website_news:2017151101

សមត្ថកិច្ចស្ទាក់ចាប់អ្នកឆ្លងដែនខុសច្បាប់ចូលប្រទេសថៃ លួចកាប់ឈើ

http://ann.com.kh/site/news/ ថ្ងៃពុធ, 15 ខែវិច្ឆិកា 2017 8:22 ព្រឹក

ខេត្តប៉ៃលិន៖ ប្រជាពលរដ្ឋដែលញៀននឹងការឆ្លងដែនលួចកាប់ឈើ នៅក្នុងទឹកដីប្រទេសថៃ ចំនួន៤នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន រួមជាមួយនឹងម៉ូតូកញ្ចាស់ចំនួន៤គ្រឿង ម៉ាស៊ីនត្រង់ស៊ីន័រ១គ្រឿង ព្រមទាំងឈើធ្នង់ជាច្រើនដុំផងដែរ។ ករណីនេះធ្វើឡើងកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចចន្លោះបង្គោលសីមាលេខ៦៧ និង៦៨ ក្នុងភូមិបហ៊ុយត្បូង សង្កាត់បយ៉ាខា ក្រុងប៉ៃលិន។

សូមបញ្ជាក់ថា ជនសង្ស័យទាំង៤នាក់ខាងលើ មិនត្រូវបានគេអនុញ្ញាតឱ្យស្គាល់ឈ្មោះនោះទេ ពួកគេរស់នៅក្នុងក្រុងប៉ៃលិន ដោយបាននាំគ្នាឆ្លងដែនទៅលួចកាប់ឈើនៅក្នុងទឹកដីថៃអស់រយៈពេលជាយូរមកហើយ ដោយមានការបើកដៃពីសមត្ថកិច្ចការពារព្រំដែនមួយចំនួន។ បន្ទាប់ពីប្រទះឃើញពួកគេដឹកឈើធ្នង់ជាច្រើនដុំ សមត្ថកិច្ចក៏ធ្វើស្ទាក់ចាប់យកទៅបន្ទាយយោធា ហើយក៏ប្រគល់ជូនទៅខាងរដ្ឋបាលព្រៃឈើដើម្បីចាត់ការបន្តតែម្តង។

លោក មិន រ៉ាវុធ នាយផ្នែករដ្ឋបាលព្រៃឈើប៉ៃលិន បានឲ្យដឹងថា បន្ទាប់ពីធ្វើការឃាត់ខ្លួន លោកក៏បានធ្វើការអប់រំដល់ប្រជាពលរដ្ឋទាំង៤នាក់នោះ មិនឲ្យបន្តឆ្លងដែនខុសច្បាប់ទៅកាប់ឈើនៅក្នុងទឹកដីប្រទេសថៃទៀតឡើយ។ លោកបន្តទៀតថា ឈើទាំងអស់ និងម៉ាស៊ីនកាត់ឈើ១គ្រឿង ខាងលោកនឹងចាប់ យកទៅរក្សាទុកនៅក្នុងស្នាក់ការ, ដោយឡែកមនុស្សទាំង៤នាក់ បន្ទាប់ពីធ្វើការអប់រំរួចឲ្យយកម៉ូតូត្រឡប់ទៅផ្ទះរៀងៗខ្លួន។

ប្រជាពលរដ្ឋរស់នៅក្នុងក្រុងប៉ៃលិន បានលើកឡើងថា ចំណុចខាងលើ ជាកន្លែងដែលមានពលរដ្ឋឆ្លងដែនខុសច្បាប់ទៅលួចកាប់ និងលីសែងឈើនៅក្នុងទឹកដីប្រទេសថៃ ដោយមានអ្នកខ្លះត្រូវថៃចាប់ដាក់គុក បាញ់សម្លាប់ បណ្តាលឲ្យព្រាត់ប្រាសប្តីប្រពន្ធ, ហើយអ្នកខ្លះទៀត បានបាត់ខ្លួនរហូតមកដល់ពេលនេះទៅហើយមិនទាន់ឃើញត្រឡប់មកផ្ទះវិញនៅឡើយទេ។ ដូច្នេះប្រជាពលរដ្ឋសំណូមពរឲ្យខាងសមត្ថកិច្ច ធ្វើការរឹតបន្តឹង ដោយមិនត្រូវបណ្តែតបណ្តោយឲ្យពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ ទៅលួចកាប់ឈើនៅប្រទេសថៃបន្ត ទៀតនោះឡើយ៕ ដោយ៖ ឡោ សុខហៃ

website_news/2017151101.txt · Last modified: 2017/11/15 13:53 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki