website_news:2017170804

ពលករខ្មែរពីបន្ទាយមានជ័យនិងកំពង់ធំ៣២នាក់ត្រូវបានប៉ូលិសថៃឃាត់ខ្លួន

http://www.thmey-thmey-news.html 16, Aug 2017 , 9:19 pm ដោយ: រ៉ឹម ភារី

ភ្នំពេញ៖ ពលករខ្មែរ៣២នាក់ ត្រូវបានតម្រួតថៃ និងកម្លាំងអន្តោប្រវេសន៍ឃាត់ខ្លួននៅខេត្តស្រះកែវ ប្រទេសថៃ ខណៈពួកគេកំពុងឆ្លងដែនដោយខុសច្បាប់ចូលទៅរកការងារធ្វើនៅប្រទេសថៃ តាមរយៈមេខ្យល់ខ្មែរ។

ពលករខ្មែរ ដែលមានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ និងខេត្តកំពង់ធំ ចំនួន៣២នាក់ ត្រូវបានតម្រួតថៃ ឃាត់ខ្លួននៅខេត្តស្រះកែវប្រទេសថៃ ពាក់ព័ន្ធនឹងការចូលទឹកថៃគ្មានលិខិតស្នាមត្រឹមត្រូវ។ នេះបើតាមគេហទំព័រអគ្គស្នងដ្ឋាននគរបាលជាតិចុះផ្សាយនៅថ្ងៃទី១៦ ខែសីហា។ បើតាមគេហទំព័រខាងលើ ពួកគេទាំង៣២នេះ ត្រូវបានមេខ្យល់ខ្មែរសន្យាផ្តល់ការងារនៅរាជធានីបាងកក ជាថ្នូរនឹងប្រាក់៣ពាន់បាត។ បន្ទាប់មក ពួកគេបានជិះឡានម៉ាកទួរីសមួយគ្រឿង សំដៅទៅរាជធានីបាងកក ប៉ុន្តែ ត្រូវតម្រួតថៃចាប់ខ្លួននៅខេត្តស្រះកែវទឹកដីថៃ។

លោក អ៊ុស្មាន ស៊ូឡុង អ្នកបើកបររថយន្តពាក់ស្លាកលេខ បាងកក ៣២.០៨៤១ ជាជនជាតិថៃរស់នៅខេត្តប៉ាតានី ដែលប៉ងបុកបារ៉ាស់នគរបាលថៃ បានអះអាងថា លោកគ្រាន់តែជាអ្នកស៊ីឈ្នួលបើកឡានប៉ុណ្ណោះ។ នេះបើតាមគេហទំព័រខាងលើ ដោយបន្តសរសេរថា ពលករខ្មែរទាំង៣២នាក់ ដែលមានប្រុស១៩នាក់ ស្រី១៣នាក់ មានបំណងទៅធ្វើការនៅរាជធានីបាងកក ដោយសារ មានមេខ្សល់ខ្មែរម្នាក់ធានារកការងារឲ្យធ្វើជាថ្នូរនឹងប្រាក់៣ពាន់បាតក្នុងម្នាក់ៗ។

សូមបញ្ជាក់ថា បច្ចុប្បន្ន ពលករខ្មែរទាំង៣២នាក់ និងអ្នកបើកបរ ដែលត្រូវបានចាប់ខ្លួនកាលពីល្ងាចថ្ងៃទី១៤ ខែសីហា ត្រូវបានតម្រួតជំនាញថៃ បញ្ជូនទៅអធិការដ្ឋានស្រុកអារញ្ញប្រាក់ថេត៕

website_news/2017170804.txt · Last modified: 2017/09/01 16:00 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki