website_news:2017160301

ម្ដាយបង្កើតកុមារ គ្មានដំណឹងពីកូនសោះពីអ្នកស្មុំកូនចិញ្ចឹម

http://www.postkhmer.com Thu, 16 March 2017 ផាក់ ស៊ាងលី

ភ្នំពេញៈ ស្រ្តីជាម្តាយម្នាក់នៅខេត្តរតនគិរីបានទៅដល់មណ្ឌលកុមារកំព្រាដើម្បីសួររកកូនប្រុសស្រី ៤ នាក់របស់គាត់ដែលត្រូវបានឪពុកម្តាយធម៌ជនជាតិបរទេសយកទៅចិញ្ចឹមកាលពី ៩ ឆ្នាំមុន ប៉ុន្តែដំណឹងហាក់ដូចជាមិនច្បាស់ឡើយ។ បន្ទាប់ពីស្នើសុំកិច្ចអន្តរាគមន៍ពីអង្គការលីកាដូប្រចាំខេត្តរតនគិរីកាលពីដើមខែមីនានេះមក អ្នកស្រី អួន ញ៉ អាយុ ៤០ ឆ្នាំរស់នៅស្រុកអូរយ៉ាដាវត្រូវបានអង្គការសិទ្ធិមនុស្សមួយនេះនាំទៅមណ្ឌលកុមារកំព្រារបស់អង្គកាអភិវឌ្ឍន៍កុមារ និងសហគមន៍ក្រីក្រ (CPCDO) ដែលគាត់បានផ្ញើកូនតូច ៤ នាក់អាយុចន្លោះពី ២ ទៅ ១០ ឆ្នាំកាលពីឆ្នាំ ២០០៨។ ក្រោយពេលដាក់នៅមណ្ឌលនោះបានមួយឆ្នាំកូនគាត់ត្រូវបានឪពុកម្តាយធម៌បរទេសយកទៅចិញ្ចឹមហើយអ្នកស្រីក៏មិនបានជួប និងឮសំឡងពួកគេរហូតមកដោយគ្រាន់តែទទួលបានរូបថតពីកូនតែ ២ នាក់ប៉ុណ្ណោះ។

អ្នកស្រី អួន ញ៉ បានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញក្រោយពេលត្រឡប់ពីមណ្ឌលកុមារកំព្រាក្នុងខណ្ឌពោធិ៍សែនជ័យវិញថាស្ត្រីជាប្រធានមណ្ឌលម្នាក់បានប្រគល់ឯកសារមួយសន្លឹកឲ្យអ្នកស្រីហើយបានប្រាប់ថាកូន ៣ នាក់ឈ្មោះ ម៉េត ម៉េងជូ (ស្រី),ម៉េត ណារិទ្ធ (ប្រុស) និងកូនប្រុសឈ្មោះ ម៉េត រិទ្ធី ត្រូវបានគេយកទៅចិញ្ចឹមនៅប្រទេសអ៊ីតាលី។ រីឯកូនស្រីម្នាក់ឈ្មោះ ម៉េត ស្រីឃា ទៅប្រទេសអង់គ្លេស។ អ្នកស្រី ញ៉ បានបន្តថា៖ «គាត់ឲ្យឯកសារកូនទាំង ៤ ហ្នឹង។ កូន ៣ ទៅអ៊ីតាលី និងម្នាក់នៅអង់គ្លេស។ ខ្ញុំបែកពីកូន ៩ ឆ្នាំហើយ។ អ៊ីចឹងចង់ដឹងដំណឹងកូន និងចង់ជួបតាមទូរស័ព្ទសួរសុខទុក្ខកូន ១ ខែម្ដង»។

អ្នកស្រីបន្តថា ឯកសារនោះគ្រាន់តែប្រាប់ប្រទេសដែលកូននៅទេ។ ប៉ុន្តែមិនបានបញ្ជាក់ពីអាសយដ្ឋានច្បាស់លាស់ ឬមានលេខទូរស័ព្ទសម្រាប់ទាក់ទងទៅជួបកូនៗនោះឡើយ។ អ្នកស្រី ញ៉ មិនដឹងពីមូលហេតុដែលកូនៗត្រូវគេយកទៅចិញ្ចឹមនៅប្រទេសផ្សេងគ្នាទេហើយក៏មិនចង់ទាមទារឲ្យកូនៗត្រឡប់មករស់នៅជាមួយវិញដែរគឺគ្រាន់តែចង់ដឹងដំណឹងកូនប៉ុណ្ណោះ។ អ្នកស្រីថ្លែងថា៖«បានដឹងប៉ុណ្ណឹងរាងធូរខ្លះលែងសូវបារម្ភជាងមុនបន្តិច។ កូននៅរៀន ឬធ្វើការនៅប្រទេសគេក៏នៅចុះ តែគ្រាន់តែថាឲ្យបានទាក់ទងគ្នាខ្លះ។ ឲ្យដឹងថាកូនសុខ ឬសប្បាយប៉ុនណា?»។

ប្រធានមណ្ឌលកុមារកំព្រាដែលសុំមិនប្រាប់ឈ្មោះបានឲ្យដឹងថាលោកស្រីគ្រាន់តែបានផ្ដល់ឯកសារនោះឲ្យទៅស្ត្រីជាម្តាយប៉ុណ្ណោះ ហើយមិនបានដឹងព័ត៌មានផ្សេងៗទៀតទាក់ទងនឹងក្មេងៗទាំងនោះទេព្រោះថាលោកស្រីទើបតែគ្រប់គ្រងមណ្ឌលបាន ១ ឆ្នាំប៉ុណ្ណោះ។ លោកស្រីបានបន្តថា៖ «ឯកសារហ្នឹងមានអាសយដ្ឋានម៉ែឪធម៌របស់កូនគាត់ដែរ។ ខ្ញុំក៏មិនដឹងធ្វើម៉េចទៀតដែរ។ ជួយបានតែប៉ុណ្ណឹង។ ខ្ញុំសោកស្តាយដែលគ្មានលទ្ធភាព និងសមត្ថភាពជួយបន្តទៀតដោយសារខ្ញុំទើបធ្វើការងារនេះ»។ លោកស្រីក៏បានឲ្យដឹងផងដែរថាបច្ចុប្បន្ននេះមានកុមារកំព្រាកំពុងរស់នៅមណ្ឌលនោះជាង ២០ នាក់មានអាយុចាប់ពី ៣ ដល់ ១៨ ឆ្នាំ។ ប៉ុន្តែរយៈពេល ១ ឆ្នាំចុងក្រោយនេះគ្មានការសុំកូនបន្តទៀតទេនៅមណ្ឌលនោះ។

លោក មាស យុទ្ធ អតីប្រធានមណ្ឌលកុមារកំព្រានេះបានឲ្យដឹងថាតាមអនុស្សរណៈយោគយល់ MoU ស្តីពីការសុំកូនគឺឪពុកម្តាយចិញ្ចឹមត្រូវផ្តល់ព័ត៌មានដល់ក្រសួងសង្គមកិច្ចរាល់ ៦ ខែម្តងពីស្ថានភាពរបស់កូនចិញ្ចឹមព្រោះថាក្រសួងជាអ្នកព្រមព្រៀងបញ្ជូនទៅមិនមែនមណ្ឌលលោកទេ។ លោក យុទ្ធ ថ្លែងថា៖ «ខ្ញុំធ្លាប់ផ្តល់ដំណឹងពីកូនដល់ម្តាយហ្នឹង ២ ទៅ ៣ ដងដែរ។ តាមខ្ញុំចាំមានក្មេងៗជាង ១០ នាក់ត្រូវបានគេសុំយកទៅចិញ្ចឹមដោយមានភ្នាក់ងារជាអ្នករត់ការរៀបចំឯកសារផងដែរ។ មណ្ឌលគឺគ្រាន់តែមើលថែក្មេងប៉ុណ្ណោះ»។

មន្ត្រីនៅក្រសួងសង្គមកិច្ចម្នាក់បានឲ្យដឹងថា ប្រទេសអ៊ីតាលីបានចុះ MOU ជាមួយក្រសួងពីការសុំកូន ហើយប្រទេសអង់គ្លេសមិនទាន់មានទេ។ ប៉ុន្តែមន្ត្រីរូបនេះសុំមិនធ្វើអត្ថាធិប្បាយបន្ថែមពីរឿងនេះទេ ដោយគ្រាន់តែប្រាប់ថាការសុំកូននេះគឺកើតមានឡើងតាំងពីមុនពេលបង្កើតច្បាប់ពាក់ព័ន្ធនឹងការសុំកូនមកម្ល៉េះ។

លោក ឯម ចាន់មករា អ្នកនាំពាក្យក្រសួងសង្គមកិច្ចថាជាប់បំពេញបេសកកម្មនៅក្រៅប្រទេសមិនអាចអត្ថាធិប្បាយតាមទូរស័ព្ទបានទេកាលពីម្សិលមិញ។ ភ្នំពេញប៉ុស្តិ៍បានផ្ញើសារអេឡិចត្រូនិកសុំអត្ថាធិប្បាយពីស្ថានទូតអង់គ្លេសប្រចាំកម្ពុជា ប៉ុន្តែនៅមិនទាន់ទទួលបានការពន្យល់ទេគិតត្រឹមមុនម៉ោងចេញផ្សាយ។

ការសុំកូនទៅចិញ្ចឹមគឺជារឿងដ៏ចម្រូងចម្រាសមួយនាពេលកន្លងមកហើយរដ្ឋាភិបាលក៏ធ្លាប់បានប្រកាសផ្អាកដំណើរការករណីនេះផងដែរ។ ប៉ុន្តែកាលពីឆ្នាំ ២០១៥ កម្ពុជាបានប្រកាសបើកឲ្យដំណើរការរឿងនេះសាជាថ្មីឡើងវិញដោយប្រុងប្រយ័ត្នហើយប្រទេសអេស្ប៉ាញ និងអ៊ីតាលីធ្លាប់បានចុះកិច្ចព្រមព្រៀងក្នុងការសុំកូនជាមួយនឹងភាគីកម្ពុជាផងដែរ៕

website_news/2017160301.txt · Last modified: 2017/03/16 16:03 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki