website_news:2017170702

ល្ពៅធ្លាក់ថ្លៃដល់ ១៥០រៀល បង្ខំឲ្យកសិករធ្វើចំណាកស្រុក ដោះបំណុល

http://kleykley.sabay.com.kh/article/ ថ្ងៃទី14-07-2017 ម៉ោង 13:57

កសិកររស់នៅឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង បានឲ្យដឹងកាលពីថ្ងៃទី១៣ កក្កដា ម្សិលមិញថា ដំណាំល្ពៅមានតម្លៃទាបបំផុតគិតជាមធ្យម ១គីឡូក្រាម តម្លៃ ១៥០រៀលដល់ ១៨០រៀល បើប្រៀបធៀបនឹងតម្លៃលក់ល្ពៅកាលពីឆ្នាំ២០១៥ មានតម្លៃជាមធ្យមជាង ១០០០រៀលក្នុងមួយគីឡូក្រាម។ កសិករខ្លះត្រូវបង្ខំចិត្តស្វែងរកការងារធ្វើនៅក្រៅប្រទេស ដើម្បីដោះបំណុល ត្បិតពួកគាត់កន្លងទៅបានខ្ចីប្រាក់ពីធនាគារ ឬមីក្រូហិរញ្ញវត្ថុច្រើនលានរៀល ដើម្បីធ្វើដើមទុនដាំដុះ។

កសិកររស់នៅឃុំសំអាង លោក ផាន់ ណារិទ្ធ បានឲ្យដឹងថា កសិករមួយចំនួនបានដាំល្ពៅមួយគ្រួសារចាប់ពី ១ហិកតាដល់ ៥ហិកតា បានបង្ខំចិត្តបោះបង់ល្ពៅចោលច្រើនតោនក្នុងចម្ការ ព្រោះតម្លៃល្ពៅបច្ចុប្បន្នមិនអាចទូទាត់កម្លាំងពលកម្មដែលប្រមូលពីចម្ការនោះទេ។ លោកថា “ទាំងគេទាំងខ្ញុំខ្ចីលុយគេមកធ្វើដូចគ្នា ហើយពឹងលើលក់ដោះដូរចឹង សងលុយទៅធនាគារវិញ។ សំណូមពរដល់រដ្ឋាភិបាលឲ្យជួយរកទីផ្សារកសិកម្មឲ្យផង កូនចៅជំពាក់គេច្រើនដោយសារខ្ចីលុយគេមកធ្វើកសិកម្ម”។

កសិករម្នាក់ទៀត លោក ឈឿន ឆាយ បានឲ្យដឹងដែរថា “ប្រហែល ៣០ ទៅ ៤០ភាគរយហើយចំណាកស្រុកទៅថៃ និងទៅចិន អី។ ឲ្យតែបានលុយរាល់ថ្ងៃនេះ និយាយទៅនៅស្រុកខ្មែរយើងអត់មានអ្នកណាជួយទេ ដំឡូងក៏ថោក ហើយល្ពៅរាល់ថ្ងៃនេះចប់ ទីផ្សាររកតែដឹកក្រឡេថង (គោយន្ត) មកមិនកើតផង”។

ចំណែកអ្នកនាំពាក្យសាលាខែត្តស្ទឹងត្រែង លោក ម៉ែន គុង ឲ្យដឹងថា អាជ្ញាធរខេត្តពុំមានមូលដ្ឋានគ្រប់គ្រងការឡើងចុះតម្លៃកសិផលរបស់កសិករបានទេ។ យ៉ាងណា លោកថាអាជ្ញាធរខេត្តបានជំរុញឲ្យស្ថាប័នជំនាញ សិក្សា និងរកមូលហេតុនៃការឡើងចុះតម្លៃនេះ ហើយក្រុមការងារខែត្ត នៅគ្រាដែលចុះមូលដ្ឋាន បានជំរុញឲ្យកសិករសិក្សាពីតម្លៃកសិផលនៅតំបន់ផ្សេងៗឲ្យច្បាស់លាស់សិន មុនសម្រេចចិត្តលក់ផលិតផល៕

website_news/2017170702.txt · Last modified: 2017/07/16 13:48 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki