website_news:20171606002

សំណុំរឿង ជួញដូរមនុស្សទៅចិន តំណាងអយ្យការព្យាយាមដោះបន្ទុកជនជាប់ចោទ

http://www.a-n-n-news.html ដោយ: ឡុក សំរិត ថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០១៧

រាជធានីភ្នំពេញ៖ ក្រោយពីបើកសវនាការអស់រយៈពេលជាច្រើនម៉ោង ពេញមួយព្រឹក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ នេះ រួចមក លោក អ៊ី ឋាវរៈ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចលើកពេលប្រកាសសាលក្រមសំណុំរឿងជួញដូរស្ត្រីខ្មែរ ទៅលក់នៅប្រទេសចិន ទៅរសៀល ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ។

លោក ចែ សុង តំណាងអយ្យការបានចោទប្រកាន់ ជនជាប់ចោទទី១.ឈ្មោះ ឃីម ចន្ទ្រា ហៅឆាយ ភេទប្រុស ជាកូន, ទី២.ឈ្មោះ ប៊ុន ហួរ ភេទស្រី ជាម្តាយ, និងទី៣.ឈ្មោះ ប៊ុន ស៊ីម ភេទស្រី ជាអ៊ំស្រី, ពីបទការទទួលយកមនុស្សដោយខុសច្បាប់ មានគោលដៅជួយដល់ជនល្មើស ប្រព្រឹត្តនៅប្រទេសវៀតណាម អំឡុងខែមិថុនា ឆ្នាំ២០១៦ យោងតាមមាត្រា២០ នៃច្បាប់ស្តីពី ការបង្ក្រាបការជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។ សូមបញ្ជាក់ថា នៅក្នុងសវនាការ មានវត្តមានជនជាប់ចោទឈ្មោះ ឃីម ចន្ទ្រា ហៅឆាយ តែម្នាក់ប៉ុណ្ណោះ ដោយជនជាប់ចោទ២នាក់ទៀត សុំមិនចូលរួមក្រោមមូលហេតុមានជំងឺ។ ជនជាប់ចោទ ឈ្មោះ ឃីម ចន្ទ្រា ហៅឆាយ បានបដិសេធថា ខ្លួនមិនបានយកជនរងគ្រោះស្ត្រីខ្មែរ ៤នាក់ ទៅលក់នៅស្រុកចិនអីនោះទេ គឺមានស្ត្រីជនជាតិវៀតណាមម្នាក់ ពឹងឱ្យខ្លួនជួយបំពេញឯកសារនៅព្រលានយន្ត ហោះនៅប្រទេសវៀតណាម និងសុំជនរងគ្រោះរួមដំណើរជាមួយខ្លួនទៅប្រទេសភូមា តែប៉ុណ្ណោះ។ ជនជាប់ចោទនិយាយថា ស្ត្រីវៀតណាម ប្រាប់ខ្លួនថា ពេលទៅដល់ប្រភូមា មានបុរសម្នាក់ចាំទទួលស្ត្រីខ្មែរ ទាំង៤នាក់នោះហើយ។

ផ្ទុយពីការអះអាងរបស់ជនជាប់ចោទឈ្មោះ ឃីម ចន្ទ្រា ហៅឆាយ ជនរងគ្រោះ ២នាក់ (មិនអាចដាក់ឈ្មោះបាន) ក្នុងចំណោម ៤នាក់ ដែលចូលរួមក្នុងសវនាការ បាននិយាយថា ការនិយាយរបស់ជនជាប់ចោទជារឿងប្រឌិតទាំងអស់ ពោលគឺដើម្បីដោះខ្លួនពីសំណាញ់ច្បាប់ ដោយដាក់កំហុសលើជនជាតិវៀតណាម និងភូមាទៅវិញ។ ការពិតនោះគឺ ពួកគេ ត្រូវបានឈ្មោះ ចាន់ សុខឃីម ហៅ សុភាព បានទៅបញ្ចុះបញ្ចូលថា គេត្រូវការអ្នកធ្វើការនៅប្រទេសសឹង្ហបុរី ទទួលបានប្រាក់ខែច្រើន ដោយជឿលើសម្តីជននោះ ទើបពួកគេទាំង៤នាក់ព្រមទៅ។

ក្រោយមកឈ្មោះ ចាន់ សុខឃីម ហៅសុភាព បានរៀបចំឱ្យពួកខ្លួនជិះឡានក្រុងពីភ្នំពេញទៅប្រទេសវៀតណាម។ លុះដល់ប្រទេសវៀតណាម គឺមានឈ្មោះ ឃីម ចន្ទ្រា ហៅឆាយ ឈ្មោះ ប៊ុន ហួរ និងឈ្មោះ ប៊ុន ស៊ីម អ្នករៀបចំឱ្យបុរសវៀតណាមយកម៉ូតូមកឌុបពួកខ្លួន ទៅស្នាក់នៅផ្ទះលក់អីវ៉ានៀចាប់ហួយ មួយរយៈពេល៧ថ្ងៃទើប ក្រុមជនជាប់ចោទ នាំពួកគេទៅព្រលានយន្តហោះ ជិះទៅប្រទេសភូមា។ ជនរងគ្រោះបន្ថែមថា រាល់ការចំណាយទាំងអស់ និងឯកសារជាការរៀបចំរបស់ក្រុមជនជាប់ចោទ ពួកគេចាំតែធ្វើតាមក្រុមជនជាប់ចោទតែប៉ុណ្ណោះ គ្មានស្ត្រីជនជាតិវៀតណាម និងបុរសជនជាតិភូមា ទេ។ នៅពេលទៅដល់ប្រទេសភូមា ដោយសារមិនអាចជិះយន្តហោះទៅចិនបាន ក្រុមជនជាប់ចោទបាននាំពួកគេមកប្រទេសវៀតណាមវិញ ដោយបំរ៉ុងជិះពីយន្តហោះពីវៀតណាមទៅប្រទេសចិនតែម្តង ពេលនោះពួកខ្លួនបានដឹងរឿងថា គេបោកយកទៅលក់នៅចិន ទើបពួកខ្លួនបាននាំគ្នាព្យាយាមរត់ចេញពីព្រលានយន្ត ហោះ តែក្រុមជនជាប់ចោទ គំរាម និងទាញឱ្យរងចាំជិះយន្តហោះទៅចិន។ ក្រោយមកទើបរត់រួចទៅជួបជនជាតិខ្មែរ អ៊ីស្លាមម្នាក់ជួយរំដោះ ចេញ និងបញ្ជូនមកប្រទេសខ្មែរវិញ។ ក្រុមជនរងគ្រោះបានប្តឹងទាមទារសំណងជំងឺចិត្ត សរុប ១២,០០០ដុល្លារ ពីក្រុមជនជាប់ចោទ។

ទោះជាយ៉ាងណាក្តីអង្គសវនាការបានកត់សម្គាល់ឃើញថា តំណាងអយ្យការបានព្យាយាមសួរសំនួរដោះបន្ទុកជនជាប់ចោទ ខណៈខ្លួនជាដើមបណ្ដឹងអាជ្ញា ដោយប្រើសំនួរ តើអ្នក (ជនជាប់ចោទ) ជួយយកអាសារគេ ដោយមិនមែនមានបំណង យកពួកគេទៅណាទេមែនទេ? ខ្ញុំ (តំណាងអយ្យការ) ក៏ធ្លាប់ជួយ បំពេញបែបបទឱ្យគេដែរ ជាការជួយគេពេលគេមិនចេះភាសាបរទេស។ លោក ចែ សុង បានអះអាងថា ជងរងគ្រោះមិនមានភស្តុតាងដើម្បីដាក់បន្ទុកលើជនជាប់ទេ ហើយជនរងគ្រោះក៏បានទទួលសំណងពីជនជាប់ចោទរួចហើយដែរ។

ជាការឆ្លើយតបក្រុមមេធាវី ការពារសិទ្ធិជនរងគ្រោះ បានអះអាងថា ពួកគេមានវីដេអូ បញ្ជាក់ច្បាស់ថា ជនជាប់ចោទពិតជាបានប្រព្រឹត្តបទល្មើសដូចជនរងគ្រោះចោទប្រកាន់មែន។ ជារឿងចៃដន្យផងដែរ ស្របពេលដែរដើមបណ្ដឹងអាជ្ញាព្យាយាមសួរដោះបន្ទុកលើជនជាប់ចោទ សាច់ញាតិជនជាប់ចោទនៅខាងក្រៅសវនាការព្យាយាមស៊ំការយោគយល់ពីអ្នកសារព័ត៌មានក៊ំឱ្យផ្សព្វផ្សាយដំណើរការសវនាការនេះ៕

website_news/20171606002.txt · Last modified: 2017/06/16 14:38 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki