website_news:2017171103

ឧត្តមសេនីយ៍ឯក ហួរ ឡាយ អញ្ជើញបិទវគ្គបណ្តុះបណ្តាលស្តីពីការប្រយុទ្ធប្រឆាំងការរំលោភបំពានលើអនីតិជន

http://cambodiapolice.com/blog/archives/ ម៉ោង 2:16 pm 17 វិច្ឆិកា 2017 13

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៧ ខែវិចិ្ឆកា ឆ្នាំ២០១៧នេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ មានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីការប្រយុទ្ធប្រឆាំងការរំលោភបំពានលើអនីតិជន ក្រោមកិច្ចសហប្រតិបត្តិការជាមួយនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ (DCI) ក្រសួងមហាផ្ទៃបារាំង ។ ពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួរ ឡាយ អនុប្រធានដ្ឋានកណ្តាលនគរបាលយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកវរសេនីយ៍ត្រី Olivier lefebvre អនុព័ន្ធសន្តិសុខផ្ទៃក្នុង (វៀតណាម កម្ពុជា ឡាវ ) អមស្ថានទូតបារាំង ប្រចាំទីក្រុងហាណូយ ប្រទេសវៀតណាម ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួរ ឡាយ អនុប្រធានដ្ឋានកណ្តាលនគរបាលយុត្តិធម៌ បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះ មានមេរៀនសំខាន់ៗ និងការអនុវត្តជាក់ស្តែង សម្រាប់កិច្ចការងាររបស់មន្ត្រីនគរបាលយុត្តិធម៌នៅទូទាំងប្រទេស ។ ឯកឧត្តមបន្តថា យើងដឹងច្បាស់ថា បញ្ហារំលោភបំពានផ្លូវភេទ ក៏ដូចជាជួញដូរផ្លូវភេទកុមារ ពាក់ព័ន្ធការងាររំលោភលើអានីតិជននេះ គឺភាគ ច្រើន កើតទៅលើប្រទេសក្រីក្រ និងប្រទេសដែលកំពុងអភិវឌ្ឍក៏កើតច្រើនដែរ ។ ឯកឧត្តមអនុប្រធានដ្ឋានកណ្តាលនគរបាលយុត្តិធម៌ បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ដែលទើបបញ្ចប់វគ្គថា ក្នុងនាមយើងជាមន្ត្រីនគរបាលយុត្តិធម៌ គឺជាអ្នកអនុវត្តច្បាប់ ដាច់ខាតយើងត្រូវតែពង្រឹងនូវចំណេះដឹងផ្នែកច្បាប់ជាមូលដ្ឋាន ។ អ្វីដែលនគរបាលយុត្តិធម៌ត្រូវមើលហើយមើលទៀត គឺក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ ទើបអាចពង្រីកចំណេះដឹងរបស់យើងបាន ។ មួយវិញទៀត ចេះច្បាប់ហើយ ប៉ុន្តែនៅ សល់អំពីនីតិវិធី មានន័យថា ប្រតិបត្តិការជាក់ស្តែង ដូចដែលយើង បានរៀនកន្លងមកនេះ គឺសុទ្ធតែជាចំណេះយកទៅអនុវត្តជាក់ស្តែង ។ ប៉ុន្តែថ្នាក់ដឹកនាំនាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ ក៏ដូចជាអគ្គស្នងការនគរបាលជាតិដឹងច្បាស់ណាស់ថា ការងារប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ជាពិសេសការងារប្រយុទ្ធប្រឆាំងអំពើអណាចារលើកុមារ ការងារប្រយុទ្ធប្រឆាំងការរំលោភលើអានីតិជននេះ គឺលំបាកណាស់

ទី១.គឺពិបាកក្នុងការស្វែងរកភស្តុតាង ដើម្បីដាក់បន្ទុកលើជនល្មើស ដូច្នេះទាមទារឲ្យសមត្ថភាពយើងខ្លាំង និង ទី២. ពាក់ព័ន្ធការពង្រឹងនីតិវិធី ពង្រឹងសំណុំរឿងបញ្ជូនទៅតុលាការ ពេលខ្លះសំណុំរឿងដែលយើង ធ្វើហើយបញ្ជូនទៅតុលាការនោះ បើធ្វើមិនស្រួលទៅដល់តុលាការ របូតបាត់ក៏មានដែរ ។ អីចឹងហើយនាយកដ្ឋានកណ្តាលនគរបាល យុត្តិធម៌ មានរៀបចំបើកវគ្គបណ្តុះបណ្តាល ដើម្បីឲ្យមន្ត្រីអនុវត្តច្បាប់ ត្រូវពង្រឹងសំណុំរឿង គឺពង្រឹងភស្តុតាង ពង្រឹងនីតិវិធីទៅតុលាការ គឺជាកិច្ចការសំខាន់ ។ ឯកឧត្តមអនុប្រធានដ្ឋានកណ្តាលនគរបាលយុត្តិធម៌ ជំនួសមុខឲ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានស្នើសុំដល់លោកវរសេនីយ៍ត្រី Olivier lefebvre អនុព័ន្ធសន្តិសុខផ្ទៃក្នុង (វៀតណាម កម្ពុជា ឡាវ ) អមស្ថានទូតបារាំង ប្រចាំទីក្រុងហាណូយ ប្រទេសវៀតណាម ក៏ដូចជាគ្រូៗបង្គោល សូមឲ្យមានវគ្គបណ្តុះបណ្តាលនេះជាបន្តបន្ទាប់ទៀតផងដែរ ៕ ដោយ ៖ អនុសេនីយ៍ត្រី ខេន ពេជ្រ

website_news/2017171103.txt · Last modified: 2017/11/17 16:46 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki