website_news:2017170202

ឆ្នាំ២០១៦ពលករខ្មែរស្របច្បាប់ជាង១លាននាក់បានបំរើការងារនៅក្រៅប្រទេស

http://vayofm.com/news/detail 15-02-2017 5:05 pm

ដោយសារទីផ្សារការងារ នៅកម្ពុជាមិនទាន់មានភាពទូលាយ រួមនឹងបញ្ហាជីវភាពផងនោះ ទើបធ្វើឲ្យប្រជាពលរដ្ឋខ្មែរជាច្រើន សម្រេចចិត្តធ្វើចំណាកស្រុក ទៅធ្វើការងារនៅក្រៅប្រទេស។ យ៉ាងណាមិញ ក្នុងឆ្នាំ២០១៦ ពលករ-ពលការិនីខ្មែរ ជាង១លាន ១សែននាក់ បាននឹងកំពុងរស់នៅ និងធ្វើការនៅក្រៅប្រទេស។ នេះបើតាមការបញ្ជាក់ពី លោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានថ្លែងបញ្ជាក់ នៅក្នុងកិច្ចប្រជុំបូកសរុប វឌ្ឍនភាពការងារ ឆ្នាំ២០១៦ ទិសដៅការងារឆ្នាំ២០១៧ នាថ្ងៃទី១៥ ខែកុម្ភៈ នៅទីស្ដីការក្រសួងការងារ។

លោករដ្ឋមន្ត្រីមានប្រសាសន៍បន្តថា ពលករ-ពលការិនី ដែលកំពុងបំរើការងារនៅក្រៅប្រទេស រួមមាន ប្រទេស ថៃ កូរ៉េ ម៉ាឡេស៊ី ជប៉ុន និងសិង្ហបុរីជាដើម។ ដោយឡែក សម្រាប់ការផ្គត់ផ្គង់សេដ្ឋកិច្ច មកក្រុមគ្រួសារនៅស្រុកកំណើត គឺមានជាង១.៧លានដុល្លារ ក្នុង១ឆ្នាំ។ លោកបន្តថា ក្រៅពីការជួយសម្រួលបញ្ហាជីវភាពក្រុមគ្រួសារនៅកម្ពុជា ពលករខ្មែរទាំងនោះ ក៏ទទួលបាន ជំនាញវិជ្ជាជីវៈ ពេលត្រឡប់មកវិញ ក្នុងការរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ បានផ្ដល់សេវាការងារធ្វើជូនប្រជាជនតាមឃុំ-សង្កាត់ តាមរយៈទីភ្នាក់ងារមុខរបរ និងការងារ, វេទិកាការងារ និងទីភ្នាក់ងារជ្រើសរើសឯកជនស្របច្បាប់។

យ៉ាងណាក៏ដោយ ទាក់ទងនឹងពលករខ្មែរ ធ្វើការនៅក្រៅប្រទេសនេះ ពួកគេក៏មានបញ្ហាប្រឈមមួយចំនួនផងដែរ ដូចជា គ្រោះថ្នាក់ពេលបំពេញការងារ បញ្ហាសុខភាព ករណីស្លាប់ក៏តែងតែកើតឡើងជារឿយៗផងដែរ ពិសេសពលករនៅប្រទេសកូរ៉េ។ នេះបើតាមការបញ្ជាក់ពីពលករ នៅលើបណ្តាញសង្គម។

សូមបញ្ជាក់ថា ក្នុងចំណោមបណ្តាប្រទេសខាងលើ ថៃគឺជាប្រទេសដែលមានពលករ-ពលការិនីខ្មែរច្រើនជាងគេ បានទៅធ្វើការនៅទីនោះ ដែលមានជាង១លាន៦ម៉ឺនាក់។ ក្នុងនោះក៏មានប្រជាពលរដ្ឋខ្មែរ ប្រមាណ៣៦ម៉ឺននាក់ មិនទាន់មានឯកសារត្រឹមត្រូវ បំពេញការងារនោះទេ។ នេះជាការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការងារ កាលពីពេលថ្មីៗនេះ៕ ដោយៈសៅ វិសាល

website_news/2017170202.txt · Last modified: 2017/02/17 13:28 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki