website_news:2017170205

រដ្ឋាភិបាលកំពុងរៀបចំផ្តល់ភាពស្របច្បាប់ដល់ពលករនៅថៃ

http://wmc.org.kh/archives ដោយ៖ ធូ វីរៈ ថ្ងៃទី 16 កុម្ភៈ 2017 ម៉ោង 6:45 PM

ភ្នំពេញ៖កាលពីដើមខែកុម្ភៈនេះ រាជរដ្ឋាភិបាលកម្ពុជានិងរាជរដ្ឋាភិបាលថៃ បានចុះកិច្ចព្រម ព្រៀងមួយដើម្បីផ្តល់ភាពស្របច្បាប់ដល់ពលករចំណាកស្រុកពីកម្ពុជា។

មន្ដ្រីជាន់ខ្ពស់របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា ពលករកម្ពុជាដែលកំពុងស្នាក់នៅនិងធ្វើការនៅប្រទេសថៃ ៤៥ម៉ឺននាក់ នឹងទទួលបានភាពស្របច្បាប់ធ្វើការនៅប្រទេសថៃក្នុងរយៈពេលដ៏ខ្លីខាងមុខ។ ពលករទាំងនេះគឺជាពលករដែលមានភាពស្របច្បាប់បណ្តោះអាសន្នរួចទៅហើយ។

អ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានអះអាងថា ពលករកម្ពុជាដែលកំពុងស្នាក់នៅដោយមិនទាន់ស្របច្បាប់ពេញលេញនៅក្នុងប្រទេសថៃចំនួន ៤៥ម៉ឺននាក់នឹងទទួលបានភាពស្របច្បាប់ដើម្បីធ្វើការនៅក្នុងប្រទេសនេះក្នុងពេលឆាប់ៗនេះ។

សេចក្តីថ្លែងការណ៍របស់មន្ត្រីអ្នកនាំពាក្យធ្វើឡើងក្រោយពីកិច្ចប្រជុំបូកសរុបការងារ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។ កិច្ចប្រជុំរយៈពេលពីរថ្ងៃដែលត្រូវបញ្ចប់នៅថ្ងៃព្រហស្បត្តិ៍នេះ។ នៅក្នុងពេលនេះស្ថានទូតកម្ពុជាក្នុងទីក្រុងបាងកកបានត្រៀមចែកចាយលិខិតឆ្លងដែនចំនួន ២៣ម៉ឺនដល់ពលករទាំងនោះ។

លោក ហេង សួរ បញ្ជាក់ថា ពលករដែលនឹងទទួលបានភាពស្របច្បាប់នេះគឺជាពលករដែលមានប័ណ្ណព័ណ៌ស៊ីជំពូដែលធ្វើក្រោយឆ្នាំ២០១៦។ ឬមានន័យថាពួកគេមានភាពស្របច្បាប់បណ្តោះអាសន្នរួចទៅហើយ។ «រដ្ឋាភិបាលថៃគាត់ផ្តល់ភាពស្រប់ច្បាប់តែចំពោះពលករទាំងឡាយណាដែលមានប័ណ្ណពណ៌ស៊ីជំពូហើយ។ គាត់មានប័ណ្ណពណ៌ស៊ីជំពូហើយ គាត់ត្រូវការលិខិតឆ្លងដែន លិខិតធ្វើដំណើរ និងប័ណ្ណពលករកម្ពុជា ថែមមួយទៀត បូកប័ណ្ណពណ៌ស៊ីជំពូ គឺគាត់អាចរស់នៅស្រប់ច្បាប់ ធ្វើការដោយស្រប ច្បាប់បាន តែផ្ទុយទៅវិញ បើសិនយើងមានលិខិតឆ្លងដែន លិខិតធ្វើដំណើរ តែអត់ប័ណ្ណពណ៌ស៊ីជំពូ ក៏គាត់មិនអាចទទួលបានភាពស្រប់ច្បាប់នៅឯប្រទេសថៃនោះទេ»។

ដោយសារចំណោទជីវភាពពលរដ្ឋកម្ពុជាឆ្លងដែនទៅធ្វើការនៅប្រទេសជិតខាងជារៀងរាល់ឆ្នាំ។ ក្នុងនោះមានប្រទេសវៀតណាមនិងប្រទេសថៃជាដើម។ ប៉ុន្តែពួកគេភាគច្រើនបានឆ្លងដែនទៅធ្វើការនៅប្រទេសថៃទាំងស្របច្បាប់និងទាំងខុសច្បាប់ដោយសារប្រទេសនេះសម្បូរ ការងារនិងតម្លៃពលកម្មខ្ពស់ជាងនៅប្រទេសកម្ពុជា។ ជួនកាលពួកគេត្រូវអាជ្ញាធរថៃចាប់បញ្ជូនត្រឡប់មកវិញឬចាប់ដាក់មន្ទីរ ឃុំឃាំងមុននឹងបញ្ជូនត្រឡប់មកវិញដោយសារពួកគេឆ្លងចូលទៅធ្វើការខុសច្បាប់។ ពលករកម្ពុជាធ្វើការនៅប្រទេសថៃជាពិសេសក្នុងវិស័យកសិកម្ម សំណង់ឬនេសាទ។

លោកស្រី មួ សុខហួរ តំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិដែលធ្លាប់បានទៅជួបពលករខ្មែរនៅប្រទេសថៃនាពេលកន្លងមក។ លោកស្រីបានសាទរវិធានការផ្តល់ឯកសារស្របច្បាប់ដល់ពលករចំណាក់ស្រុកដែលកំពុងធ្វើកានៅប្រទេសនេះ។ លោកស្រីមួ សុខហួរ រំពឹងថា ចំណាត់ការនេះនឹងអាចជួយការពារពលករពីការរំលោភសិទ្ធិ និងការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងការចាប់ដាក់ពន្ធនាគារក្នុងប្រទេសថៃ។ «ប្រសិនបើរាជរដ្ឋាភិបាល ជាពិសេស ស្ថានទូត រាជទូតថ្មីយើង ការយកចិត្តទុកដាក់ ទាំងឯកឧត្តម ហ៊ុន ម៉ាណែត ដែល លោក ធ្វើបានជោគជ័យ លទ្ធិផលល្អ យើងអប់អរសាទរ ព្រោះយើងចង់ឲ្យពលករយើងចំណេញ ពលករយើងបានស្រប់ច្បាប់ កុំលំបាក់គេបណ្តេញមកវិញ ឬប្រឈមមុខទៅនិងការគេចាប់គេចង»។

ប្រទេសកម្ពុជានិងប្រទេសថៃទើបតែបានចុះហត្ថលេខារួមគ្នាកាលពីដើមខែកុម្ភៈលើកិច្ចព្រមព្រៀង ដើម្បីផ្តល់ភាពស្របច្បាប់ដល់ពលករចំណាកស្រុកពីកម្ពុជា។ នៅក្នុងនោះកម្ពុជាបានស្នើសុំការអនុញ្ញាតពីប្រទេសថៃដើម្បីពង្រីទីតាំងចែកចាយលិខិតឆ្លងដែនចំនួនប្រាំកន្លែងបន្ថែមទៀត។ ទីតាំងទាំងនោះស្ថិតនៅខេត្តសាមុត្រប្រាកាន ឈុនបុរី ខេត្តឆាក់ឈើងសាវ និងខេត្ត រ៉ាក់យ៉ង។ មានពលករចំណាកស្រុកកម្ពុជាដែលកំពុងធ្វើការនៅប្រទេសថៃចំនួនសរុប ១លាន ៦ម៉ឺននាក់។ ក្នុងនោះពលករស្រប់ច្បាប់មានចំនួនប្រមាណ ៣៣ ម៉ឺននាក់ និងពលករស្រប់ច្បាប់បណ្តោះអាសន្នប្រមាណ ៤៥ ម៉ឺននាក់។ នេះបើតាមតួលេខផ្លូវការរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ៕

website_news/2017170205.txt · Last modified: 2017/02/17 13:44 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki