website_news:2017170704

ទូតកម្ពុជានៅ ម៉ាឡេស៊ី អន្តរាគមន៍ ជួយពលករខ្មែរ៦នាក់

http://www.daem-ampil-news.html សុក្រ, ១៤ កក្កដា ២០១៧ 16:39 ដោយ: ដើមអម្ពិល ID:012

ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ជួយពលករ-ពលការិនីខ្មែរចំនួន ៦នាក់ ដែលចូលទៅបម្រើ ការងារដោយខុសច្បាប់ ព្រមទាំងបានរៀបចំមាតុភូមិនិវត្តន៍ ជូនពលករ៥នាក់ផង ដែរ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៤ កក្កដានេះ បានឲ្យដឹងថាកិច្ចអន្តរាគមន៍ទាំងនោះរួមមាន៖

១-ជួយឲ្យមានការបន្ធូរបន្ថយទោស និងរៀបចំមាតុភូមិនិវត្តន៍ របស់ពលករខ្មែរចំនួន៥នាក់ ដូចមានរាយនាមខាង ក្រោម ដែលបានទៅម៉ាឡេស៊ីដោយខុសច្បាប់ ប្រកបរបរកាប់ឈើ កាលពីឆ្នាំ២០១៤៖ ឈ្មោះ ផា វាសនា អាយុ ២១ ឆ្នាំ មកពីខេត្តកំពត,ឈ្មោះ មាស រិទ្ធិ អាយុ ២១ឆ្នាំ មកពីខេត្តកំពត,ឈ្មោះ ការីម អាប់ឌុលឡាស់ អាយុ ៥៩ឆ្នាំ មកពីខេត្តកំពង់ចាម,ឈ្មោះ អូម៉ា ព្រំ អាប់ឌុលឡាស់អាយុ៥៥ឆ្នាំ មកពីខេត្តកំពង់ចាមនិង ឈ្មោះ ហែម រី អាយុ ៤៦ឆ្នាំ មកពីខេត្តព្រៃវែង។

នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ នគរបាលម៉ាឡេស៊ីបានចាប់ខ្លួនពលករទាំង៥នាក់ នៅស្រុក Kluang នៃរដ្ឋ Johor ពីបទសម្លាប់សត្វត្រកួត កាន់កាប់ភ្លុកដំរី និងកាប់ឈើខ្លឹមច័ន្ទ ហើយនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ តុលាការ បានប្រកាសពីស្ថានទម្ងន់ទោសដូចតទៅ៖បទល្មើស «សម្លាប់សត្វត្រកួត និងកាន់កាប់ភ្លុកដំរី» ជាប់ពន្ធនាគារ៥ឆ្នាំ និងត្រូវបង់ពិន័យ៥០.០០០រីងហ្គីត (ប្រមាណ ១១.៨២០ដុល្លារអាមេរិក)។ បទល្មើស«កាប់ឈើខ្លឹមច័ន្ទគ្រឹស្នា» ជាប់ពន្ធនាគារ១ខែ និងបង់ពិន័យ ១០.០០០ រីងហ្គីត(ប្រមាណ ២.៣៦៤ដុល្លារអាមេរិក) ហើយក្នុងករណីពុំមានប្រាក់បង់ពិន័យ ត្រូវជាប់ពន្ធនាគារ៤ខែ។ បន្ទាប់ពីមានកិច្ចអន្តរាគមន៍របស់ស្ថានទូត តុលាការ ម៉ាឡេស៊ីបានបន្ធូរបន្ថយទោស មកត្រឹមជាប់ពន្ធនាគារ ចំនួន៥ខែ គិតពីថ្ងៃចាប់ខ្លួនពីថ្ងៃទី១១ ខែមីនា រហូតដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ និងពុំចាំបាច់បង់ប្រាក់ ពិន័យឡើយ។ ពលករទាំង៥នាក់ បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ វេលា ម៉ោង១៧:៣៥នាទី តាមជើងយន្តហោះ MH762 ។

ចំណែកទី២- ជួយពលការិនីខ្មែរម្នាក់ឈ្មោះ ប.ច.ឌ អាយុ២១ឆ្នាំ មកពីស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលបាន ទៅម៉ាឡេស៊ី ធ្វើការងារផ្ទះ ពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៥ តាមរយៈក្រុមហ៊ុនមួយនៅកម្ពុជា។ ដោយ ធ្វើការលំបាក នាងបានមកស្ថានទូតនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧ ស្នើសុំជួយទាមទារប្រាក់ខែ ដែលនៅសល់ពីនិយោជក និងជួយនាងឲ្យបានត្រឡប់មកកម្ពុជាវិញ។

ក្រោមមានកិច្ចអន្តរាគមន៍ដ៏ស្វិតស្វាញរបស់ស្ថានទូត និយោជកបានប្រគល់លិខិតឆ្លងដែន និងប្រាក់ខែ ដែលនៅសល់ចំនួន១២៤០០រីងហ្គីត (ប្រមាណ២.៩០០ដុល្លារអាមេរិក) ជូនពលការិនី នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧។ ពលការិនី ប.ច.ឌ នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង ១៥:៥៥នាទី តាមជើងយន្តហោះ AK534 ។

ក្នុងអំឡុងពេលរង់ចាំត្រឡប់មកកម្ពុជាវិញស្ថានទូតបានផ្តល់កន្លែងស្នាក់នៅនិងអាហារបរិភាគជូនពលការិនី ផងដែរ៕

website_news/2017170704.txt · Last modified: 2017/07/16 14:08 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki