website_news:2017150210

ថៃយល់ព្រមតាម សំណើរ បស់កម្ពុជា ទាក់ទងផលប្រយោជន៍ ពលករខ្មែរ

http://dap-news.com/kh ថ្ងៃពុធ, ១៥ កុម្ភៈ ២០១៧ 11:54 ដោយ: ខា ដា ID:049

ភ្នំពេញ៖ក្រុមការងារចំពោះកិច្ចរបស់ប្រទេសថៃ បានយល់ព្រមតាមការស្នើ សុំរបស់កម្ពុជា ពាក់ព័ន្ធ នឹងអត្ថប្រយោជន៍ របស់ពលករខ្មែរ ដែលបម្រើការងារនៅថៃ ដែលការយល់ព្រមនេះ ក្រោយមានកិច្ចប្រជុំរវាង លោក ហ៊ុន ម៉ាណែត អនុប្រធានគណៈកម្មការផ្តល់ភាព ស្របច្បាប់ដល់ ពលករកម្ពុជា និងលោក Sirichai Distakul រដ្ឋមន្រ្តីក្រសួងការងារថៃ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧។

យោងតាមបណ្ដាញទំនាក់ទំនងសង្គម ហ្វេសប៊ុករបស់ លោក ហេង សួរ អ្នកនាំពាក្យ ក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា នារសៀលថ្ងៃទី១៤ កុម្ភៈ នាទីស្តីការក្រសួង ការងារថៃ លោកបានដឹកនាំ ប្រតិភូក្រុមការងារ ចំពោះកិច្ចកម្ពុជា ជជែកពិភាក្សា ជាមួយក្រុម ការងារ ចំពោះកិច្ចថៃ ដើម្បីកំណត់កាលវិភាគ និងផែនការសកម្មភាព សម្រាប់អនុវត្តស្មារតី តាមការចាត់តាំងរបស់ លោករដ្ឋមន្ត្រី អ៊ិត សំហេង ប្រធានគណៈកម្មការផ្តល់ ភាពស្របច្បាប់ ដល់ពលករ កម្ពុជានៅប្រទេសថៃ ។ លោកបន្តថា សំណើដែលភាគីថៃយល់ព្រមរួមមាន ៖ ថៃសាទរឯកភាព និងគាំទ្រងទាំងស្រុង នូវនីតិវិធីលម្អិតបន្ថែមថ្មីទាំង២ ដែលបានស្នើឡើងដោយ លោក ហ៊ុន ម៉ាណែត ក្នុងការបង្កើនល្បឿនបើកផ្តល់លិខិតឆ្លងដែន ឬលិខិតធ្វើដំណើរ និងប័ណ្ណ ពលករកម្ពុជា។ ចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧ ភាគីថៃយល់ព្រមឲ្យភាគីកម្ពុជា ចុះទៅបើកផ្តល់ ដោយផ្ទាល់ នូវលិខិតឆ្លងដែន ឬលិខិតធ្វើដំណើរ និងប័ណ្ណពលករកម្ពុជា ជូនដល់ពលករកម្ពុជា ដែលមានប័ណ្ណព័ណ៌ស៊ីជំពូរ និងកំពុងបម្រើការងារ នៅតាមរោងចក្រសហគ្រាស ដែលមាន ប្រើប្រាស់កម្លាំងពលកម្ម កម្ពុជាលើសពី ៨០នាក់ ។

លោកថា ក្នុងនោះភាគីថៃក៏យល់ព្រម តាមសំណើររបស់កម្ពុជា ដោយបញ្ជូនមន្រ្តីអន្តោ ប្រវេសន៍របស់ខ្លួន ចុះផ្តល់ទិដ្ឋាការស្នាក់នៅភ្លាមៗ ដល់ពលករកម្ពុជានៅ តាមរោងចក្រសហគ្រាស ដែលគណៈកម្មការផ្តល់ភាព ស្របច្បាប់កម្ពុជាចុះ បើកផ្តល់លិខិតឆ្លងដែន ឬលិខិតធ្វើដំណើរ និងប័ណ្ណពលករកម្ពុជា។ មុនដំណាច់ខែកុម្ភៈនេះ មន្ទីរការងារថៃប្រចាំ ខេត្តសាមុត្រប្រាកាន ឈុនបុរី ប៉ាធុមថានី ឆាក់ឈើងសាវ និងរ៉ាក់យ៉ង នឹងផ្តល់អាស័យដ្ឋានទីតាំង ការិយាល័យថ្មីដល់ភាគីកម្ពុជា ដើម្បីធ្វើការបើកផ្តល់លិខិតឆ្លងដែន ឬលិខិតធ្វើដំណើរ និងប័ណ្ណពលករកម្ពុជា ។

ដោយឡែក ចាប់ពីសប្តាហ៍ទី៣ នៃខែមីនា ឆ្នាំ២០១៧ គណៈកម្មការផ្តល់ ភាពស្របច្បាប់ កម្ពុជា នឹងចាប់ផ្តើមចុះទៅបំពេញ ការងារនៅតាម ការិយាល័យថ្មីទាំង៥ កន្លែង ។ ព្រមជាមួយគ្នា នេះ ភាគីថៃបានឯកភាព កាត់បន្ថយតម្រូវការឯកសា ដែលនិយោជកថៃ ត្រូវដាក់ជូនភាគីកម្ពុជា ពេលស្នើសុំដកសំណុំ ឯកសារតាមប្រព័ន្ធ Online (www.cambodianworker.net) ។ ភាគីទាំង២ បានឯកភាពជាលក្ខណ បច្ចេកទេសថានឹងចុះស្រង់ទិន្នន័យ និងបញ្ជាក់អត្តសញ្ញាណ ដល់ពលករ កម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃជំហានទី២ មុនដំណាច់ខែ មិថុនា ឆ្នាំ២០១៧ ៕

website_news/2017150210.txt · Last modified: 2017/02/15 16:31 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki