website_news:2017160204

ពលករខ្មែរនៅថៃបានផ្ទេរលុយចូលមកកម្ពុជាទំហំ១៣០០លានដុល្លារក្នុងមួយឆ្នាំ

https://thmeythmey.com/ 15, Feb 2017 , 4:51 pm ដោយ: លាង ដឺលុច

ចាប់ពីខែមីនាខាងមុខនេះ ក្រសួងការងាររបស់កម្ពុជា និងថៃនឹងផ្តើមយុទ្ធនាការចែកលិខិតឆ្លងដែន ឬលិខិតធ្វើដំណើរ និងបណ្ណការងារដល់ពលករខ្មែរចំនួនប្រមាណ៤៣ម៉ឺននាក់ ដែលកំពុងតែកាន់ឯកសារផ្លូវការបណ្តោះអាសន្នដែលបញ្ជាក់អំពីសិទ្ធិធ្វើការងារនៅក្នុងប្រទេសថៃ។ តាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការងារ គឺលោក ហេង សួរ សព្វថ្ងៃនេះមានពលករខ្មែរសរុប១លាន៦ម៉ឺននាក់ដែលកំពុងធ្វើការនៅតាមវិស័យនានានៅក្នុងប្រទេសថៃ។ មន្ត្រីជាន់ខ្ពស់នៃក្រសួងការងារដដែលបានមានប្រសាសន៍ពលករខ្មែរសរុបដែលកំពុងធ្វើការបរទេសមានចំនួន១,១៥លាននាក់ ដែលអាចផ្ទេរថវិកាត្រឡប់ចូលក្នុងប្រទេសវិញទំហំ១៧០០លានដុល្លារក្នុងមួយឆ្នាំ។

ក្នុងចំណោមពលករខ្មែរចំនួន១,១៥លាននាក់ដែលកំពុងធ្វើការនៅបរទេស មានពលករខ្មែរ១លាន៦ម៉ឺននាក់ហើយដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ។ បើតាមការពន្យល់របស់លោក ហេង សួរ ដែលជាអ្នកនាំពាក្យរបស់ក្រសួងការងារ ពលករខ្មែរដែលកំពុងធ្វើការនៅក្នុងប្រទេសថៃមាន៣ប្រភេទ។ «ក្រុមទីមួយដែលមានប្រមាណ៣០ម៉ឺននាក់ គឺជាក្រុមដែលត្រូវបានបញ្ជូនទៅធ្វើការស្របច្បាប់ក្នុងក្របខណ្ឌMOU។ ក្រុមទី២ មានចំនួនប្រមាណ៤៣ម៉ឺននាក់ ជាក្រុមដែលមានបណ្ណការងារស្របច្បាប់បណ្តោះអាសន្ន និងក្រុមទី៣ដែលមានប្រហែល៣០ម៉ឺននាក់ដែរ ពួកគេទើបតែចូលទៅធ្វើការងារក្នុងប្រទេសថៃពីពាក់កណ្តាលឆ្នាំ២០១៥»។ ក្រុមទី៣នេះ ជាក្រុមដែលមិនមានឯកសារគ្រប់គ្រាន់ដែលបញ្ជាក់ថាពួកគេជាពលករស្របច្បាប់ឡើយ។ ក្រោយពីការពិភាក្សារវាងក្រសួងការងារនៃប្រទេសទាំងពីរ ក្រសួងទាំងពីរបានព្រមព្រៀងសហការគ្នាដើម្បីចែកបណ្ណការងារ និងលិខិតធ្វើរដំណើរដល់ក្រុមពលករខ្មែរចំនួន៤៣ម៉ឺននាក់ដើម្បីពួកគេអាចក្លាយជាពលករបរទេសស្របច្បាប់ពេញលេញនៅលើទឹកដីរហូតដល់ថ្ងៃទី៣០ខែមីនាឆ្នាំ២០១៨។

មន្ត្រីជាន់ខ្ពស់នៃក្រសួងការងារ លោក ហេង សួរ ដែលបានបទសម្ភាសដល់សារព័ត៌មានថ្មីៗបានរៀបរាប់ឲ្យដឹងថា នៅក្នុងប្រទេសថៃ ពលករខ្មែរភាគច្រើនធ្វើការនៅក្នុងរោងចក្រសហគ្រាសផលិតអាហារកំប៉ុង ក្នុងវិស័យសំណង់ កសិកម្ម និងនេសាទជាដើម។ លោក ហេង សួរ បានបន្តថា ក្នុងមួយឆ្នាំពលករខ្មែរទាំង១លាន៦ម៉ឺននាក់នៅក្នុងប្រទេសថៃបានផ្ញើរថវិកាទំហំ១៣០០លានដុល្លារចូលមកក្នុងសេដ្ឋកិច្ចនៃប្រទេសកំណើតរបស់ពួកគេ។

សព្វថ្ងៃនេះ ក្រៅពីប្រទេសថៃ មានពលករខ្មែរចំនួន៤៦០០០នាក់កំពុងធ្វើការនៅក្នុងប្រទេសសាធារណរដ្ឋកូរ៉េ ៤ម៉ឺននាក់នៅក្នុងប្រទេសម៉ាឡេស៊ី ៤ពាក់នាក់ផ្សេងទៀតនៅក្នុងប្រទេសជប៉ុន និង៤០០នាក់នៅក្នុងប្រទេសសឹង្ហបុរី។ ពលករខ្មែរសរុបទាំង១,១៥លាននាក់ បានផ្ញើថវិកា១៧០០លានដុល្លារចូលមកក្នុងសេដ្ឋកិច្ចកម្ពុជាក្នុងមួយឆ្នាំ នេះបើតាមការអះអាងរបស់អ្នកនាំពាក្យក្រសួងការងារ៕

website_news/2017160204.txt · Last modified: 2017/02/16 16:01 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki