website_news:2017170204

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃស្នើរដ្ឋាភិបាលកាណាដា បង្កើនកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសជួញដូរមនុស្ស

http://bayontv.com.kh/ 16/02/2017

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា នៅថ្ងៃទី១៦ ខែកុម្ភៈ បានស្នើរដ្ឋាភិបាលប្រទេសកាណាដា បង្កើនការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខរវាង កម្ពុជា-កាណាដា ពិសេសការបង្កើនកិច្ចសហប្រតិបត្តិការវាងនគរបាលកម្ពុជា និងកម្លាំងតម្រួតភូមិន្ទកាណាដា លើការងារបង្ក្រាបបទល្មើសជួញដូរមនុស្ស គ្រឿងញៀន និងបទល្មើសឧក្រិដ្ឋកម្មឆ្លងដែននានាទៀត។

ភ្នំពេញ៖ ក្នុងជំនួបជាមួយលោកជំទាវ DonicaPottie ឯកអគ្គរដ្ឋទូតកាណាដាមាននិវេសនដ្ឋាននៅប្រទេសថៃ នៅទីស្តីការក្រសួង សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា នៅពេលខាងមុខ កម្ពុជា មានការងារជាច្រើនដែលត្រូវស្នើសុំរដ្ឋាភិបាលកាណាដា បង្កើនកិច្ចសហប្រតិបត្តិការ ហើយការងារនោះប្រទេសទាំងពីរកម្ពុជា កាណាដា នឹងស្វែងរកកិច្ចពិភាក្សារួមមួយ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខឲ្យកាន់តែទូលំទូលាយថែមទៀត ពិសេសការរួមសហការបង្ក្រាបបទល្មើសជួញដូរមនុស្សឆ្លងដែន ប្រយុទ្ធប្រឆាំងគ្រឿងញៀននិងឧក្រិដ្ឋកម្មឆ្លងដែនជាដើម។

លោកជំទាវ DonicaPottie ឯកអគ្គរដ្ឋទូតកាណាដា បានឯកភាពតាមការស្នើឡើងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា ខណៈបច្ចុប្បន្នស្ថានទូត កំពុងបានធ្វើការត្រួតពិនិត្យវាយតំលៃលើការងារកិច្ចសហប្រតិបត្តិការវាងកម្លាំងនគរបាលជាតិកម្ពុជា និងកងតម្រួតភូមិន្ទកាណាដា ក្នុងរយៈពេលកន្លងមក ហើយតួនាទីភារកិច្ចជាឯកអគ្គរដ្ឋទូតទើបតែងតាំងថ្មីនេះ លោកជំទាវ នឹងពិនិត្យពិចារណាជួយកម្ពុជា ទៅតាមសំណូមពរ ដែលកម្ពុជា និងកាណាដាចង់បាន។ លោកជំទាវបន្តថា បច្ចុប្បន្នប្រទេសកាណាដា កំពុង និងបានបញ្ជូនកងតម្រួតជំនាញមកកម្ពុជា ដើម្បីបណ្ដុះបណ្ដាលពង្រឹងសមត្ថភាព លើការងារជំនាញប្រឆាំងបទល្មើសឧក្រិដ្ឋ ដល់កងកំលាំងនៃអគ្គស្នងការនគរបាលជាតិ និងជួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍លើការងារបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពផ្នែកគ្រប់គ្រងព្រំដែន ហើយក្រៅពីនេះ កាណាដា ក៏កំពុងបានពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកគយរបស់កម្ពុជា លើការងារត្រួតពិនិត្យនូវកុងតឺន័រផ្ទុកទំនិញនាំចេញ នាំចូល នៅតាមកំពុងផែ រួមសហការទប់ស្កាត់ទំនិញខុសច្បាប់ឆ្លងដែន និងទប់ស្កាត់ក្រុមឧក្រិដ្ឋជនប្រើប្រាស់កំពុងផែ ប្រព្រឹត្តបទល្មើសផ្សេងៗ៕

website_news/2017170204.txt · Last modified: 2017/02/17 13:37 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki