website_news:2017170206

ពលករខ្មែរខុសច្បាប់ធ្វើការនៅថៃ៖ ឆ្នាំ២០១៦ បញ្ជូនត្រឡប់ជាង ៣ម៉ឺននាក់, ពលករស្របច្បាប់ទៅថៃក៏ច្រើន

http://www.rasmeinews.com/local ដោយ ៖ភ្នំស្វាយ ថ្ងៃទី 17 កុម្ភៈ 2017 ម៉ោង 11:15:AM

បន្ទាយមានជ័យ៖ នៅតែមានពលករខ្មែរខុសច្បាប់យ៉ាងច្រើនចូលទៅធ្វើការនៅថៃ។ ជាក់ស្តែងក្នុងឆ្នាំ២០១៦ កន្លងមក អាជ្ញាធរមានសមត្ថកិច្ចថៃ បានបញ្ជូនត្រឡប់មាតុភូមិនិវរត្តន៍ពលករខ្មែរឆ្លងដែនខុសច្បាប់ជាង ៣ម៉ឺននាក់។ ប៉ុន្តែពលករខ្មែរស្របច្បាប់ចូលទៅរកការងារធ្វើតាមរោងចក្រ ការដ្ឋានសំណង់ កសិដ្ឋាន និងទីផ្សារ ការងារជាច្រើនទៀត ក្នុងប្រទេសថៃ ក៏ច្រើនដែរនាបច្ចុប្បន្ន។

អ្នកស្រី ស៊ិន ណាំយ៉ុង អ្នកស្រង់ទិន្នន័យពលករខ្មែរត្រឡប់ពីប្រទេសថៃ នៅស្នាក់ការក្នុងផ្សារមង្គល នាព្រំដែនអន្តរជាតិប៉ោយប៉ែ ប្រាប់កាសែតរស្មីកម្ពុជាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ថា ក្នុងឆ្នាំ២០១៦ កន្លងមក អាជ្ញាធរមានសមត្ថកិច្ចថៃ បានបញ្ជូនពលករខ្មែរមកវិញ មានជាង ៣៤.៧០០នាក់។ ក្នុងនោះ ស្ត្រីជាង ៦.០០០នាក់ កុមារជាង ៤០០នាក់។ អ្នកស្រីបានជួយធ្វើកិច្ចការនេះ ហាក់ដូចជាជំនួស ឬជួយមន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងមន្ត្រីនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ព្រមទាំងអាជ្ញាធរសង្កាត់ និងក្រុង។

យោងទិន្នន័យឲ្យដឹងថា នៅដើមឆ្នាំ២០១៧នេះ ពលករខ្មែរឆ្លងដែនខុសច្បាប់ដែលថៃចាប់បញ្ជូនមាតុភូមិ និវត្តន៍ ដោយបង្ខំនៅតែមានចំនួនច្រើន។ ក្នុង១ថ្ងៃមានជិត ឬជាង១៣០នាក់។ ក្នុងនោះ ក៏មានទាំងអ្នកទោសផងដែរ។ ពលករខ្មែរឆ្លងដែនខុសច្បាប់ នៅតែជ្រៀតចេញតាមច្រករបៀងខ្លះ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត និងស្រុកដទៃទៀត នៃខេត្តបន្ទាយមានជ័យ, ស្រុកនានា ក្នុងខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តឧត្តរមាននជ័យ និងខេត្តកោះកុង។ ពលករឆ្លងដែនខុសច្បាប់និយាយថា ពួកខ្លួនសុខចិត្តធ្វើដូច្នេះ ព្រោះការសុំបែបបទស្របច្បាប់ពីខាងអាជ្ញាធរកម្ពុជា លំបាកស្មុគស្មាញ ចំណាយច្រើនទាំងពេលទាំងសោហ៊ុយ…។ ចំពោះពលករឆ្លងដែនខុសច្បាប់ ភាគីថៃតែងបញ្ជូនមាតុភូមិនិវត្តន៍មកកម្ពុជាវិញ តាមច្រកព្រំដែនអន្តរជាតិខ្លងលឹក-ប៉ោយប៉ែត។

ដោយឡែក ភ្នាក់ងារក្រុមហ៊ុនស្របច្បាប់នាំពលករខ្មែរទៅរកការងារធ្វើនៅប្រទេសថៃ ប្រាប់កាសែតរស្មីកម្ពុជាថ្ងៃទី១៦ កុម្ភៈថា មានក្រុមហ៊ុនច្រើន ហើយពលករក៏ច្រើនបានបញ្ជូនទៅថៃស្របច្បាប់ តាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងលឹក។ តាមប៉ាន់ប្រមាណ និងដោយថ្ងៃខ្លះ ពលករខ្មែរបញ្ជូនទៅថៃមានជិត ឬជាង១.០០០នាក់/ថ្ងៃ៕L

website_news/2017170206.txt · Last modified: 2017/08/24 15:09 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki