website_news:2017150309

អ្នកជំនាញបារម្ភពីការបាត់បង់កម្លាំងពលកម្មនៅកម្ពុជា ខណៈថៃបង្កើនប្រាក់ឈ្នួល

http://vodhotnews.com ដោយ លោក មាស មុនី | ថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០១៧

អ្នកធ្វើការខាងសិទ្ធិកម្មករ និងការងារ សំដែងក្តីបារម្ភថា កម្ពុជានឹងបាត់បង់កម្លាំងពលកម្មបន្ថែមទៀត ដោយសារតែការចំណាកស្រុកកើនឡើង ខណៈដែលប្រទេសថៃដំឡើងថ្លៃឈ្នួលកម្លាំងពលកម្ម។

ក្រសួងការងារកម្ពុជាបានឲ្យដឹង កាលពីថ្ងៃទី១៣ មីនា ថារដ្ឋាភិបាលថៃបានសម្រេចតម្លើងប្រាក់ឈ្នូលទាបបំផុតសម្រាប់កម្មករចំណាកស្រុកកម្ពុជាយ៉ាងតិចបំផុត៣០០បាត ឬស្មើនឹង១០ដុល្លាអាមេរិក្នុងមួយថ្ងៃ និងមានម៉ោងការងារត្រឹមត្រូវ ដោយបានអនុវត្តន៍តាំងពីថ្ងៃទី១ មករា ឆ្នាំ២០១៧នេះ។ បើគិតជាខែគឺកម្មករចំណាកស្រុកកម្ពុជាទៅប្រទេសថៃអាចទទួលបានប្រាក់ឈ្នួលតិចបំផុត៣០០ដុល្លារ ខណៈដែលកម្មកររោងចក្រនៅខ្មែរធ្វើការទទួលបានតិចជាងពាក់កណ្តាលស្មើ ១៥៣ដុល្លារ។

ប្រធានសហភាពការងារកម្ពុជាលោក អាត់ ធន់ យល់ថាការសម្រេចកំណត់ប្រាក់ឈ្នួលទាបបំផុតសម្រាប់ពលករចំណាកស្រុកនេះជារឿងមួយដែលល្អ ដែលថៃគួរតែធ្វើយូរមកហើយ។ តែលោកអ្វីដែលធ្វើឲ្យប៉ះពាល់ដល់កម្ពុជានោះគឺការសម្រេចនេះវាអាចទាក់ទាញដល់ប្រជាជនខ្មែរកាន់តែច្រើនធ្វើចំណាកស្រុកទៅកាន់ថៃបន្ថែមទៀត ដែលធ្វើឲ្យធនធានមនុស្សនៅកម្ពុជាកាន់តែតិច ហើយនេះហើយជាបញ្ហាដែលធ្វើឲ្យអ្នកវិនិយោគពិបាកសម្រេចមកធ្វើការរកស៊ីនៅកម្ពុជា។

ស្រដៀងគ្នាដែរប្រធានកម្មវិធីសិទ្ធិការងារនៅមជ្ឈមណ្ឌលអប់រំ ច្បាប់ សំរាប់សហគមន៍លោក ម៉ឿន តុលា មានប្រសាសន៍ថា ការសម្រេចនេះនឹងអាចទាក់ទាញពលរដ្ឋខ្មែរដែលពុំមានការងារធ្វើនៅក្នុងស្រុក ធ្វើចំណាកស្រុកទៅថៃដោយមូលហេតុ លក្ខខណ្ឌការងារដែលថៃបានផ្សព្វផ្សាយល្អ និងទទួលបានប្រាក់ខែខ្ពស់ជាងកម្ពុជា។ លោកព្រួយបារម្ភថា កាលណាពលរដ្ឋខ្មែរធ្វើចំណាកស្រុកទៅក្រៅប្រទេសច្រើន នឹងធ្វើឲ្យបាត់បង់កម្លាំងពលកម្មក្នុងស្រុក ហើយជាពិសេសគឺការមិនបានមកចុះឈ្មោះឬបោះឆ្នោត។

នាយកប្រតិបត្តិអង្គការខារ៉ាមកម្ពុជា លោក យ៉ា ណាវុធ មានប្រសាសន៍ថា បើទោះជានៅថៃទទួលបានប្រាក់ឈ្នួលខ្ពស់ជាងនៅស្រុកខ្មែរ តែលោកថាការចំណាយក៏ច្រើនជាងនៅស្រុកខ្មែរដែរ។ លោកថា ការដែលរដ្ឋគ្មានវិធានការទប់ស្កាត់ និងចេះតែបណ្តោយឲ្យពលរដ្ឋធ្វើចំណាកស្រុកនេះ គឺជាកង្វះសមត្ថភាពរបស់អ្នកនយោបាយដែលគិតតែពីប្រយោជន៍របស់ខ្លួនច្រើនជាងពលរដ្ឋ ដែលធ្វើឲ្យអ្នកវិនិយោគពិបាកពិចារណាដាក់វិនិយោគស្រុកខ្មែរជាហេតុធ្វើឲ្យការងារក្នុងស្រុកកាន់តែតិចទៅ បើធៀបនឹងចំនួនពលរដ្ឋ។

បើតាមអ្នកធ្វើការខាងវិស័យការងារ គឺរដ្ឋគួរតែធ្វើយ៉ាងណាបង្កើតឱកាសការងារក្នុងស្រុកឲ្យបានច្រើន និងគួរតែផ្តោតលើការងារកសិកម្ម ដោយជួយឲ្យពលរដ្ឋមានទុន បច្ចេកទេសកសិកម្ម និងបង្កើតរោងចក្រកែច្នៃកសិកម្ម ដើម្បីឲ្យផលិតផលកសិកម្មមានទីផ្សារ។

ក្នុងរបាយការណ៍ក្រសួងការងារប្រចាំឆ្នាំ២០១៦ ឲ្យដឹងថា ពលករខ្មែរចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេសមានជាង ១,១៥លាននាក់ ដែលកំពុងធ្វើការនៅ ថៃ កូរ៉េ ជប៉ុន ម៉ាឡេស៊ី និងសិង្ហបុរី ក្នុងនោះជាង១លាននាក់ធ្វើការនៅប្រទេសថៃ ដែលនាំចំណូលចូលមកក្នុងស្រុកបានជាង១,៧ពាន់លានដុល្លាអាមេរិកមកកម្ពុជា៕

website_news/2017150309.txt · Last modified: 2017/03/15 15:38 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki