website_news:2017160202

====== ឆ្នាំ២០១៦ បង្ក្រាបបទល្មើស ជួញដូរផ្លូវភេទ ថយចុះ១៨ករណី

http://bayontv.com.kh 16/02/2017

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា កាលពីឆ្នាំ២០១៦ កន្លងទៅនេះ សមត្ថកិច្ចពាក់ព័ន្ធ បានបង្ក្រាបបទល្មើស ជួញដូរផ្លូវភេទថយចុះ ១៨ករណី ខណៈដែលឆ្នាំ២០១៥ បង្ក្រាបបាន ៩៤ករណី ឃាត់ខ្លួនជនសង្ស័យ ១២៥នាក់ និងរំដោះជនរងគ្រោះ បាន៣២៥នាក់ (អនីតិជន ១០៥នាក់) ។

ថ្លែងក្នុងពិធីបិទកិច្ចប្រជុំបូក សរុបដំណើរការ ចំណុចខ្ពស់ វាយលុកបង្ក្រាបបទល្មើស ជួញដូរមនុស្សឆ្លងដែន រវាងកម្ពុជា-វៀតណាម-ឡាវ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នាសណ្ឋាគារភ្នំពេញ នាយឧត្តមសេនីយ៍ នេត សាវឿន បានមានប្រសាសន៍ថា ឆ្នាំ២០១៦ សមត្ថកិច្ចចម្រុះបាន ទប់ស្កាត់ការធ្វើចំណាកស្រុក ខុសច្បាប់របស់ពលករខ្មែរ ទៅកាន់ប្រទេសជិតខាង ថយចុះ១៣២ ៣១២នាក់ ស្មើនឹង ២៩,៣៤ភាគរយ ។

លោកនាយឧត្តមសេនីយ៍ បានបន្តថា “អំពើជួញដូរ និងរត់ពន្ធមនុស្ស គឺជាបទឧក្រិដ្ឋ ដែលមានខ្សែរយៈ បណ្តាញស្ទើរតែគ្រប់តំបន់ និងបានពង្រីក ភូមិសាស្ត្រ ធ្វើសកម្មភាព កាន់តែធំ ប្រកបដោយល្បិចកល ស្មុគស្មាញ ដែលត្រូវបានពិភពលោក ចាត់ទុកជាប្រភេទ បទល្មើសឧក្រិដ្ឋ ដែលបង្កើត បញ្ហាប្រឈមជាសកល ។ តាមទិន្នន័យប៉ាន់ស្មាន របស់អង្គការពលកម្មអន្តរជាតិ (ILO) មានជនរងគ្រោះដោយអំពើជួញដូរប្រមាណ២១លាននាក់ រួមទាំងជនរងគ្រោះ ពីកម្ពុជា វៀតណាម ឡាវ ផងដែរ” ។ អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា ចំពោះផលប្រយោជន៍ ដែលពួកឧក្រិដ្ឋជនទទួលបាន ពីអំពើជួញដូរនេះប្រមាណ ១៥០កោដិដុល្លារ ក្នុងមួយឆ្នាំ ក្នុងនោះ៦៨ភាគរយ ជាអំពើជួញដូរកម្លាំង ពលកម្មដោយបង្ខំ និងក្រៅពីនេះ ជាអំពើ ជួញដូរបម្រើឲ្យអាជីវកម្មផ្លូវភេទ៕

website_news/2017160202.txt · Last modified: 2017/02/16 15:43 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki