website_news:2017150802

ស្ថានទូតកម្ពុជា ប្រចាំម៉ាឡេស៊ី អន្តរាគមន៍ ជួយសង្រ្គោះ ពលករខ្មែរ៥នាក់

http://www.daem-ampil-news.html ថ្ងៃច័ន្ទ, ១៤ សីហា ២០១៧ 15:57 ដោយ: ដើមអម្ពិល ID:012

ភ្នំពេញ ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេស ម៉ាឡេស៊ី បានអន្តរាគមន៍ ជួយរៀបចំ មាតុភូមិនិវត្តន៍ ជូន ពលករ-ពលការិនី ខ្មែរចំនួន៥នាក់ ដែលធ្វើដំណើរ តាមរថយន្តឆ្លងកាត់ប្រទេសថៃ ទៅធ្វើការនៅម៉ាឡេស៊ី ដោយខុសច្បាប់ តាមរយៈមេខ្យល់កាលពីឆ្នាំ២០១៥។

យោងតាមសេចក្ដី ប្រកាសព័ត៌មានរបស់ក្រសួង ការបរទេសនៅថ្ងៃទី១៤សីហានេះ បានឲ្យដឹងថាពលករ-ពលការិនី ខ្មែរចំនួន៥នាក់ ដែលធ្វើដំណើរតាមរថយន្តឆ្លងកាត់ប្រទេសថៃ ទៅធ្វើការនៅម៉ាឡេស៊ី ដោយខុស ច្បាប់តាមរយៈមេខ្យល់ និងបានទៅស្ថានទូតនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ ស្នើសុំជួយឲ្យបានត្រឡប់ មកកម្ពុជាវិញ រួមមាន ៖ ១. រស់ ផល្លី ភេទប្រុស អាយុ៣៣ឆ្នាំ មកពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ,២. ម៉ាត់ ម៉ានសូត្រ ភេទប្រុស អាយុ២៥ឆ្នាំ មកពីស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ,៣. ភាព លក្ខិណា ភេទស្រី អាយុ២៨ឆ្នាំ មកពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ,៤.ម៉ុន យ៉ាត ភេទស្រី អាយុ១៨ឆ្នាំ មកពីស្រុកឆ្លូង ខេត្តក្រចេះ និងទី៥. ទឹម យុននី ភេទស្រី អាយុ៣៦ឆ្នាំ មកពីស្រុកសន្ទុក ខេត្តកំពង់ធំ ។

សេចក្ដីប្រកាសព័ត៌មាន ដដែលបន្ថែមថា តាមការស្នើសុំរបស់ ស្ថានទូត អង្គការអន្តរជាតិទេសន្តប្រវេសន៍ (IOM) បានឧបត្ថម្ភសំបុត្រ យន្តហោះ ជូនពលករទាំង៥នាក់ និងថ្លៃបង់ពិន័យជូនពលករ៤នាក់ (លេខរៀងទី១ ដល់ទី៤) ចំណែកឯ ពលការិនីលេខរៀងទី៥ បានបង់ពិន័យដោយខ្លួនឯង។ ស្ថានទូតបានចេញលិខិត ធ្វើដំណើរនិងសម្របសម្រួល ជាមួយការិយាល័យ អន្តោប្រវេសន៍ម៉ាឡេស៊ី ហើយ ពលករ-ពលការិនីទាំង៥នាក់ បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង១៧និង៣៥នាទី តាមជើងយន្តហោះ MH762 ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១០ សីហា ២០១៧ ស្ថានទូតបានដោះស្រាយការធ្វើមាតុភូមិនិវត្តន៍របស់ក្រុមពលករចំនួន៣០នាក់ ដែលស្ថានទូតបានទទួលឲ្យស្នាក់នៅ ចន្លោះថ្ងៃទី០១ ដល់ទី១៤ កក្កដា ២០១៧ រួចអស់ហើយ។ ស្ថានទូតកំពុងបន្តដោះស្រាយជូនពលករផ្សេងៗទៀត៕

website_news/2017150802.txt · Last modified: 2017/09/01 16:04 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki