្បីឲ្យពួកគាត់មានការងារមុខរបរ ត្រឹមត្រូវ៕

website_news/2017150204.txt · Last modified: 2017/02/15 16:36 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki