website_news:20171606005

រដ្ឋមន្ត្រីការងារ ៖ កម្ពុជាមានអ្នកបម្រើការនៅជប៉ុនជិត៤ពាន់នាក់

http://www.rasmei-kampuchea-news.html ដោយ ៖វិបុល ថ្ងៃទី 16 មិថុនា 2017 ម៉ោង 10:06:AM

(ភ្នំពេញ) ៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងថា បច្ចុប្បន្នកម្ពុជាបានបញ្ជូនកម្មសិក្សាការីជិត ៤.០០០នាក់ ដែលបម្រើការងារនៅប្រទេសជប៉ុន ហើយថ្មីៗនេះជប៉ុនបានធ្វើវិសោធនកម្មច្បាប់ស្ដីពីការធ្វើកម្មសិក្សាបច្ចេកទេស ដែលនឹងផ្ដល់ការអនុគ្រោះ និងភាពងាយស្រួលច្រើនដល់កម្មសិក្សាការីកម្ពុជានៅទីនោះ។ លោករដ្ឋមន្ត្រីថ្លែងយ៉ាងដូច្នេះ ក្រោយបញ្ចប់ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក KENSUKE TSUZUKI អនុប្រធានជាន់ខ្ពស់ នៃអង្គការសហប្រតិបត្តិការខាងការបណ្តុះបណ្តាលអន្តរជាតិជប៉ុន (JITCO) នាល្ងាចថ្ងៃទី១៤ ខែមិថុនាឆ្នាំ២០១៧ នៅទីស្តីការក្រសួងការងារ។ លោកបានឲ្យដឹងថា មកដល់បច្ចុប្បន្ននេះ កម្ពុជាមានកម្មសិក្សាការីទៅបម្រើការនៅប្រទេសជប៉ុនជិត ៤,០០០នាក់។

ក្នុងជំនួបនោះ លោក KENSUKE TSUZUKI ក៏បានលើកឡើងពីការកែប្រែមួយចំនួនទាក់ទងនឹងការបញ្ជូនកម្មសិក្សាការីទៅប្រទេសជប៉ុន ពោលគឺការធ្វើវិសោធនកម្មច្បាប់ស្តីពី ការធ្វើកម្មសិក្សាបច្ចេកទេស កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ហើយច្បាប់នេះ នឹងត្រូវបានចូលជាធរមាន នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុខនេះ។ លោកបន្តថា ជប៉ុនបានជួបជាមួយសហជីពរបស់ខ្លួនចំនួន១៣ដង នៅ៨កន្លែង រួចមកហើយដើម្បីធ្វើការផ្សព្វផ្សាយពន្យល់ពីខ្លឹមសារនៃច្បាប់ថ្មីនេះ ហើយភាគីជប៉ុននឹងបន្តធ្វើការពន្យល់ដល់រដ្ឋជាដៃគូទាំង១៥ ដែលក្នុងនោះមានប្រទេសកម្ពុជាផងដែរដើម្បីធ្វើការស្វែងយល់ និងរៀបចំកិច្ចព្រមព្រៀងជាមួយគ្នា។ លោក KENSUKE TSUZUKI បានគូសបញ្ជាក់ថា ដោយសារច្បាប់ថ្មីត្រូវបានបង្កើតឡើង ដូចនេះជប៉ុនត្រូវមានការរៀបចំឱ្យមានអនុស្សរណៈ នៃកិច្ចសហប្រតិបត្តិការ (MoU) ថ្មីរវាងប្រទេសជាដៃគូ ហេតុនេះហើយលោកសង្ឃឹមថា មុនខែវិច្ឆិកាឆ្នាំ២០១៧នេះ ប្រទេសជប៉ុននឹងអាចចុះអនុស្សរណៈរួចរាល់ ជាមួយប្រទេសជាដៃគូរទាំង១៥។ លោក KENSUKE TSUZUKI បានស្នើសុំឱ្យភាគីកម្ពុជា សហការសម្របសម្រួលដល់កិច្ចការងារនេះ ក្នុងពេលឆាប់ៗហើយបានធ្វើការអញ្ជើញលោករដ្ឋមន្ត្រីព្រមទាំងគណៈប្រតិភូរបស់ក្រសួងការងារកម្ពុជា ទៅធ្វើទស្សនកិច្ចនៅប្រទេសជប៉ុនផងដែរ៕

website_news/20171606005.txt · Last modified: 2017/06/16 14:52 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki