website_news:20171506001

កម្លាំងពលកម្មក្នុងវិស័យកសិកម្ម ថយចុះយ៉ាងគំហុក

http://www.thmey-thmey-news.html 14, Jun 2017 , 8:19 pm ដោយ: ញ៉ុង ហេង

ភ្នំពេញ៖ កម្លាំងពលកម្មក្នុងវិស័យកសិកម្មបានធ្លាក់ចុះយ៉ាងគំហុក ដែលបណ្ដាលពីការរកចំណូលរបស់កសិករពីវិស័យនេះ មិនអាចទ្រទ្រង់ជីវភាពរស់នៅក្នុងស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន។ ទោះយ៉ាងណាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អះអាងថា ការចោលស្រែចម្ការដើម្បីរកចំណូលដែលប្រសើរជាងតាមរយៈចំណាកស្រុក គឺជានិន្នារបស់ប្រទេសនានាលើសកលលោក ពោលគឺមិនមែនតែកម្ពុជានោះទេ។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម ដែលចេញផ្សាយ នៅថ្ងៃទី១៣ខែមិថុនា។ បើតាមរបាយការណ៍ដដែលនេះ កម្លាំងពលកម្មក្នុងវិស័យកសិកម្មបានធ្លាក់ចុះយ៉ាងគំហុកគឺ ពី ៨០ភាគរយនៅឆ្នាំ១៩៩៣ និង ៦០ភាគរយនៅឆ្នាំ២០០៥ បានធ្លាក់ចុះមកជិត ៤០ភាគរយនៅឆ្នាំ២០១៧ នៃទំហំពលកម្មសរុបក្នុងវិស័យនានា។ ក្រសួងកសិកម្មឲ្យដឹងថា កសិករខ្នាតតូចរកចំណូលពីរបរកសិកម្មកើនឡើងតិចតួច ថេរ ឬតិចជាងមុន ដែលមិនអាចទ្រទ្រង់នឹងជីវភាពរបស់ខ្លួនក្នុងស្ថានភាពសេដ្ឋកិច្ចជាតិបច្ចុប្បន្នបាន។ បញ្ហានេះជំរុញឲ្យកសិករបោះបង់របរកសិកម្ម បែរទៅធ្វើចំណាកស្រុកស្វែងរកការងារបានចំណូលដែលប្រសើរជាង។

ក្រសួងកសិកម្មបញ្ជាក់ថា ការធ្លាក់ចុះកម្លាំងពលកម្មក្នុងវិស័យកសិកម្ម និងការធ្វើចំណាកស្រុក គឺមិនមែនកើតឡើងតែចំពោះកម្ពុជានោះទេ តែបណ្ដាប្រទេសមួយចំនួនក៏ជួបបញ្ហានេះដែរ។ ក្រសួងកសិកម្មបានបង្ហាញតួលេខប្រទេសនានា ដើម្បីបញ្ជក់លើការអះអាងរបស់ខ្លួន។ របាយការណ៍បង្ហាញថា កម្លាំងពលកម្មក្នុងវិស័យកសិកម្មរបស់ប្រទេសថៃបានថយចុះពី ៣៨ភាគរយនៅឆ្នាំ២០១០ មក ៣២ភាគរយនៅឆ្នាំ២០១៥ ។ កម្លាំពលកម្មក្នុងវិស័យកសិកម្មរបស់ប្រទេសហ្វីលីពីនបានថយចុះពី ៣៣ភាគរយនៅឆ្នាំ២០១០ មកនៅត្រឹម ២៩ភាគរយនៅឆ្នាំ២០១៥ ។ ប៉ុន្តែតួលេខប្រទេសទាំងនេះបង្ហាញថាកម្លាំងពលកម្មក្នុងវិស័យកសិកម្មរបស់ខ្លួនមានការថយចុះតិចតួច បើធៀបនឹងប្រទេសកម្ពុជា។ រីឯការធ្វើចំណាកស្រុក របាយការណ៍ខាងលើនេះឲ្យដឹងថា ប្រជាជនឥណ្ឌាបានចំណាកស្រុកជាង ៣០លាននាក់, វៀតណាមមានជាង ៧លាននាក់, ឥណ្ឌូនេស៊ីមានជាង ៨លាននាក់ និងប្រទេសហ្វីលីពីនមានជាង ១០លាននាក់។

ក្រសួងកសិកម្មអះអាងថា រដ្ឋាភិបាលបានធ្វើសកម្មភាព និងដាក់ចេញគោលនយោបាយសមស្របនឹងការប្រែប្រួលនៃវិស័យកសិកម្ម។ រដ្ឋាភិបាលបានស្នើឲ្យប្រទេសដទៃទទួលយកពលករពីកម្ពុជា និងដាក់ចេញយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥-២០២៥ ។ ជាមួយគ្នានេះ រដ្ឋាភិបាលបានធ្វើទំនើបកម្មវិស័យកសិកម្ម និងពង្រីកទីផ្សារកសិកម្មតាមរយៈការអនុញ្ញាតឲ្យមានសម្បទានដីសេដ្ឋកិច្ចដែលបង្កើតការងារ និងអាចឲ្យកសិករចូលរួមលក់កសិផលជាមួយក្រុមហ៊ុន៕

website_news/20171506001.txt · Last modified: 2017/06/15 13:39 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki