website_news:2017180403

កម្ពុជាស្នើឲ្យកូរ៉េខាងត្បូងជួយសម្រួលការងារជូនពលករខ្មែរចំនួន៧ចំណុច

http://www.rfa.org/khmer/news ដោយ ថា កិត្យា 2017-04-17

រដ្ឋមន្ត្រីក្រសួងការងារកម្ពុជា ស្នើរដ្ឋាភិបាលប្រទេសកូរ៉េខាងត្បូង ចំនួន ៧ចំណុច ដើម្បីជួយសម្រួលដល់ការងារជូនពលករខ្មែរដែលកំពុងធ្វើការនៅទីនោះឲ្យបានគ្រប់ៗគ្នា និងកាន់តែប្រសើរថែមទៀត។ រីឯមន្ត្រីសង្គមស៊ីវិលយល់ថា សំណើរបស់កម្ពុជា នៅមិនទាន់ឆ្លើយតបចំពោះតម្រូវការរបស់ពលករខ្មែរក្នុងពេលបច្ចុប្បន្ននេះឡើយ។ការដាក់សំណើទៅរដ្ឋាភិបាលកូរ៉េខាងត្បូង នេះ គឺធ្វើឡើងក្នុងជំនួបរវាងរដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង និងប្រធានអង្គភាពសុខុមាលភាព និងគ្រោះថ្នាក់ការងារនៃសាធារណរដ្ឋកូរ៉េ លោក ស៊ិម ខ្វ័ងវ៉ូ (Shim Khuong-Woo) នៅប្រទេសកូរ៉េខាងត្បូង នៅព្រឹកថ្ងៃទី១៧ ខែមេសា ខណៈលោករដ្ឋមន្ត្រីអញ្ជើញចូលរួមការប្រារព្ធពិធីអបអរសាទរសង្ក្រាន្តឆ្នាំថ្មីនៅប្រទេសកូរ៉េ ដែលរៀបចំដោយក្រសួង និងស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ។ យោងតាមអង្គភាពសារព័ត៌មានហ្វ្រេសញ៉ូវ (Fresh News) ដែលបានសម្ភាសជាមួយអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ ដែលកំពុងឋិតនៅប្រទេសកូរ៉េ បង្ហាញថា សំណើរបស់រដ្ឋមន្ត្រីកម្ពុជា នោះមាន ៧ចំណុចសំខាន់ៗរួមមាន៖

•ទី១ ជួយធ្វើការអប់រំ ផ្សព្វផ្សាយអំពីការធានារ៉ាប់រង និងការផ្តល់អត្ថប្រយោជន៍ផ្សេងៗពីរបបនេះដល់ពលករកម្ពុជា ឲ្យបានគ្រប់ៗគ្នា

•ទី២ ជួយបង្កើនការអប់រំ ផ្សព្វផ្សាយការបង្ការទប់ស្កាត់ហានិភ័យការងារផ្សេងៗដែលនឹងអាចកើតជាយថាហេតុ ហើយមានផលប៉ះពាល់ដល់ពលករកម្ពុជា

•ទី៣ បង្កើនកម្មវិធីអប់រំផ្សេងៗឲ្យបានកាន់តែច្រើនថែមទៀតដល់ពលករកម្ពុជា

•ទី៤ ជួយរៀបចំឲ្យមានប្រព័ន្ធចុះឈ្មោះក្នុងការផ្តល់មុខជំនាញបច្ចេកទេសដល់ពលករកម្ពុជា ដើម្បីមានជំនាញច្បាស់លាស់នៅពេលដែលត្រឡប់ទៅកម្ពុជា វិញ ហើយអាចស្វែងរកការងារធ្វើនៅក្នុងស្រុក ឬបន្តទៅក្រៅស្រុក និងប្រកបរបរដោយខ្លួនឯងបាន

•ចំពោះសំណើទី៥ សុំបង្កើតការទំនាក់ទំនងរវាងស្ថាប័នសន្តិសុខសង្គមនៃប្រទេសទាំងពីរ លើការអនុវត្តផ្នែកសោធននិវត្តន៍ តាមរយៈការបង្កើតនូវប្រព័ន្ធមួយច្បាស់លាស់ ដើម្បីគ្រប់គ្រងក្នុងការផ្តល់របបនេះឲ្យបានល្អ ជៀសវាងបាត់បង់អតីតភាពការងារ និងអត្ថប្រយោជន៍ផ្សេងៗ

•ទី៦ ស្នើសុំកូរ៉េ បន្តជួយលើផ្នែកហានិភ័យការងារ តាមរយៈការបន្តអនុវត្តអនុស្សរណៈនៃការយោគយល់គ្នារវាងស្ថាប័នទាំងពីរ ដែលបានព្រមព្រៀងតាំងពីឆ្នាំ២០១០ មក

•សំណើចុងក្រោយ គឺសុំជួយផ្តល់បទពិសោធន៍ក្នុងការអនុវត្តរបបសោធននិវត្តន៍ដល់កម្ពុជា បន្ទាប់ពីរបបថែទាំសុខភាពដែលបេឡាជាតិរបបសន្តិសុខសង្គមរបស់កម្ពុជា កំពុងអនុវត្ត។

ប្រភពដដែលបន្តថា ភាគីកូរ៉េ បានគាំទ្រ និងទទួលយកចំពោះការស្នើសុំរបស់កម្ពុជា ហើយសន្យាបន្តការយកចិត្តទុកដាក់ផ្តល់នូវការគាំពារសង្គមដល់ពលករកម្ពុជា ឲ្យបានកាន់តែល្អប្រសើរថែមទៀត។ ទោះយ៉ាងណា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) លោក មឿន តុលា ចាត់ទុកសំណើរបស់រដ្ឋមន្ត្រីក្រសួងការងារ ថានិយាយឲ្យតែបាននិយាយប៉ុណ្ណោះ ព្រោះថាសំណើទាំងនោះនៅមិនទាន់ឆ្លើយតបនឹងតម្រូវការចាំបាច់របស់ពលករខ្មែរនៅឡើយ។ ម្យ៉ាងទៀត ពលករខ្មែរដែលទៅកូរ៉េ នោះ គឺតាមរយៈរដ្ឋ និងរដ្ឋ ដូច្នេះមុននឹងទៅ គឺមានលក្ខខណ្ឌជជែកគ្នារួចទៅហើយ៖ «រឿងសោធននិវត្តន៍អីនេះ វាអត់ឡូយសិកទេ ព្រោះពលករខ្មែរដែលទៅកូរ៉េ នោះ វាមានអាណត្តិរបស់គេ។ មានន័យថា មានរយៈពេល ២ឆ្នាំ ឬក៏ ៣ឆ្នាំអ៊ីចឹងទៅ ហើយសោធននិវត្តន៍ទាល់តែគាត់ចូលនិវត្តន៍។ អ៊ីចឹងពលករខ្មែរដែលទៅកូរ៉េ នោះ អត់ដល់អាយុសោធននិវត្តន៍ទេ។ រឿងគ្រោះថ្នាក់ការងារវិញវាមាននៅក្នុងអនុស្សរណៈយោគយល់គ្នារវាងខ្មែរ និងកូរ៉េ រួចទៅហើយ។ ពាក់ព័ន្ធនឹងរឿងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដើម្បីឲ្យពលករខ្មែរត្រឡប់មកវិញបានការងារនៅក្នុងប្រទេសនេះ គឺតាមពិតទៅ ពលករខ្មែរដែលធ្វើការនៅទីនោះរយៈពេល ២ឆ្នាំទៅ ៣ឆ្នាំនោះ គាត់មានជំនាញមួយចំនួនហើយ ប៉ុន្តែពេលត្រឡប់មកវិញ ប្រទេសខ្មែរនៅតែអត់ទាន់មានទីផ្សារការងារដែលអាចស្រូបយកពួកគាត់ដដែល»។

លោក មឿន តុលា បន្តថា តម្រូវការចាំបាច់របស់ពលករដែលរដ្ឋមន្ត្រីក្រសួងការងារ គួរលើកទៅជជែក ឬស្នើសុំទៅរដ្ឋាភិបាលកូរ៉េ នោះ គឺសិទ្ធិរបស់ពលករខ្មែរក្នុងការចូលរួមជាសមាជិកសហជីព និងសិទ្ធិក្នុងការចរចាជាសមូហភាពជាមួយថៅកែ។ បញ្ហាមួយទៀតនោះ គឺស្នើឲ្យរដ្ឋាភិបាលកូរ៉េ ជួយសម្រួលក្នុងការដូរកន្លែងធ្វើការ ព្រោះថាកន្លងមក ពលករខ្មែរដែលរងគ្រោះមិនត្រូវបានអនុញ្ញាតឲ្យដូរកន្លែងធ្វើការឡើយ ពោលគឺពួកគាត់មានតែជម្រើសរត់គេចខ្លួនទាំងខុសច្បាប់ ហើយរងការកេងប្រវ័ញ្ចកម្លាំងពលកម្ម៕

website_news/2017180403.txt · Last modified: 2017/04/18 14:16 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki