website_news:2017170303

កម្ពុជា-អូស្ដ្រាលី បន្ដអនុវត្តអនុស្សរណៈស្ដីពីជនភៀសខ្លួន

http://www.postkhmer.com Fri, 17 March 2017 ទូច សុខា

ភ្នំពេញៈ ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ជាថ្មីទៅកាន់សមាជិកព្រឹទ្ធសភារបស់អូស្រ្តាលីថាកម្ពុជានៅតែបន្តអនុវត្តអនុស្សរណៈយោគយល់ស្តីពីការទទួលយកជនភៀសខ្លួនអូស្រ្តាលីពីកោះណេរុ ខណៈដែលបច្ចុប្បន្ននេះមានជនភៀសខ្លួនចំនួន ៤ នាក់ក្នុងចំណោម ៦ នាក់ដែលមកដល់ប្រទេសកម្ពុជាបានសម្រេចចិត្តវិលត្រឡប់ទៅប្រទេសកំណើតរបស់ខ្លួនវិញ។

រដ្ឋាភិបាលកម្ពុជាបានយល់ព្រមទទួលយកជនភៀសខ្លួនមកពីកោះណេរុរបស់ប្រទេសអូស្ត្រាលីកាលពីឆ្នាំ ២០១៤ ជាថ្នូរមកវិញជាមួយនឹងទឹកប្រាក់ ៤០ លានដុល្លារអូស្ត្រាលី និងជំនួយលើផ្នែកសេវាស្នាក់នៅកម្ពុជារបស់អ្នកទាំងនោះចំនួន ១៥ លានដុល្លារអូស្ត្រាលីបន្ថែមទៀត។ នៅក្នុងជំនួបរវាងរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាលោក ប្រាក់ សុខុន ជាមួយសមាជិកព្រឹទ្ធសភាអូស្រ្តាលីលោកស្រី Concetta Fierravanti Wells កាលពីម្សិលមិញភាគីកម្ពុជាបានសន្យាបន្តអនុវត្តអនុស្សរណៈយោគយល់ដែលបានចុះហត្ថលេខានាពេលកន្លងមក។ នេះបើយោងតាមលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាដែលបានប្រាប់អ្នកសារព័ត៌មានក្រោយពីជំនួបនោះ។

លោក ជុំ សុន្ទរី ឲ្យដឹងដែរថារហូតមកទល់ពេលនេះមិនទាន់មានជនភៀសខ្លួនណាម្នាក់ស្ម័គ្រចិត្តមកកម្ពុជាទៀតទេ។ លោកបន្ថែមថា៖ «ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីជំហររបស់កម្ពុជាបន្តអនុវត្ត MoU នោះហើយខាងលោកជំទាវក៏បានសម្តែងនូវអំណរគុណចំពោះការគាំទ្ររបស់កម្ពុជាលើបញ្ហានេះ…គឺយើងនៅតែបន្តខ្ជាប់ខ្ជួន MoU នេះ…រហូតមកទល់បច្ចុប្បន្ននេះអត់ទាន់មានអ្នកមកទៀតទេ»។

បើតាមលោក ជុំ សុន្ទរី បច្ចុប្បន្នជនភៀសខ្លួនចំនួន ៤ នាក់បានវិលទៅប្រទេសកំណើតរបស់ខ្លួនវិញ ហើយ ២ នាក់កំពុងស្នាក់នៅកម្ពុជាដែលជាជនជាតិរ៉ូហ៊ីងយ៉ា និងស៊ីរី។

គួរបញ្ជាក់ថាការព្រមទទួលយកជនភៀសខ្លួននេះត្រូវបានអង្គការសង្គមស៊ីវិលមួយចំនួនយល់ថាកម្ពុជាគ្មានលទ្ធភាពទទួលជនភៀសខ្លួននេះឡើយ និងថាបញ្ហាមានតែភាគីរដ្ឋាភិបាលកម្ពុជា និងអូស្រ្តាលីប៉ុណ្ណោះដែលចំណេញពីកិច្ចព្រមព្រៀងនេះ។ ជាមួយគ្នានេះដែរអតីតមេបក្សប្រឆាំងលោក សម រង្ស៊ី ក៏ធ្លាប់ស្នើឲ្យភាគីអូស្រ្តាលីពិចារណាឡើងវិញពីការបញ្ជូនជនភៀសខ្លួនអូស្រ្តាលីមកកម្ពុជានេះដោយលោកបានលើកឡើងថាកម្ពុជាមិនទាន់មានសមត្ថភាពគ្រប់គ្រាន់សម្រាប់ទទួលអ្នកទាំងនោះឡើយ៕

website_news/2017170303.txt · Last modified: 2017/03/17 16:14 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki