website_news:2017160508

កម្មករខ្មែរលោតចូលសមុទ្រគេចពីការសម្លាប់បានត្រឡប់មកវិញ

http://www.postkhmer.com/ Mon, 15 May 2017 ឆាយ ច័ន្ទនីដា

ភ្នំពេញៈ កម្មករខ្មែរម្នាក់ដែលបានលោតចេញពីទូកនេសាទថៃចូលទៅក្នុងលំហសមុទ្រប្រទេសម៉ាឡេស៊ីដើម្បីគេចចេញពីការប៉ុនប៉ងសម្លាប់បានវិលត្រទ្បប់មកដល់ប្រទេសកម្ពុជាវិញហើយ កាលពីរសៀលថ្ងៃម្សិលមិញ បន្ទាប់ពីត្រូវបានជួយសង្គ្រោះដោយក្រុមនាវាជើងទឹកប្រទេសប្រ៊ុយណេ។

កម្មករឈ្មោះ វឿន វ៉ុន អាយុ ៣៦ ឆ្នាំបានលោតពីលើទូកនេសាទថៃនៅថ្ងៃទី ៩ ឧសភា ហែលគេចពីគម្រោងចាក់សម្លាប់របស់មិត្តរួមការងារ។ លោក វ៉ុន បានលោតដោយមានឱបធុងស្ពេត្រូ ដើម្បីគេចចេញពីការប៉ុនប៉ងសម្លាប់នៅលើទូកនេសាទថៃដែលស្ថិតក្នុងលម្ហសមុទ្រប្រទេសម៉ាឡេស៊ី ហើយត្រូវនាវាជើងទឹកប្រ៊ុយណេដែលកំពុងធ្វើដំណើរទៅប្រទេសសិង្ហបុរីជួយសង្គ្រោះកាលពីថ្ងៃទី ១០ ឧសភា និងបាននាំមកដល់ប្រទេសសិង្ហបុរីនៅថ្ងៃទី ១៣ ឧសភា។

លោកអនុនាវីឯក ម៉ៅ សុវណ្ណដា នាយនាវីប្រចាំការពត៌មានសន្តិសុខលម្ហសមុទ្រប្រចាំនៅប្រទេសសិង្ហបុរីបានឲ្យដឹងកាលម្សិលមិញថានៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០១៧ លោកបានទទួលព័ត៌មានថាកម្មករនេសាទឈ្មោះ វឿន វ៉ុន អាយុ ៣៦ ឆ្នាំ នៅលីវមានស្រុកកំណើត នៅស្រុកពួក ខេត្តសៀមរាប ដែលអះអាងថាបានលោតចេញពីទូកនេសាទថៃ ដែលមានម្ចាស់ថៃរួចបានហែលទឹកដោយប្រើធុងស្ពេត្រូមួយបំណងគេចពីការតាមសម្លាប់ពីអ្នកនេសាទលើទូកជាមួយគ្នា។ បុរសនេះត្រូវបានសង្គ្រោះដោយកងនាវាជើងទឹកប្រ៊ុយណេដែលកំពុងធ្វើដំណើរឆ្ពោះមកប្រទេសសិង្ហបុរីក្នុងបំណងចូលរួមលំហាត់ហ្វឹកហ្វឺនផ្នែកសន្តិសុខលម្ហសមុទ្រ ដោយឆ្លងកាត់ដែនទឹកម៉ាឡេស៊ីនៅភាគពាយព្យនៃកោះ Sarawak ប្រមាណ ១៧៥ គ.ម។

បើតាមលោក សុវណ្ណដា បុរសរងគ្រោះបានឲ្យដឹងថាគាត់មិនអាចទ្រាំនឹងការតាមគំរាមសម្លាប់ ក៏ដាច់ចិត្តលោតចូលទៅក្នុងទឹកសមុទ្រនៅពេលដែលមានកម្មករខ្មែរ ៨នាក់ និងថៃ ៦ នាក់ផ្សេងទៀតប្រុងសម្លាប់គាត់ដោយប្រើដាវសាម៉ូរ៉ៃ។ លោកបន្តថារឿងហេតុដែលនាំឲ្យមានការតាមចាក់សម្លាប់ កើតឡើងមកពីបុរសក្នុងទូកទាំងនោះបានស្តាប់តាមបញ្ជារបស់មេខ្យល់ខ្មែរម្នាក់ឈ្មោះ គួក ដែលបុរសរងគ្រោះបានពឹងពាក់ឲ្យផ្ញើលុយទៅម្តាយរបស់ខ្លួន។ លោក សុវណ្ណដា ឲ្យដឹងថា៖ «តាមគាត់ប្រាប់យើងគឺមុនចូលឆ្នាំ វឿន វ៉ន បានខលទៅម្តាយប្រាប់ថានឹងផ្ញើលុយ ២ ម៉ឺនបាតតាមរយៈមេខ្យល់ឈ្មោះ គួក ហ្នឹង។ តែក្រោយមកក៏ដឹងថាម្តាយបានទទួលតែ ១ ម៉ឺនបាតទេ អ៊ីចឹងក៏ខឹងគ្នាកើតជម្លោះទៅ។ គួក បានញុះញង់ឲ្យកម្មករប៉ុន្មាននាក់លើទូកឲ្យបំបិទមាត់គាត់ចោល»។

លោក វឿន វ៉ន បានថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍បន្ទាប់ពីត្រូវបានបញ្ជូនមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញកាលពីម្សិលមិញថា ដូចអ្វីដែលលោកបានប្រាប់លោក សុវណ្ណដា គឺក្រុមកម្មករខ្មែរលើទូកបានប៉ងសម្លាប់រូបលោក ហើយជនជាតិថៃក៏មានគំនិតដូចគ្នាដែរ។ លោកថា៖ «ខ្ញុំមិនដែលធ្វើបាប ឬឈ្លោះជាមួយនរណាគេទេ ប៉ុន្តែដោយសារពួកគេស្តាប់មេខ្យល់ឈ្មោះ គួក ទើបពួកគេកើតចិត្តស្អប់ខ្ញុំ ចង់សម្លាប់ខ្ញុំចោល។ ពួកគេនិយាយចំពោះមុខខ្ញុំថាមិនបាច់ឲ្យចូលច្រាំងទាន់ទេត្រូវសម្លាប់ចោលតែម្តងទៅ»។ លោកថ្លែងថាលោកបានធ្វើការជាកម្មករនៅទូកនេសាទឲ្យក្រុមហ៊ុនអាងឡាបដែលមានម្ចាស់ជាជនជាតិថៃកាលពីខែសីហាឆ្នាំ ២០១៦ នៅពេលដែលឈ្មោះ គួក (មានប្រពន្ធថៃ) បាននាំលោកចេញទៅតាមច្រកឡែម។ ថៅកែបានព្រមព្រៀងឲ្យប្រាក់ខែលោកចំនួន ១ ពាន់ ៩ រយបាត ប៉ុន្តែលោកមិនសូវបានបើកប្រាក់ខែទៀងទាត់ទេ។ បុរសរូបនេះបានស្នើឲ្យមានវិធានការចំពោះអ្នកដែលប៉ុនប៉ងសម្លាប់រូបលោក។ លោកថ្លែងថា៖ «សូមរដ្ឋាភិបាលជួយខ្ញុំផង រកអ្នកប្រព្រឹត្តមកទទួលកំហុស»។

លោក គាម សារ៉ាត់ មន្ត្រីទូតកម្ពុជាប្រចាំនៅប្រទេសសិង្ហបុរីបានឲ្យដឹងថាលោកបានជួបជនរងគ្រោះនៅស្ថានទូត និងបានរាយការណ៍ដំណឹងទៅកាន់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

លោក ជុំ សុន្ទរី អ្នកនាំពាក្យការបរទេសមិនអាចទាក់ទងសុំអធិប្បាយបានទេកាលពីម្សិលមិញ។ ប៉ុន្តែលោក សុវណ្ណដា បានឲ្យដឹងថាមន្ត្រីកម្ពុជានឹងធ្វើកិច្ចសហការជាមួយភាគីថៃចាត់វិធានការចំពោះក្រុមហ៊ុនក៏ដូចជាទូកនេសាទដែលជាប់ពាក់ព័ន្ធផងដែរ៕

website_news/2017160508.txt · Last modified: 2017/05/15 12:45 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki