website_news:2017150208

ពលរដ្ឋខ្មែររងគ្រោះ ២៨នាក់ នៅវៀតណាម និងម៉ាឡេស៊ី បានមកដល់កម្ពុជា

http://dap-news.com/kh អង្គារ, ១៤ កុម្ភៈ ២០១៧ 16:49 ដោយ: ខា ដា ID:049

ភ្នំពេញ៖ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងហូជីមិញ និងប្រទេសម៉ាឡេស៊ី បានសហការជាមួយអាជ្ញាធរនៃប្រទេសទាំងពីររៀបចំមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរចំនួន២៨នាក់ ពីប្រទេសវៀតណាម និងប្រទេសម៉ាឡេស៊ី ។

យោងតាមសេចក្ដីជូនព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី១៤ កុម្ភៈនេះ បានឲ្យដឹងថា ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងហូជីមិញ សហការជាមួយអាជ្ញាធរវៀតណាម បានរៀបចំមាតុភូមិនិវត្តន៍ ពលរដ្ឋខ្មែរចំនួន ២៧នាក់ (ស្រី១០នាក់ និងកុមារ ១៧នាក់) មកពីស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដែលចូលទៅសុំទាន និងលក់ឆ្នោតខុសច្បាប់ ក្នុងខេត្តទៀនយ៉ាង ។ ពួកគេទាំង ២៧នាក់ បានត្រឡប់មកដល់កម្ពុជា នៅព្រឹកថ្ងៃទី១៤ កុម្ភៈ តាមច្រកទ្វារព្រំដែន អន្តរជាតិវប៊ិញហៀប-ព្រៃវល្លិ៍ ។

ក្នុងសេចក្ដីជូនព័ត៌មានបន្តថា ចំណែកស្ថានឯកអគ្គកុងស៊ុលកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បានជួយដោះស្រាយ និងរៀបចំមាតុភូមិនិវត្តន៍ពលការិនីខ្មែរម្នាក់មានឈ្មោះ ឌ.ស.ណ អាយុ២៩ឆ្នាំ មកពីភ្នំពេញ បន្ទាប់ពីធ្វើដំណើរទៅម៉ាឡេស៊ី បំរើការងារជាអ្នកបោសសំអាត ។ ពលការិនីរូមនេះ បានមកដល់កម្ពុជា នៅម៉ោង ៧៖៥០នាទី ថ្ងៃទី១១ កុម្ភៈ ២០១៧ ។

ពាក់ព័ន្ធករណីមួយផ្សេងទៀត ក្រោយពីបានទទួល សំណើសុំអន្តរាគមន៍ ពីក្រុមគ្រួសារសាម៉ីខ្លួន ក្រសួងការបរទេសខ្មែរ បានណែនាំដល់ ស្ថានទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី ធ្វើការស្រាវជ្រាវ និងអន្តរាគមន៍ជួយដល់ពលការិនីខ្មែរ ៣នាក់ ដែលគ្រួសារអះអាងថា កំពុងជួបការលំបាក ក្នុងការងារ និងបានទូរស័ព្ទមកពួកគាត់ ដើម្បីជួយឲ្យបានត្រឡប់ មកកម្ពុជាវិញ ៕

website_news/2017150208.txt · Last modified: 2017/02/15 12:49 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki