website_news:2017150803

ពលករម្នាក់បានស្លាប់ ដោយសារជម្លោះនៅថៃ

http://www.kaoh-santiphap-news. ដោយ ៖ ម៉ុត សារុន ថ្ងៃចន្ទ ទី១៤ ខែសីហា ឆ្នាំ២០១៧ ម៉ោង ១៩:២៦

ខេត្តបន្ទាយមានជ័យ ៖ ពលករម្នាក់ស្លាប់នៅនឹងកន្លែង និង២នាក់របួសធ្ងន់ដោយសារជម្លោះហិង្សាព្រោះរឿងម៉ូតូឈានដល់កាប់គ្នាលើទឹកដីថៃ នៅខេត្តប៉ាធំថានី ទីបំផុតអ្នកចាញ់ដេកពេទ្យហើយស្លាប់ ឯអ្នកឈ្នះចាប់ខ្លួនបាន៤នាក់។ សពពលករម្នាក់ដែលស្លាប់ក្នុងជម្លោះហិង្សាខាងលើត្រូវបានភាគីថៃបញ្ជូនឲ្យសាច់ញាតិតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតនៅម៉ោងជាង៤រសៀល ថ្ងៃទី១៤ សីហា ២០១៧។ ជនរងគ្រោះឈ្មោះ ភិន ផាត ភេទប្រុស អាយុ២៥ឆ្នាំ ជាកម្មកររោងចក្រសាច់មាន់នៅក្នុងខេត្តកើតហេតុ និងមានទីលំនៅភូមិឆ្កែខាំប្រិស ឃុំព្រែកជីក ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ជនរងគ្រោះត្រូវបានឃាតកកាប់ដាច់ដៃស្តាំ និងរបួសក្បាលជាច្រើនកន្លែងស្លាប់ក្នុងថ្លុកឈាម ខណៈជនរងគ្រោះ២នាក់ទៀត ១.ឈ្មោះភិន ផេង ភេទប្រុស អាយុ២១ឆ្នាំ(ជាប្អូនបង្កើតជនរងគ្រោះស្លាប់ខាងលើ) និង២.ឈ្មោះ រុន ភេទប្រុសអាយុជាង២០ឆ្នាំ ជាបងប្អូនជីដូនមួយជនរងគ្រោះទាំងពីរ។ តាមឈ្មោះ ផែ ភិន អាយុ៤៥ឆ្នាំ ជាឪពុកបង្កើតជនរងគ្រោះឈ្មោះ ភិន ផាត និងឈ្មោះ ភិន ផេន បានប្រាប់កោះសន្តិភាពថា ជម្លោះខាងលើផ្តើមចេញពីរឿងម៉ូតូមួយគ្រឿងថៅកែថៃឲ្យយកមកជិះរួមគ្នា។

បុរសខាងលើបន្តថា ពេលម៉ូតូខូចកូនរបស់គាត់ធ្វើ ពេលជនសង្ស័យយកទៅជិះមិនធ្វើហើយពេលកូនគាត់ស្តីបន្ទោសក៏កើតជាហិង្សាគឺជនសង្ស័យ៤នាក់ជាពលកររួមអាជីពជាមួយគ្នាទាញកាំបិតព្រួតកាប់របួសក្នុងហេតុការណ៍តែម្តង។ បុរសជាឪពុកបន្តថាក្រោយហេតុការណ៍កើតឡើងសមត្ថកិច្ចថៃក៏ចុះដល់កន្លែងកើតហេតុភ្លាមៗ ប្រហែលជិត៥០នាក់ព័ទ្ធចាប់បានជនសង្ស័យជាមួយវត្ថុតាងកាំបិតចំនួន៤យកទៅចាត់ការតាមផ្លូវច្បាប់។ គាត់បន្តថា ជនរងគ្រោះដែលរងរបួសត្រូវបានសមត្ថកិច្ចថៃជួយបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យក្នុងខេត្តកើតហេតុ។

បុរសខាងលើប្រាប់ថា ហេតុការហិង្សានេះកើតឡើងកាលពីម៉ោង៩យប់ ថ្ងៃទី១៣ សីហា២០១៧។ លោកថា ជនសង្ស័យទាំង៤ជាអ្នកស្រុកថ្មពួកខេត្តបន្ទាយមានជ័យ ហើយពេលនេះសមត្ថកិច្ចថៃឃុំខ្លួនហើយ។ យ៉ាងណាក៏ដោយសពត្រូវបានសាច់ញាតិជួលរថយន្តដឹកបន្តទៅលំនៅដ្ឋានដើម្បីធ្វើបុណ្យតាមប្រពៃណី៕

website_news/2017150803.txt · Last modified: 2017/09/01 16:05 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki