website_news:2017171001

រដ្ឋមន្ត្រីក្រសួងការងារ៖ ពលករខ្មែរ នៅថៃ មាន១លាន៥ម៉ឺននាក់

http://www.everyday-news.html ថ្ងៃ ចន្ទ ទី ១៦ ខែ តុលា ឆ្នាំ ២០១៧ ម៉ោង ១៨:៣៩

រដ្ឋមន្ត្រីក្រសួងការងារបានធ្វើការអំពាវនាវដល់ បងប្អូនពលករខ្មែរឱ្យរស់នៅ ធ្វើការងារដោយគោរពច្បាប់របស់ប្រទេសថៃ រក្សាសាមគ្គីភាព ទំនាក់ទនងល្អជាមួយថៃ និងខិតខំរៀនបច្ចេកទេសវិជ្ជាជីវៈ សម្រាប់ពេលចប់កិច្ចសន្យា វិលទៅប្រទេសវិញ នឹងមានជំនាញ និងលទ្ធភាព ប្រកបរបរខ្លួនឯង ឬស្វែងរកការងារធ្វើ ដែលប្រកបដោយភាពថ្លៃថ្នូរ និងប្រាក់កម្រៃខ្ពស់។ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយប្រជាពលករខ្មែរ ដែលកំពុងបម្រើការងារក្នុងរោងចក្រផលិតសាច់មាន់ GFPT ស្ថិតក្នុងខេត្តឈុនប៊ុរី ប្រទេសថៃ ។ ការចុះជួបសំណេះសំណាលជាពលករខ្មែរនៅក្រុមហ៊ុននេះ ជាលើកទី២ហើយ ដោយលើកទី១ បានធ្វើឡើងនៅខេត្តសមុទ្របាកាន។

លោករដ្ឋមន្ត្រី បានថ្លែងថា បងប្អូនពលករខ្មែរជាពលរដ្ឋដ៏ឆ្នើមរបស់ជាតិ ដោយបានរួមចំណែករកចំណូលជូនជាតិ បងប្អូនពលករខ្មែរនៅប្រទេសថៃ មានជាង១លាននាក់ នៅប្រទេសជប៉ុន មានជិត៥០០០នាក់ នៅកូរ៉េខាងត្បូង មានជាង៥ម៉ឺននាក់ ក្នុងនោះបងប្អូនខ្មែរមានគ្រួសារកូរ៉េ ១៥០០០នាក់។ ចំណូលមធ្យមជិត២ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ។ ពលករនៅថៃ មាន១លាន៥ម៉ឺននាក់ ប្រាក់ឈ្នួលជាង៣០០បាត ក្នុងមួយថ្ងៃ។ បានរកការងារល្អដែលការងារមួយកន្លែង យើងចំណាយលើការអនុគ្រោះដល់អ្នកវិនិយោគទុន ២០០០ដុល្លារអាមេរិក។ បានរៀនសូត្រជំនាញដែលការបណ្ដុះបណ្ដាលជំនាញម្នាក់ចំណាយ ១០០០ដុល្លារ។ បានរកចំណូលជួយគ្រួសារ តាមរយៈការកសាងជីវភាពគ្រួសារ កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍ភូមិឃុំ។ បានបង្កើនទំនាក់ទំនងមិត្តភាព តាមរយៈការទទួលបានមិត្តភ័ក្ដិ គ្រួសារ និងសង្គម មានប្រយោជន៍សម្រាប់សហប្រតិបត្តិការមិត្តភាពប្រជាជន និងប្រជាជន។ ពេលត្រឡប់មកកម្ពុជាវិញ បងប្អូនពលករ គឺជាធនធានមនុស្សដែលមានជំនាញខ្ពស់ ដើម្បីកសាងប្រទេស តាមរយៈការងារនៅក្នុងស្រុក។

លោករដ្ឋមន្ត្រី អ៊ិត សំហេង បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ចំពោះសុខទុក្ខរបស់បងប្អូនពលករខ្មែរ។ ជាក់ស្ដែង កាលពីខែកក្កដា ឆ្នាំ២០១៤ រាជរដ្ឋាភិបាលថៃបានបញ្ជូនពលករខ្មែរមកកម្ពុជាវិញយ៉ាងគំហុក រហូតដល់២៧ម៉ឺននាក់ ត្រឹមតែរយៈពេលអាទិត្យប៉ុណ្ណោះ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាបានទទួលស្វាគមន៍ ក៏ដូចជាជួយដឹកជញ្ជូន និងជួយរកការងារធ្វើនៅក្នុងប្រទេស ក្នុងនោះក៏មានការផ្ដល់លិខិតឆ្លងដែនដោយមិនគិតថ្លៃ រៀបចំគណៈកម្មការផ្ដល់ភាពស្របច្បាប់ទៅប្រទេសថៃ ដើម្បីដោះស្រាយជូនបងប្អូនពលករខ្មែរ។

លោករដ្ឋមន្ត្រី មានប្រសាសន៍បន្តថា កាលពីខែកក្កដា ឆ្នាំ២០១៧ អាជ្ញាធរថៃបានកែទម្រង់ច្បាប់រិតបន្តឹងចំពោះនិយោជកថៃ និងកម្មករបរទេសខុសច្បាប់ក្នុងប្រទេសរបស់ខ្លួន។ បញ្ហានេះនាំឲ្យពលករខ្មែរ និងក្រុមគ្រួសារមានបារម្ភខ្លាំង ព្រោះខ្លាចមានការបណ្ដេញចេញដូចកាលពីឆ្នាំ២០១៤។ ឆ្លើយតបនឹងបញ្ជាចំពោះមុខនោះ ក្រោមការចង្អុលបង្ហាញពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោករដ្ឋមន្ត្រី អ៊ិត សំហេង បានដឹកនាំប្រតិភូកម្ពុជាចូលជួបជាមួយសមភាគីថៃ ដើម្បីដោះស្រាយបញ្ហាខាងលើនេះ ហើយជាលទ្ធផលបានព្រមព្រៀងលើដំណោះស្រាយបញ្ហាមួយចំនួន ក្នុងនោះមានការធានាសុវត្ថិភាពជូនបងប្អូនពលករ និងការពន្យាការអនុវត្ត៦ខែ ក្នុងការអនុវត្តច្បាប់ថ្មីនោះ (សុពលភាពដល់ខែមករា ឆ្នាំ២០១៨)។

មិនតែប៉ុណ្ណោះ ភាគីថៃបានបង្កើតមណ្ឌលចំនួន១០ នៅរាជធានីបាងកក និងនៅគ្រប់ខេត្ត ដើម្បីចុះបញ្ជីពលករខ្មែរយើង ចាប់ពីថ្ងៃ២៤ ខែកក្កដា ដល់ថ្ងៃទី៧ ខែសីហា មាន២៤ម៉ឺននាក់ ដែលខុសច្បាប់។ ចំណែកភាគីកម្ពុជាវិញ បានបើកយុទ្ធនាការ១០០ថ្ងៃ ដើម្បីចុះផ្ដល់លិខិតធ្វើដំណើរពលករកម្ពុជាធ្វើការនៅបរទេស (TD) និងប័ណ្ណពលករកម្ពុជាទៅធ្វើនៅបរទេស (OCWC) ក្នុងនោះផ្ដល់ជូនពលករបានចំនួន ១៦ម៉ឺននាក់។ ធ្វើលិខិតធ្វើដំណើរពលករកម្ពុជាធ្វើការនៅបរទេស (TD) និងប័ណ្ណពលករកម្ពុជាទៅធ្វើនៅបរទេស (OCWC) ថ្មី ដោយចំណាយពេលត្រឹមតែ១ថ្ងៃ និងថវិកា ២,៣៥០បាតប៉ុណ្ណោះ នឹងទទួលបានប័ណ្ណទាំងនោះភ្លាម ដោយបានបញ្ជូនបុគ្គលិក ៣៦០នាក់ មកបំពេញបេសកកម្មនេះផងដែរ។

អត្ថប្រយោជន៍ដែលពលករកម្ពុជាកម្ពុជាទទួលបានពីការផ្តល់ភាពស្របច្បាប់ រួមមាន៖ ក. លិខិតធ្វើដំណើរពលករកម្ពុជាធ្វើការនៅបរទេស (TD)៖ ១. មានសិទ្ធិធ្វើដំណើរឆ្លងកាត់ព្រំដែន កម្ពុជា-ថៃ ២. អាចធ្វើដំណើរបានទូទាំងខេត្ត-ក្រុង នៅក្នុងប្រទេសថៃ ៣. ងាយស្រួលសម្គាល់ពីអត្តសញ្ញាណជាពលករកម្ពុជា ដែលទទួលអត្ថប្រយោជន៍ និងការយកចិត្តទុកដាក់ពីអាជ្ញាធរពាក់ព័ន្ធ ខ. អត្ថប្រយោជន៍របស់ប័ណ្ណពលករកម្ពុជាទៅធ្វើនៅបរទេស (OCWC)៖ ១. សិទ្ធិទទួលស្គាល់ជំនាញ អតីតភាពការងារ ដែលអាចឱ្យពលរកស្វែងរកការងារធ្វើនៅពេលត្រឡប់មកប្រទេសកម្ពុជាវិញ។ ២. អត្ថប្រយោជន៍ធានារ៉ាប់រង៖ នៅពេលមានគ្រោះថ្នាក់ការងារ តំណាងស្របច្បាប់របស់ពលករមានសិទ្ធិទទួលបាននូវប្រាក់ធានារ៉ាប់រង រួមមាន ប្រពន្ធ ឬកូនចៅ ឬឱពុកម្តាយ ទៅតាមលំដាប់សន្តតិជន។ ៣. អត្ថប្រយោជន៍របបសន្តិសុខសង្គម និងប្រាក់សោធននិវត្ត។ គ.អត្ថប្រយោជន៍ដែលទទួលបានពីលិខិតធ្វើដំណើរ TD និងប័ណ្ណ OCWC៖ ១. លក្ខខណ្ឌទទួលបានភាពស្របច្បាប់ ក្នុងស្នើសុំទិដ្ឋាការស្នាក់នៅ (Stay Permit) និងសៀវភៅការងារ (Work Permit) ពីអាជ្ញាធរថៃ។ ២. ទទួលបានសិទ្ធិពេញលេញក្នុងការការពារសិទ្ធិ និងអត្ថប្រយោជន៍ ដូចពលករថៃ ដូចជាប្រាក់ឈ្នួល សិទ្ធិបើកបញ្ជីធនាគារ ប័ណ្ណបើកបរ និងឯកសារផ្សេងៗទៀត។

លោករដ្ឋមន្ត្រី បានបន្តទៀតថា ប្រទេសកម្ពុជាយើងកំពុងមានសុខសន្តិភាព និងការអភិវឌ្ឍ។ អត្រាកំណើនសេដ្ឋកិច្ចមាន ៧% អត្រាការងារធ្វើមាន ៩៩,៣%។ ជីវភាពប្រជាជនធូធារ ប្រាក់ខែមន្ត្រីរាជការឡើងបាន ៨០ម៉ឺន ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ ១៥៣ដុល្លា ហើយនៅឆ្នាំ២០១៨ ខាងមុខ ប្រាក់ឈ្នួលអប្បរមារបស់កម្មករនឹងឡើងដល់ ១៧០ដុល្លារ។ មានរបបសន្តិសុខសង្គម គ្រោះថ្នាក់ការងារ ថែទាំសុខភាព និងរបបចូលនិវត្តន៍។ បងប្អូននារីៗដែលសម្រាលកូន ទទួលបានប្រាក់ឧបត្ថម្ភពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថែមទៀត៕

website_news/2017171001.txt · Last modified: 2017/10/17 13:56 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki