website_news:20171606003

ជន ៤ នាក់ត្រូវកាត់ទោសរឿងនាំខ្មែរទៅការប្តីនៅចិន

http://www.phnompenh-post-news.html Fri, 16 June 2017 នៀម ឆេង

ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញបានបើកសវនាការជំនុំជម្រះបុរសស្ត្រី ៤ នាក់ពាក់ព័ន្ធនឹងការនាំស្ត្រីខ្មែរចំនួន ៤ នាក់ទៅរៀបការជាមួយបុរសចិនដោយកុហកថាទៅធ្វើការនៅប្រទេសសិង្ហបុរីដោយទទួលបានប្រាក់ ៥០០ ដុល្លារក្នុងមួយខែប្រព្រឹត្តកាលពីអំឡុងឆ្នាំ ២០១៦។

ជនជាប់ចោទទី ១ ក្នុងសំណុំរឿងនេះមានឈ្មោះ ចាន់ សុឃីម ហៅ ភាព ភេទស្រីអាយុ ៤៦ ឆ្នាំ។ គាត់ត្រូវបានចោទប្រកាន់ពីបទ «ការជ្រើសរើសដោយមិនស្របច្បាប់សម្រាប់កេងប្រវ័ញ្ច» តាមមាត្រា ១២ នៃច្បាប់ប្រឆាំងការជួញដូរមនុស្សដែលប្រឈមជាប់ពន្ធនាគារពី ៧ ឆ្នាំទៅ ១៥ ឆ្នាំ។ ប៉ុន្តែ ចាន់ សុឃីម កំពុងស្ថិតនៅក្រៅឃុំដោយសារត្រូវសម្រាលកូន។ ជនជាប់ចោទត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០១៦។ ចំណែកជនជាប់ចោទ ៣ នាក់ទៀតមានឈ្មោះ ឃឹម ចន្ទ្រា ហៅ ឆាយ អាយុ ២៣ ឆ្នាំភេទប្រុស ប៊ុន ហូរ (ម្តាយរបស់ចន្ទ្រា) និង ប៊ុន ស៊ីម (ម្តាយមីងរបស់ចន្ទ្រា)។ ទាំង ៣ នាក់ជាប់ចោទពីបទ «ការទទួលយកមនុស្សដោយមានគោលដៅជួយដល់ជនល្មើស» តាមមាត្រា ២០ នៃច្បាប់ប្រឆាំងការជួញដូរមនុស្សដែលប្រឈមជាប់ពន្ធនាគារពី ២ ឆ្នាំទៅ ៥ ឆ្នាំ។អ្នកទាំង ៣ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី ៧ ខែកក្កដាឆ្នាំមុន ប៉ុន្តែក្នុងសវនាការមានតែជនជាប់ចោទ ឃឹម ចន្ទ្រា ម្នាក់ប៉ុណ្ណោះ ពីព្រោះ ប៊ុន ហួរ និង ប៊ុន ស៊ីម សុំមិនចូលរួមដោយសារមានជំងឺ។ ក្នុងសំណុំរឿងនេះមានជនរងគ្រោះ ៤ នាក់មានឈ្មោះ គៀន ណៃ, គៀន នី, គៀន ណាត និងឈ្មោះ ងួន លីដា។

គៀន នី បានប្រាប់តុលាការថា៖ «ចាន់ សុឃីម ហៅ ភាព បានប្រាប់ឪពុកខ្ញុំថាគេត្រូវការមនុស្សទៅធ្វើការនៅប្រទេសសិង្ហបុរីដោយទទួលបានប្រាក់ខែ ៥០០ ដុល្លារ។ ខ្ញុំ និងបងប្អូន ៣ នាក់រួមទាំងឈ្មោះ លីដា បានមកថតរូបធ្វើលិខិតឆ្លងដែនរួចត្រឡប់ទៅផ្ទះវិញ។ នៅថ្ងៃទី ១៨ ខែមិថុនាឆ្នាំ ២០១៦ ឈ្មោះ ចាន់ សុឃីម បានទូរស័ព្ទហៅឲ្យមកភ្នំពេញដើម្បីចេញទៅធ្វើការ»។ «សម្រាកនៅផ្ទះសំណាក់ម្តុំផ្សារថ្មី ១ យប់ ព្រឹកឡើងជិះកង់បីទៅឡើងឡានក្រុងទៅប្រទេសវៀតណាមដោយគ្មានលិខិតឆ្លងដែន។ ពេលទៅដល់បាវិត យើងចុះពីឡានក្រុងជិះម៉ូតូដើម្បីគេចពីកន្លែងឆែកឆេររួចឡើងឡានបន្តរហូតដល់វៀតណាម។ ពេលទៅដល់វៀតណាមមានក្រុមគ្រួសារមួយមកទទួលឲ្យស្នាក់នៅ ៧ ថ្ងៃរួចឈ្មោះ ឆាយ ម្តាយគាត់ និងមីងគាត់បានយកលិខិតឆ្លងដែនមកឲ្យហើយនាំពួកខ្ញុំទៅប្រទេសភូមាដោយគាត់ជាអ្នកចេញថ្លៃចំណាយទាំងអស់។ ប៉ុន្តែឈ្មោះ ឆាយ បានដកលិខិតឆ្លងដែនមិនឲ្យពួកខ្ញុំកាន់ទេ។ គាត់ថាទៅភូមាទៅយកវីសាទៅចិន។ ខ្ញុំឆ្ងល់ថាម៉េចក៏ទៅចិន? ខ្ញុំទូរស័ព្ទទៅសួរគ្នាគាត់នៅភ្នំពេញគាត់ថាគេយកខ្ញុំទៅការប្តីចិន។ ពេលនោះខ្ញុំដឹងថាគេយកខ្ញុំទៅលក់»។ គៀន នី បានរៀបរាប់បន្តថានៅពេលទៅដល់ភូមាដោយសារមិនបានវីសា ពួកគេត្រូវបានឈ្មោះ ឆាយ ឈ្មោះ ប៊ុន ហួរ និងឈ្មោះ ប៊ុន ស៊ីម នាំត្រឡប់មកវៀតណាមវិញ។ ពេលមកដល់វៀតណាម ប៊ុន ហួរ និង ប៊ុន ស៊ីម មិនឲ្យនាងចេញពីព្រលានយន្តហោះទេហើយប្រាប់នាងថាត្រូវធ្វើដំណើរតាមឡានទៅចិន។

ជនរងគ្រោះបន្តថាខណៈដែលឈ្មោះ ឆាយ ទៅរកទិញអាហារ ពួកនាងបានជួបខ្មែរអ៊ិស្លាមម្នាក់ហើយបានប្រាប់គាត់ថាពួកនាងចាញ់បោកគេហើយគេយកទៅលក់រៀបការជាមួយចិន។ ពេលនោះស្ត្រីខ្មែរអ៊ិស្លាមបានឲ្យប្រាក់ពួកនាង ៣០ ម៉ឺនរៀលដើម្បីធ្វើដំណើរមកខ្មែរវិញ។ ពេលមកដល់ខ្មែរពួកនាងក៏បានដាក់ពាក្យបណ្តឹងតែម្តង។ ប៉ុន្តែជនជាប់ចោទ ឃឹម ចន្ទ្រា បានបដិសេធថាមិនបានស្គាល់ជនរងគ្រោះទាំង ៤ នាក់ទេហើយថាគាត់ទៅប្រទេសភូមាជាមួយម្តាយ និងម្តាយមីងដើម្បីទៅទស្សនាហើយក៏បានជួបជនរងគ្រោះទាំង ៤ នាក់ដោយចៃដន្យ។ «ដោយសារគាត់អត់ចេះបំពេញបែបបទនៅព្រលានខ្ញុំក៏ជួយបំពេញហើយពេលទៅដល់ភូមាយើងបានបែកគ្នា»។

ប៉ុន្តែមេធាវីការពារក្តីជនរងគ្រោះលោក សេក សាវឿន បានលើករូបថតបង្ហាញទៅអង្គសវនាការថាជនរងគ្រោះទាំង ៤ ត្រូវបានឈ្មោះ ឆាយ និងបក្ខពួកនាំដើរលេងដើម្បីរង់ចាំវីសា។ ប៉ុន្តែ ឃឹម ចន្ទ្រា និយាយថាគាត់បានជួបពួកគេដោយចៃដន្យ។ ទោះយ៉ាងណាជនជាប់ចោទបានប្រាប់ប៉ូលិសកាលពីថ្ងៃឃាត់ខ្លួនថាគេបានទទួលប្រាក់ ២០០០ ដុល្លារពីគ្រួសារវៀតណាមដើម្បីនាំជនរងគ្រោះទាំង ៤ ទៅភូមា។

ព្រះរាជអាជ្ញាលោក ចែ សុង ហាក់មិនបានចោទសួរដាក់បន្ទុកលើជនជាប់ចោទ ឃឹម ចន្ទ្រា ទេ ប៉ុន្តែបានព្រមានទៅជនរងគ្រោះថាពួកគេត្រូវនិយាយការពិតបើមិនដូច្នោះទេ ពួកគេនឹងអាចមានទោសរឿងកុហកតុលាការ។ ប៉ុន្តែទោះយ៉ាងណាក៏ជនរងគ្រោះបានសារភាពថាពួកនាងបានដកពាក្យបណ្តឹងឈប់ប្តឹងឈ្មោះ ឃឹម ចន្ទ្រា, ប៊ុន ហួរ និង ប៊ុន ស៊ីម ហើយក្រោយពេលគេបានទទួលប្រាក់សំណងក្រៅប្រព័ន្ធតុលាការចំនួន ២០០០ ដុល្លារ។ ប៉ុន្តែពួកគេនៅប្តឹងទាមទារជំងឺចិត្តពីជនជាប់ចោទ ចាន់ សុឃីម ដោយជនរងគ្រោះម្នាក់ៗទារសំណងចំនួន ១០០០ ដុល្លារ។

មេធាវីការពារជនរងគ្រោះម្នាក់ទៀតគឺលោកស្រី អ៊ុក ស៊ីណាកេត បានស្នើឲ្យតុលាការផ្ដន្ទាទោសជនជាប់ចោទទៅតាមច្បាប់។ លោក ទូច សារិទ្ធ មេធាវីការពារឈ្មោះ ចាន់ សុឃីម បានស្នើឲ្យតុលាការបន្ធូរបន្ថយទោសដល់កូនក្តីលោក និងសុំឲ្យកូនក្តីលោកបន្តនៅក្រៅឃុំ។ ចំណែក លោក សន គីណាល់ មេធាវីការពារឲ្យឈ្មោះ ឃឹម ចន្ទ្រា, ប៊ុន ហួរ និង ប៊ុន ស៊ីម បានសុំឲ្យកូនក្តីលោករួចផុតពីបទចោទ។ ចៅក្រម អ៊ី ឋាវរៈ នឹងប្រកាសសាលក្រមនៅថ្ងៃសុក្រសប្តាហ៍ក្រោយ៕

website_news/20171606003.txt · Last modified: 2017/06/16 14:44 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki