website_news:2017150302

ការរៀបការ និងស្មុំកូនទៅបរទេស នៅតែប្រឈមនឹងបញ្ហា

http://www.postkhmer.com Tue, 7 March 2017 តុង សុប្រាជ្ញ

វាជារឿងសោកសង្រេងមួយថ្មីក្នុងសម័យបច្ចុប្បន្ន បន្ទាប់ពីដឹងថាបាត់ដំណឹងកូនដែលត្រូវគេយកទៅចិញ្ចឹម ឬក៏កូនដែលរៀបការរួចទៅនៅបរទេស ឬក៏កូនដែលរៀបការហើយធានាទៅបរទេសមិនបាននោះ។ តើការព្រាត់ប្រាសបែបនេះមកពីការផ្សងព្រេង ឬក៏ឲ្យតម្លៃទៅបរទេសខ្លាំងពេក? បន្ទាប់ពីរបបខ្មែរក្រហមខណៈកំពុងអត់ឃ្លាន ឬគ្មានស៊ីគឺខ្មែរម្នាក់ៗខំរត់រកកន្លែងដែលមានអាហារ និងជម្រកដើម្បីរស់ដែលជាតម្រូវការចាំបាច់ដោយមិនគិតថាបរទេសណា ឬក៏កន្លែងណាទេពោលគឺធ្វើម៉េចឲ្យតែបានរស់សិន។ ចំណែកអ្នកចង់បានលើសពីនោះបើទោះបីជាត្រូវឆ្លងកាត់មហាលំបាក និងគ្រោះថ្នាក់តាមការធ្វើដំណើរកាត់ព្រៃព្រឹក្សា ចម្ការមីន ឆ្លងលួសបន្លា ឬក៏ឆ្លងទូកសមុទ្រដើម្បី «ទៅលិច» (ប្រទេសលោកខាងលិច) ដូចជាបារាំង អង់គ្លេស អាមេរិក កាណាដា អូស្ត្រាលី និងនូវែលសេឡង់ក៏ខំប្រឹងទាំងប្រថុយដែរ។ តែបច្ចុប្បន្នបញ្ហាធ្វើដំណើរហាក់លែងពិបាកដូចពីមុនហើយដោយវិធីចង់ទៅនៅស្រុកគេគឺចេញតាមរយៈរៀបការ ទៅរៀនបន្លំរស់នៅ ឬក៏សុំសិទ្ធិរស់នៅ ឬក៏តាមរយៈការស្មុំកូនចិញ្ចឹម តែមានខ្លះនៅតែប្រឈមមុខដដែលចំពោះវិធីទាំងនេះ។

ដោយសារសង្គមមួយកំពុងឲ្យតម្លៃបរទេស ឬក៏អាណិកជនខ្មែរហួសហេតុ ប្រសិនបើអ្នកបានរៀបការជាមួយជនបរទេសមិនថាប្រុស ឬក៏ស្រីទេគឺឃើញភ្លាមត្រូវបានគេឲ្យតម្លៃថាគ្រាន់បើដែលភាសាសាមញ្ញថាតោងកាលីបជនបរទេស។ រីឯអ្នកភូមិវិញក៏និយាយពីមាត់មួយទៅមាត់មួយសរសើរមិនដាច់ និងតែងខ្សឹបខ្សៀវថាធ្វើម៉េចទើបបានទៅស្រុកគេដូចអ៊ីចឹង? ចំណែកសាមីខ្លួនវិញ ខ្លះក៏ធ្វើឫកអស្ចារ្យ ខ្លះក៏គិតថាគ្មាននរណាដល់ដោយចាយលុយសុទ្ធតែដុល្លារផ្ញើលុយមកស្រុកខ្មែរដែលមើលទៅដូចជាជីវភាពធូរធារណាស់អ៊ីចឹង។ ចំណុចនេះហើយដែលធ្វើឲ្យខ្មែរខ្លះជួបគ្រោះថ្នាក់ដោយសារសម្ភារនិយម បរទេសនិយម និងអាណិកជនខ្មែរនិយមធ្វើយ៉ាងណាឲ្យតែកូនចៅខ្លួនបានទៅក្រៅនឹងគេគឺអស្ចារ្យហើយ។

ករណីទី ១) បទពិសោធការរៀបការជាមួយជនបរទេសដែលមិនបានសមប្រកបតែបែរជាធ្លាក់ក្នុងអំពើរំលោភសេពសន្ថវៈ ការជួញដូរមនុស្ស ឬការកេងប្រវ័ញ្ចពលកម្ម និងទាសករផ្លូវភេទទៅវិញហើយដាច់ទំនាក់ទំនងលែងដឹងសុខទុក្ខជាមួយក្រុមគ្រួសារនៅស្រុកខ្មែរ។ បើមើលឯកសារបណ្តឹង និងករណីស្នើសុំឲ្យរដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាលជួយអន្តរាគមន៍គឺមានច្រើនណាស់ដោយខ្លះដោះស្រាយចេញ និងខ្លះក៏បាត់ដំណឹងឈឹងធ្វើឲ្យឪពុកម្តាយនៅស្រុកខ្មែរស្រងូតស្រងាត់នឹកកូន និងសម្ដែងការសោកស្ដាយដោយថាបើដឹងអ៊ីចឹងអត់ឲ្យទៅស្រុកគេទេគឺបាក់ស្បាតតែម្តង។

ករណីទី ២) ការរៀបការជាមួយអាណិកជនខ្មែរមិនបានចេញទៅបរទេស។ ដោយសារការឲ្យតម្លៃពួកគេទើបធ្វើឲ្យអាណិកជនខ្មែរខិលខូចខ្លះមក «សៅគ្រី» នៅស្រុកខ្មែរ (មានប្រពន្ធកូនរួចហើយរកស្រីស្របច្បាប់ទៀត) ខ្លះទៀតចាស់ៗគ្រាន់តែរកនារីដើម្បីបានសប្បាយពេលពួកគេមកលេងស្រុកខ្មែរប៉ុណ្ណោះព្រោះនៅស្រុកគេពិបាករកស្រីកំដរផ្លូវភេទ។ ក្រៅពីនោះមានអ្នកខ្លះបោកដើម្បីរួមភេទជាមួយនារីខ្មែរក្នុងស្រុកតែម៉ាសប្បាយក៏ចប់ដោយគ្មានយកទៅបរទេសឯណាទេព្រោះប្រាក់ខែគាត់នៅស្រុកគេតិចពេកមិនអាចធានាប្រពន្ធកូនបាន។ ករណីអាណិកជនខ្មែរខ្លះគឺបោកបែបហ្នឹងធ្វើឲ្យស្ត្រីនៅស្រុកខ្មែរ មេម៉ាយ ខ្លះមានទាំងកូនហើយបើគេផ្ញើលុយឲ្យចាយខ្លះទៅគ្រាន់បើតែខ្លះបានដាក់មេផាយបាត់ស្រមោលតែម្តង។ ចំណែកអាណិកជនខ្មែរខ្លះយកលេសថារត់ឯកសារធានាអត់បានក៏ទុកគ្នាចោលរាប់ឆ្នាំ ឯឪពុកម្តាយខាងស្រីដើម្បីកុំឲ្យខ្មាសគេចេះតែភូតតៗថាកំពុងរត់ឯកសារតាមលេសគេនោះទៅតែតាមពិតគេមិនមកយកកូនស្រីខ្លួនផងគឺបោកសោះហ្នឹង។ ប៉ុណ្ណឹងហើយខ្លះមិនរាងចាលទៀតនៅតែឲ្យគេបោកបានដល់បច្ចុប្បន្ន។

ករណីទី ៣) កត្តាភាពក្រីក្រពេក ពិបាកចិញ្ចឹមកូនក៏ដាច់ចិត្តឲ្យគេយកទៅចិញ្ចឹមនៅក្រៅប្រទេសតាមរយៈការស្មុំកូនស្របច្បាប់ដោយកុមារខ្លះក៏បានសមប្រកបចេះនឹកគុណឪពុកម្តាយទៅ។ តែអ្នកខ្លះក្រោយពីធំធាត់នៅស្រុកគេបានត្រឹមមកលេងឪពុកម្តាយម្ដងម្កាលហើយពេលត្រឡប់ទៅវិញ ឪពុកម្តាយបានត្រឹមស្រក់ទឹកភ្នែកព្រោះតែមិនបានរស់នៅជិតកូន ព្រាត់ទាំងអាល័យ។

ដោយឡែកកុមារខ្លះទៀតត្រូវបានជនបរទេសស្មុំរួចហើយក៏បាត់ដំណឹងឈឹងធ្វើឲ្យឪពុកម្តាយនឹកបារម្ភតែពីកូនមិនដឹងសុខទុក្ខយ៉ាងណា? គឺមានតែទឹកភ្នែកស្រក់ឥតល្ហែដូចជាករណីសប្តាហ៍មុនដែលភ្នំពេញប៉ុស្តិ៍ទទួលបានព័ត៌មានថាមានគ្រួសារកម្មករចម្ការកៅស៊ូរស់នៅក្នុងភូមិពាក់ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវបានសុំអន្តរាគមន៍ពីអង្គការលីកាដូប្រចាំខេត្តរតនគិរីដើម្បីឲ្យជួយរកកូនប្រុសស្រី ៤ នាក់ដែលបានបែកគ្នាចាប់តាំងពីឆ្នាំ ២០០៨ មក។ ពួកគាត់បានផ្ញើនៅអង្គការអភិវឌ្ឍន៍កុមារ និងសហគមន៍ក្រីក្រ (SPSDO) នៅម្តុំផ្សារដីហុយក្នុងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខនៅក្នុងឆ្នាំនោះ។ លុះមួយឆ្នាំក្រោយមកមានគេសុំកូនយកទៅក្រៅប្រទេសហើយអង្គការនោះដោយមានការយល់ព្រមពីអាជ្ញាធរក៏បានបញ្ជូនពួកគេទៅតែម្តងដោយសន្យាថា ១ ឆ្នាំគេឲ្យជួបកូនម្តង តែ ៣-៤ ឆ្នាំក្រោយមកលែងបានជួបតែម្ដង។

ទាំងនេះសុទ្ធតែជារឿងសោកសៅមិនអាចបំភ្លេចបានក្នុងជីវិតតែមិនមែនជាការលេងសើចទេហេតុដូច្នេះហើយបានជាកាលពីឆ្នាំ ២០១០ រាជរដ្ឋាភិបាលបានផ្អាកជាបណ្តោះអាសន្ន ទាំងការរៀបការជាមួយបរទេស និងទាំងស្មុំកូនតែក្រោយមកបានចេញលក្ខខណ្ឌក្នុងការរៀបការឲ្យជនបរទេសបញ្ជាក់ភាពនៅលីវមិនឲ្យចាស់ពេក និងមិនមានកម្រិតជីវភាពដែលអាចទ្រទ្រង់ការចិញ្ចឹមប្រពន្ធ ឬប្តីបាន និងលក្ខខណ្ឌនៃការសុំកូនក៏តម្រូវការយល់ព្រមរវាងរដ្ឋាភិបាលទាំង ២ ផងដែរបើទោះបីជាកម្ពុជាមានច្បាប់ស្មុំកូនក៏ដោយ។

ក្រៅពីនោះរាជរដ្ឋាភិបាលក៏បានបិទទាំងស្រុងនូវមណ្ឌលកុមារកំព្រាដោយសារតែកុមាររស់នៅបែកពីឪពុកម្តាយពួកគេ។ បើមិនធ្លាប់បាក់បែកគ្នា ឬក៏ព្រាត់គ្នាទាំងក្តីស្រឡាញ់ទេនោះគឺយើងមិនដឹងពីគុណតម្លៃនៃជីវិតទេ បើប្រៀបធៀបជាមួយតម្លៃនៃការពពោះជំនួសឲ្យជនបរទេសវិញគឺទារកម្នាក់គេហ៊ានឲ្យដល់ ៥ ម៉ឺនដុល្លារឯណោះ។ (នេះគ្រាន់តែជាឧទាហរណ៍ករណីស្ត្រីបរទេស Tammy កំពុងជាប់ឃុំដោយសារជួញដូរការពពោះជំនួសឪពុកម្តាយដែលចង់បានទារកម្នាក់)។ ហេតុដូច្នេះហើយដើម្បីកាត់បន្ថយឲ្យបានជាអតិបរមានូវគ្រោះថ្នាក់តាមរយៈការរៀបការ និងការស្មុំកូននេះគឺខ្មែរត្រូវរៀនផ្ដល់តម្លៃខ្លួនឯងឲ្យច្រើនជាងបរទេសខ្លះទៅព្រោះស្រុកយើងឥឡូវក៏មិនរហេមរហាមដូចជំនាន់សង្គ្រាមធ្វើជាជនភៀសខ្លួនទេ។

រីឯអ្នកមានធូរធារហើយ បើមិនចាំបាច់ទៅជួបជុំគ្រួសារនៅបរទេសទេគឺនៅស្រុកខ្មែរហ្នឹងហើយដើម្បីកុំឲ្យជួបបញ្ហាដូចខាងលើតែបើចង់រៀបការជាមួយជនបរទេស ឬអាណិកជនខ្មែរក៏ត្រូវតែស៊ើបសួររកឯកសារ និង សិក្សាពីបុគ្គលិកលក្ខណៈអ្នកនៅស្រុកគេខ្លះដែររីឯកាតព្វកិច្ចស្មុំកូនវិញត្រូវកម្រិតប្រព័ន្ធតាមដានឲ្យបានជាក់លាក់ព្រោះពេលនេះជាសម័យបច្ចេកវិទ្យាទំនើបហើយដើម្បីចៀសវាងសកម្មភាពជួញដូរមនុស្ស និងការជួញដូរផ្លូវភេទក្រោមរូបភាពរៀបការ ឬស្មុំកូនយកទៅចិញ្ចឹម ៕

website_news/2017150302.txt · Last modified: 2017/03/15 09:42 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki