website_news:2017160303

ពលករខ្មែរនៅថៃ អាចឆ្លងដែនដោយមិនបង់ថ្លៃ នៅឱកាសបុណ្យចូលឆ្នាំ

http://www.rasmeinews.com/local ដោយ ៖មាន រតនា ថ្ងៃទី 15 មីនា 2017 ម៉ោង 05:38:PM

ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានជូនដំណឹងដល់ពលករកម្ពុជាទាំងអស់ ថាអាជ្ញាធរថៃយល់ព្រមអនុញ្ញាតឲ្យពលករខ្មែរ រួមទាំងអ្នករស់ក្នុងបន្ទុកក្រោមអាយុ១៨ឆ្នាំ អាចធ្វើដំណើរចេញពីខេត្តដែលខ្លួនធ្វើការ និងឆ្លងកាត់ព្រំដែនវិលមកស្រុកកំណើតនៅកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ និងវិលទៅធ្វើការនៅប្រទេសថៃវិញបាន ដោយពុំត្រូវបង់ថ្លៃសេវាកម្មអ្វីទាំងអស់ ចាប់ពីថ្ងៃទី ០៥ មេសា ២០១៧ដល់ថ្ងៃ ៣០ មេសា ២០១៧។ ដើម្បីចេញ-ចូលកាត់ច្រកព្រំដែនដោយមិនគិតថ្លៃនោះ ពលករក៏តម្រូវឲ្យមានឯកសារមួយចំនួនដូចខាងក្រោមផងដែរ៖ សម្រាប់ពលករដែលប្រើប្រាស់ប័ណ្ណមិនមែនសញ្ជាតិថៃ (ប័ណ្ណពណ៌ស៊ីជម្ពូ) ១. ប័ណ្ណមិនមែនសញ្ជាតិថៃ (ប័ណ្ណពណ៌ស៊ីជម្ពូ) ២. លិខិតអនុញ្ញាតពីក្រសួងការងារថៃ ឬមន្ទីរការងារថៃ ។

សម្រាប់ពលករដែលប្រើប្រាស់លិខិតឆ្លងដែន/ លិខិតធ្វើដំណើរពលករកម្ពុជាធ្វើការនៅបរទេស ១. លិខិតឆ្លងដែន/ លិខិតធ្វើដំណើរពលករកម្ពុជាធ្វើការនៅបរទេស ២. ទិដ្ឋាការស្នាក់នៅ (VISA) ៣. ប័ណ្ណអនុញ្ញាតការងារ (WorkPermit) ឬប័ណ្ណមិនមែនសញ្ជាតិថៃ (ប័ណ្ណពណ៌ស៊ីជម្ពូ) ៤. លិខិតអនុញ្ញាតពីក្រសួងការងារថៃ ឬមន្ទីរការងារថៃ។

ដោយឡែកក្នុងករណី ពលករ-ពលការិនី មានជួបបញ្ហាក្នុងការធ្វើដំណើរឆ្លងកាត់ព្រំដែន ឬត្រូវការបំភ្លឺបន្ថែម សូមទាក់ទងទៅមន្ត្រីស្ថានទូតកម្ពុជាប្រចាំក្រុងបាងកក តាមទូរសព្ទលេខ៖ ០៨៦ ៧៩៩ ៩៩ ៥៧/ ០៩៤ ០៩ ២៥៩០៥ និង ០៩២ ៨០ ៥០ ៥៦១។ ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ ក៏បានអំពាវនាវ ឲ្យពលករខ្មែរយកចិត្តទុកដាក់អនុវត្តតាមតម្រូវការខាងលើ និងត្រូវវិលត្រឡប់ទៅកន្លែងធ្វើការក្នុងប្រទេសថៃវិញ ឲ្យបានមុនថ្ងៃ ០១ ឧសភា ឆ្នាំ២០១៧៕

website_news/2017160303.txt · Last modified: 2017/03/16 16:10 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki