website_news:2017150207

កម្ពុជាព្រមានអាមេរិកជាថ្មីអំពីការបញ្ជូនពលរដ្ឋកម្ពុជាត្រឡប់មកវិញ

http://wmc.org.kh/archives ដោយ៖ កែវ សុខា | ថ្ងៃទី 14 កុម្ភៈ 2017 | ម៉ោង 4:55 PM

ភ្នំពេញ ៖ នៅមិនទាន់មានការចាប់ផ្តើមការចរចាថ្មីណាមួយរវាងភាគីកម្ពុជា និងសហរដ្ឋអាមេរិកជុំវិញសំណុំរឿងបញ្ជូនពលរដ្ឋកម្ពុជាមកកាន់មាតុភូមិកំណើតវិញ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានព្រមានខ្លាំងៗនៅថ្ងៃនេះពីការឈប់ទទួលយកពួកគេបន្ថែមទៀត បើសិនគ្មានការជជែកគ្នាអំពីគោលការណ៍ឡើងវិញ។

ប្រទេសកម្ពុជាបានព្រមានឈប់ទទួលយកពលរដ្ឋកម្ពុជា ដែលជាប់ទោសឧក្រិដ្ឋពីសហរដ្ឋអាមេរិកវិញ ខណៈដែលសំណើរសុំការចរចាអំពីបញ្ហានេះកំពុងនៅស្ងៀមស្ងាត់។

លោកនាយឧត្តមសេនីយ៍ ខៀវ សុភគ័ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានប្រាប់វិទ្យុស្ត្រីនៅថ្ងៃអង្គារទី១៤ កុម្ភៈនេះថា ប្រទេសកម្ពុជាទំនងជាទទួលយកពលរដ្ឋកម្ពុជាពីសហរដ្ឋអាមេរិកត្រឹមតែចំនួន៣៦នាក់តែប៉ុណ្ណោះ ហើយចំនួននេះនឹងក្លាយជាចំនួនជនជាតិកម្ពុជាចុងក្រោយដែលនឹងត្រូវបញ្ជូនត្រឡប់មកកាន់ប្រទេសកម្ពុជា ប្រសិនបើមិនមានការចរចាថ្មីណាមួយកើតឡើងនោះ។ «ចុងក្រោយនេះរាជរដ្ឋាភិបាលសំរេចទទួលត្រឹមតែ ៣៦នាក់ទៀតទេ។ គឺជាលើកចុងក្រោយហើយ។ ហើយបើសិនជាគ្មានការចរចាគ្នាទៀតទេ យើងលែងទទួលទៀតហើយ។»

កាលពីសប្តាហ៍មុនទាំងមន្ត្រីរដ្ឋាភិបាល ទាំងអ្នកនាំពាក្យស្ថានទូតអាមេរិកសុទ្ធតែបានបញ្ជាក់ថា ប្រទេសកម្ពុជាបានដាក់សំណើសុំចរចាអំពីការធ្វើមាតុភូមិនិវត្តន៍ នៃពលរដ្ឋកម្ពុជាពីសហរដ្ឋអាមេរិកវិញ។ពលរដ្ឋទាំងនេះនឹងត្រូវបញ្ជូនមកកាន់កម្ពុជាក្រោយពីពួកគេត្រូវចោទប្រកាន់ពីការប្រព្រឹត្តិបទល្មើសឧក្រិដ្ឋ។ ការស្នើសុំចរចារបស់កម្ពុជាក្នុងសំណុំរឿងនេះដោយសារតែកម្ពុជាកត់សំគាល់ឃើញថា ការធ្វើមាតុភូមិនិវត្តរបស់ពលរដ្ឋជាប់ចោទទាំងនោះក្នុងពេលកន្លងមកមិនអនុលោមតាមគោលការណ៍ស្មគ្រចិត្តដូចដែលចែងក្នុងកិច្ចព្រមព្រាងទ្វេភាគីនោះទេ។ មួយវិញទៀតពលរដ្ឋដែលបានមកដល់កម្ពុជាហើយមិនពេញចិត្តក្នុងការចាប់បញ្ជូនពួកគេត្រឡប់មកប្រទេសកំណើតវិញនោះទេ ហើយពួកគេមានការសោកស្តាយក្នុងការវិលត្រឡប់មកកាន់ស្រុកកំណើតវិញ។

លោកនាយឧត្តមសេនីយ៍ ខៀវ សុភគ័ មានប្រសាសន៍ថាតាមធម្មតាក្នុងទំនាក់ទំនងទ្វេភាគី បើកាលណាមានភាគីណាមួយស្នើសុំចរចា នោះភាគីម្ខាងទៀតគួរលៃលករកពេលវេលាសមសម្របសំរាប់ការជួបពិភាក្សាគ្នា។ ប៉ុន្តែរហូតមកទល់ពេលនេះខាងភាគីកម្ពុជានៅមិនទាន់ទទួលបានចម្លើយពីភាគីអាមេរិកទេ។

ក្នុងចម្លើយតាមសារអេឡិចត្រូនិក ឬអ៊ីម៉ែលនៅថ្ងៃនេះដែរ អ្នកនាំពាក្យស្ថានទូតអាមេរិកលោក ជេ រ៉ាម៉េន (Jay Raman) មិនបានឆ្លើយតបចំៗទៅនឹងជំហររបស់រដ្ឋាភិបាលកម្ពុជានោះទេ។ ប៉ុន្តែលោកបញ្ជាក់ឡើងវិញថា៖«យើងបន្តធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជាជុំវិញការធ្វើមាតុភូមិនិវត្តរបស់ជនជាតិរបស់ប្រទេសនេះ។»

យ៉ាងណាក៏ដោយអ្នកនាំពាក្យដដែលគូសបញ្ជាក់ថា៖ «សហរដ្ឋអាមេរិកជឿថា ប្រទេស និមួយៗមានកាតព្វកិច្ចក្រោមច្បាប់អន្តរជាតិក្នុងការទទួល យកការវិលត្រឡប់មកវិញនៃប្រជាជាតិរបស់ខ្លួនដែលរស់នៅមិនត្រឹមត្រូវតាមច្បាប់នៅសហរដ្ឋអាមេរិក។»

រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអាមេរិក បានចុះកិច្ចព្រមព្រៀងបញ្ជូន និងទទួលយកពលរដ្ឋខ្មែរ កាលពីឆ្នាំ ២០០២។ យោងតាមកិច្ចព្រម ព្រៀងនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងបញ្ជូនពលរដ្ឋខ្មែរណាដែលប្រព្រឹត្តល្មើសឱ្យត្រឡប់មកមាតុភូមិវិញ។ ហើយរហូតមកទល់ពេលនេះប្រទេសកម្ពុជា បានទទួលយកពលរដ្ឋកម្ពុជាដែលត្រូវបញ្ជូនចេញពីសហរដ្ឋអាមេរិកចំនួន ៥០០នាក់ហើយ៕

website_news/2017150207.txt · Last modified: 2017/02/15 16:33 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki