website_news:2017170301

អាវុធហត្ថ ក្រុងប៉ោយប៉ែត បង្ក្រាបទីតាំងស្តុកពលករ មួយកន្លែងឃាត់បាន មេខ្យលម្នាក់រំដោះបានពលករ១៧នាក់

http://dap-news.com/kh ព្រហស្បតិ៍, ១៦ មិនា ២០១៧ 21:49 ដោយ: ប៊ុន សំណាង ID:038

បន្ទាយមានជ័យ៖ ទីតាំងស្តុកពលករ ដុះស្លែមួយកន្លែង លើដីកាស៊ីណូត្រូពីកាណា នៅបណ្តោយផ្លូវបេតុង ឬហៅតាផ្លូវស្តងតា ងួន ក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងកងរាជ អាវុធហត្ថក្រុងប៉ោយប៉ែត ចុះឡោមពទ្ធ័បង្ក្រាបបានឃាត់ខ្លួនមនុស្សប្រុសស្រី១៩នាក់ យកមកសួរនាំ ក្រោយទទួលបានពត៌មានថា មានមេខ្យល់នាំមនុស្សឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧នេះប្រតិបត្តិការបង្ក្រាបនេះដឹកនាំបង្ក្រាបដោយលោក ជា ដា មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត លោក នួន នីណារ៉ូ មេបញ្ជាការរងក្រុង លោក សុខ សេងហួត នាយរងសេនាធិការនៃបញ្ជាការដ្ឋានកងរាជអាវុធ ហត្ថខេត្តបន្ទាយមានជ័យ និងមន្រ្តី អ ហ ជាច្រើនរូប។

លោក នួន នីណារ៉ូ មេបញ្ជាការរងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានអោយដឹងថា ការបង្ក្រាបទីតាំង ខាងលើជាលទ្ធផល សមត្ថកិច្ចយើងបានឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១៩នាក់ ក្នុងនោះម្ចាស់ទីតាំង១នាក់ មេខ្យល់១នាក់ រថយន្តឡុចស៊ីស៣០០ ចំនួន១គ្រឿង ពលករប្រុសស្រី១៧នាក់ ក្នុងនោះមានកូនង៉ា១នាក់។ពួក គាត់អះអាងថា ទៅស៊ីឈ្នួលនៅប្រទេសថៃ តាមរយះមេខ្យល់ បង់ថ្លៃជូនអោយគេម្នាក់២០០០បាត។ លោកបន្តថា ពលករទាំងនោះមួយចំនួនមកពី ខេត្តកំពង់ធំ ខេត្តតាកែវ ខេត្តពោធិសាត់ ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ។ ពួកគាត់ត្រូវបានមេខ្យល់អោយជិះរថយន្តតាក់ស៊ីមកក្រុងប៉ោយប៉ែត ពេលមកដល់គោលដៅគ្រាន់មេខ្យល់គេអោយម៉ូតូឌុបទៅទទួល រួចយកទៅស្តុកអោយសម្រាកនៅទីតាំងផ្លូវផ្ទះមួយកន្លែងចុះពី ផ្លូវជាតិលេខ៥ចំនួន៣០០ម៉ែត្រខាងស្តាំដៃ តាមផ្លូវស្តង់តាងួន នៅពេលបានច្រើនមេខ្យល់បានអោយរថយន្តមក ដឹកជញ្ជូនដើម្បីទៅឆ្លងដែននៅច្រករបៀងបន្តនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ។

បច្ចុប្បន្នមនុស្សប្រុសស្រីទាំងនេះត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់សួរនាំ និងធ្វើការ អប់រំដល់ពួកគាត់ពាក់ពន្ធ័ការឆ្លងដែនខុសច្បាប់ និងការប្រឈមនានាពេលឆ្លងដែន ការធ្វើទារុណកម្ម ការបាញ់ ប្រហារ ប្រឈមគ្រាប់មីនតាមព្រំដែន និងបានណែនាំដល់ពលករទាំងនោះអោយវិលត្រឡប់ទៅស្រុកកំណើតវិញ បើចង់ឆ្លងដែនគួរទៅលក្ខណះស្របច្បាប់កុំឆ្លងដែនបែបប្រថុយប្រថាន អាចជួបគ្រោះថ្នាក់ផ្សេងៗឬចាញ់បោកគេ៕

website_news/2017170301.txt · Last modified: 2017/08/24 15:20 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki