website_news:2017150209

រដ្ឋមន្រ្តី អ៉ិត សំហេង៖ ពលករស្របច្បាប់នៅក្រៅប្រទេសមាន ១.១៥លាននាក់ ក្នុងឆ្នាំ២០១៦

http://www.freshnewsasia.com/index 2017-02-15

(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាន បញ្ជាក់ថា ក្នុងឆ្នាំ២០១៦ ពលករ-ពលការិនីកម្ពុជា ដែលចេញទៅធ្វើការ និងរស់នៅក្រៅប្រទេស មានចំនួន ១,១៥០,០០០នាក់ ដោយបានផ្ញើថវិកាជូនក្រុមគ្រួសារនៅកម្ពុជាវិញ ជាង១.៧ពាន់លាន ដុល្លារ។ ពលករទាំងនោះ កំពុងធ្វើការនៅប្រទេសមួយចំនួនដូចជា ប្រទេសថៃ កូរ៉េ ម៉ាឡេស៊ី ជប៉ុន និងសិង្ហបុរីជាដើម។

ទិន្នន័យទាំងនេះ ត្រូវបានលោករដ្ឋមន្រ្តីលើកឡើងក្នុងសន្និបាតបូកសរុបការងារ ឆ្នាំ២០១៦ និងលើកទិសដៅការងារ ឆ្នាំ២០១៧ នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីស្ដីការក្រសួងការងារ។

លោករដ្ឋមន្រ្តី អ៉ិត សំហេង បានបញ្ជាក់ថា «ឆ្នាំ២០១៦ ក្រសួងការងារបានផ្ដល់សេវាការងារ ក្រៅប្រទេស ដល់ប្រជាពលរដ្ឋ ដូចជា ប្រទេសថៃ កូរ៉េ ម៉ាឡេស៊ី ជប៉ុន និងប្រទេសដទៃទៀតបាន ជាង១.១៥លាននាក់»។ លោកបន្តថា ជាមួយនឹងចំនួនពលករ-ពលការិនី ដែលធ្វើការនៅក្រៅ ប្រទេសនោះ ពួកគាត់បានផ្ញើថវិកាជូនក្រុមគ្រួសារបាន ជាង១.៧លានដុល្លារ ក្នុងមួយឆ្នាំ ព្រមទាំង ទទួលបាននូវជំនាញវិជ្ជាជីវៈ ពេលត្រឡប់មកវិញ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ បានផ្ដល់សេវាការងារធ្វើជូនប្រជាជនតាមឃុំ-សង្កាត់ តាមរយៈទីភ្នាក់ងារមុខរបរ និងការងារ, វេទិកាការងារ និងទីភ្នាក់ងារជ្រើសរើសឯកជនស្របច្បាប់។

សូមជម្រាបថា កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ កន្លងទៅ លោក ហេង សួរ អ្នកនាំពាក្យ ក្រសួងការងារ បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា បច្ចុប្បន្ន ពលករ-ពលការិនីខ្មែរ ដែល កំពុងរស់នៅ និងបម្រើការងារនៅថៃ មានចំនួន ១,០៦០,០០០នាក់ ក្នុងនោះមានប្រជាពលរដ្ឋខ្មែរ ដែលមិនទាន់មានឯកសារត្រឹមត្រូវធ្វើការ នៅប្រទេសថៃ មានប្រហែល ៣៦០,០០០នាក់៕

website_news/2017150209.txt · Last modified: 2017/02/15 16:24 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki