website_news:2017151102

១០ខែដំបូងឆ្នាំ២០១៧ មានពលរដ្ឋខ្មែរឆ្លងទៅថៃ កើនឡើងជាង៣ម៉ឺននាក់

http://kleykley.sabay.com.kh/article/ ម៉ោង 16:46 ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០១៧

អាជ្ញាធរថៃ បានបញ្ជូនពលរដ្ឋខ្មែរត្រឡប់មកប្រទេសកម្ពុជាវិញក្រោមរូបភាព និរទេស តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត សរុបមានចំនួន ១.៤៧៨ ជើង/រថយន្ត មានមនុស្សចំនួន ៦៥.៨២៥ នាក់ ស្រី ២៣.១៥១ នាក់ ក្នុងនោះកុមារ ៦.៤៤១ នាក់។ បើប្រៀបធៀបក្នុងរយៈពេល១០ខែ ឆ្នាំ២០១៦ ប្រជាពលរដ្ឋខ្មែរមានចំនួនតែ ៣៥.៨២៣ នាក់ គឺកើនឡើង ៣០.០០២ នាក់ ស្មើនឹង ៨៣,៧៥ ភាគរយ។ នេះបើយោងតាមរបាយការណ៍បូកសរុបសកម្មភាព និងលទ្ធផលការងារបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ រយៈពេល១០ខែ ឆ្នាំ២០១៧ ដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧។ ប្រភពដដែលឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរចំនួន ៥៣០៦នាក់ ត្រូវអាជ្ញាធរថៃឃាត់ខ្លួនពីបទឆ្លងដែនខុសច្បាប់ និងឃាត់ខ្លួនលើសពីរយៈពេលមួយខែមុននឹងបញ្ជូនមកកម្ពុជាវិញ។

ទីចាត់ការការងារព្រំដែន នៃអគ្គបញ្ជាការដ្ឋានក្រសួងការពារជាតិ បានទទួលសាកសពពលរដ្ឋខ្មែរពីអាជ្ញាធរថៃចំនួន ១៥៨លើក សរុបចំនួន ១៦២សព ក្នុងនោះស្រី ២៩នាក់។ ប្រជាពលរដ្ឋខ្មែរចេញទៅប្រទេសថៃតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតមានចំនួន ២៦.០៨២ នាក់ និងតាមច្រករបៀងមានចំនួន ៣៩.៧៤៣ នាក់។ ហើយក្នុងនោះចេញដោយខ្លួនឯងមានចំនួន ២៩.៤៨៦ នាក់ និងតាមគេនាំមានចំនួន ៣៦.៣៣៩ នាក់៕ អត្ថបទ៖ សោភា

website_news/2017151102.txt · Last modified: 2017/11/15 13:56 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki