website_news:2017150306

កាដូឆ្នាំថ្មី! រដ្ឋាភិបាលថៃ អត់យកថ្លៃធ្វើដំណើរទៅស្រុកសម្រាប់ពលករកម្ពុជា,ឡាវ,មីយ៉ាន់ម៉ា

https://thmeythmey.com 15, Mar 2017 , 9:12 am

មកទល់ពេលនេះ នៅសល់មួយខែទៀតប៉ុណ្ណោះ ពិធីបុណ្យចូលឆ្នាំថ្មី ឬបុណ្យសង្ក្រាន នឹងមកដល់។ ជាកាដូអបអរឆ្នាំថ្មី រដ្ឋាភិបាលថៃ នៅថ្ងៃទី១៤ ខែមីនា បានអនុម័តយល់ព្រមក្នុងការផ្ដល់សេវាធ្វើដំណើរមិនគិតថ្លៃសម្រាប់ការធ្វើដំណើរតាមផ្លូវល្បឿនលឿនសម្រាប់យានយន្តគ្រប់ប្រភេទ។ ក្រៅពីប្រជាជនថៃ ពលករចំណាកស្រុកមកពីប្រទេសជិតខាងរបស់ថៃ ក៏ទទួលបានការផ្ដល់កាដូសម្រាប់ឆ្នាំថ្មីផងដែរ។ រដ្ឋមន្ត្រីដឹកជញ្ជូនថៃ លោក Arkhom Termpittayapaisith បាននិយាយថា គណៈរដ្ឋមន្ត្រី បានអនុញ្ញាតឲ្យនាយកដ្ឋានផ្លូវ Highways លុបចោលការបង់ថ្លៃធ្វើដំណើររវាងរាជធានីបាងកក និងខេត្តប៉ាតាយ៉ា និងផ្លូវក្រវាត់ភ្ជាប់រវាង Bang Pa-in ទៅកាន់ Bang Phli ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៨ ខែមេសា។ នេះបើយោងតាមការផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។ បន្ថែមពីលើនោះ រដ្ឋមន្ត្រីដឹកជញ្ជូនរូបនេះ ក៏និយាយដែរថា អាជ្ញាធរទទួលផ្លូវ Expressway ក៏មានគម្រោងលុបចោលយកថ្លៃសម្រាប់យានយន្តធ្វើដំណើរលើផ្លូវរវាង Bang Na និងខេត្ត Chonburi អំឡុងពេលបុណ្យចូលឆ្នាំថ្មីនេះដែរ។ ការសម្រេចចិត្តបែបនេះ ធ្វើឡើងដើម្បីសម្រួលការធ្វើដំណើរតាមដងផ្លូវក្នុងពេលឆ្នាំថ្មី ខណៈការធ្វើដំណើរក្នុងពេលនេះ នឹងកើនឡើងខ្លាំង ហើយអាចកកស្ទះជាងថ្ងៃធម្មតា។

មិនត្រឹមតែជនជាតិថៃឡើយដែលទទួលកាដូសម្រាប់ឆ្នាំថ្មី រដ្ឋាភិបាលថៃ ក៏បានលុបចោលថ្លៃធ្វើដំណើររបស់ពលកររាប់លាននាក់ ដែលកំពុងធ្វើការនៅលើទឹកដីថៃងផងដែរ។ អ្នកនាំពាក្យរដ្ឋាភិបាលថៃ Athisit Chaiyanuwat បញ្ជាក់ថា គណៈរដ្ឋមន្ត្រីបានបញ្ជាឲ្យក្រសួងមហាផ្ទៃ លុបចោលថ្លៃធ្វើដំណើរទៅលេងស្រុកកំណើតសម្រាប់ពលករមកពីប្រទេសជិតខាងចំនួន៣ គឺកម្ពុជា, ឡាវ និងមីយ៉ាន់ម៉ា។ ការលុបចោលថ្លៃធ្វើដំណើរនេះ នឹងចាប់ផ្ដើមពីថ្ងៃទី៥ ដល់ថ្ងៃទី៣០ ខែមេសា ដើម្បីអនុញ្ញាតឲ្យពលករទាំង៣ប្រទេស អាចអបអរពិធីបុណ្យចូលឆ្នាំថ្មីនៅស្រុកកំណើតរបស់ពួកដោយសប្បាយរីករាយ។ ជាមួយគ្នានោះ ប៉ូលិសអន្តោប្រវេសន៍ ក៏ទទួលបានការណែនាំមិនឲ្យយកថ្លៃធ្វើដំណើរសម្រាប់ពលករទាំងអស់ផងដែរ។ ចំណែកក្រសួងមហាផ្ទៃ ក៏នឹងសម្រួលការធ្វើដំណើររបស់ពលករ ក៏ដូចជាសមាជិកគ្រួសារពួកគេដែរ។

សូមបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មី គឺជាបុណ្យដ៏ធំមួយរបស់កម្ពុជា, ថៃ, ឡាវ និងមីយ៉ាន់ម៉ា ដែលកាន់ពុទ្ធសាសនាដូចគ្នា។ ប្រទេសទាំង៤ ប្រារព្ធពិធីបុណ្យនេះ អំឡុងខែមេសា តែខុសគ្នាត្រង់រយៈពេលនៃការប្រារព្ធ និងឈ្មោះប៉ុណ្ណោះ។ នៅកម្ពុជា ប្រជាជនខ្មែរនិយមហៅថា ពិធីបុណ្យចូលឆ្នាំថ្មី ឯថៃហៅថាបុណ្យសង្ក្រាន្ត ហើយឡាវហៅថាសង្ក្រាន្ត និងមីយ៉ាន់ម៉ាហៅថាបុណ្យ Thingyan ។ ដោយសារពិធីបុណ្យនេះប្រារព្ធក្នុងពេលដំណាលគ្នា ទើបរដ្ឋាភិបាលថៃសម្រួលការធ្វើដំណើររបស់ពលករប្រទេសជិតខាងខ្លួន៕

website_news/2017150306.txt · Last modified: 2017/03/15 14:41 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki