website_news:2017180405

ពិធីសម្ពោធដាក់អោយប្រើប្រាស់ផ្ទះស្នាក់នៅបណ្តោះអាសន្នសម្រាប់ពលករ

https://www.facebook.com/pg/mlvt.gov.kh ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧

នៅសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ នេះផងដែរឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងគណៈប្រតិភូ អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្ទះស្នាក់នៅបណ្តោះអាសន្នសម្រាប់ពលករកម្ពុជា និងសំណេះសំណាលជាមួយពលករកម្ពុជា ដែលកំពុងស្នាក់នៅក្នុងផ្ទះនេះ នៅទីក្រុងអឺចុងប៊ូ ប្រទេសកូរ៉េ ដែលបានការចូលរួមដោយឯកឧត្តម គីម វ៉ន អភិបាលរងខេត្តខ្យង់គីដូ លោក អ៊ី យ៉ង ប្រធានមជ្ឈមណ្ឌលគាំពារពលករបរទេស លោក គឹម ហេសរ ប្រធានអង្គការអភិវឌ្ឍន៍ធនធានមនុស្សក្រុងគឹមហេរ និងសមត្ថកិច្ចទទួលបន្ទុកពលករបរទេសប្រចាំទីក្រុង អឺចុងប៊ូ និងពលករកម្ពុជាជាច្រើននាក់ទៀត។ តាមរបាយការណ៍របស់លោក អ៊ី យ៉ង ប្រធានមជ្ឈមណ្ឌលគាំពារពលករបរទេស បានជម្រាបជូនថា ការរៀបចំឱ្យមានផ្ទះស្នាក់នៅបណ្តោះអាសន្នសម្រាប់ពលករកម្ពុជានេះ គឺដើម្បីសម្រួលដល់ការលំបាករបស់ពលករកម្ពុជា ដែលបានផ្លាស់ប្តូរកន្លែងការងារពីកន្លែងផ្សេងមកកាន់ទីនេះ អាចស្នាក់នៅដើម្បីស្វែងរកការងារធ្វើបន្តទៀត។

ផ្ទះស្នាក់នៅនេះ មានបន្ទប់គេង ចង្រ្កានបាយ បន្ទប់ទឹក និងបំពាក់នូវសម្ភារៈមួយចំនួនផងដែរ។ ទន្ទឹមនឹងការស្នាក់នៅនេះ មជ្ឈមណ្ឌលគាំពាពលកររបស់លោក បានផ្តល់សេវាក្នុងការស្វែងរកការងារធ្វើ និងការផ្សព្វផ្សាយពីសកម្មភាពផ្សេងៗដល់ពលករក្នុងពេលដែលកំពុងស្នាក់នៅផងដែរ។ ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់មជ្ឈមណ្ឌលដែលបានរៀបចំឱ្យមានផ្ទះស្នាក់នៅបណ្តោះអាសន្នសម្រាប់ពលករកម្ពុជា ដែលជាគម្រោងមួយដែលសម្តេចតេជោ នាយករដ្ឋមន្រ្តី និងកូនប្រុសច្បងរបស់សម្តេច គឺឯកឧត្តម ហ៊ុន ម៉ាណែត បានគាំទ្រ។ រហូតមកដល់ពេលនេះ ផ្ទះស្នាក់នៅបណ្តោះអាសន្ននេះ រៀបចំបានចំនួន ៥ កន្លែងមកហើយ ដែលមាននៅ ទីក្រុងអានសាន ទីក្រុងស៊ូវុន ទីក្រុងគីមហេរ ទីក្រុងក្វាងជូរធំ និងទីក្រុងអឺចុងប៊ូ ដែលនឹងត្រូវបានសម្ពោធនាពេលនេះ។ ជាមួយនេះឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនអំពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបង្កើតនូវទំនាក់ទំនងនេះ ដើម្បីបង្ករឱកាសការងារដល់ប្រជាពលរដ្ឋកម្ពុជា បានមកធ្វើការនៅកូរ៉េ ហើយទទួលបានប្រាក់ឈ្នួលខ្ពស់ សម្រាប់ជួយដល់ក្រុមគ្រួសាររបស់ខ្លួន សំដៅធ្វើឱ្យភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជាមានការថយចុះជាលំដាប់ ។

តាមរយៈទំនាក់ទំនងនេះ រដ្ឋាភិបាលកូរ៉េ បានផ្តល់ឱកាសដល់កម្ពុជាក្នុងការជ្រើសរើសពលករកម្ពុជាមកស្នាក់នៅ និងធ្វើការនៅប្រទេសកូរ៉េ តាមប្រព័ន្ធជ្រើសរើសពលករបរទេស EPS ដែលជាប្រព័ន្ធមួយមានភាពច្បាស់លាស់ និងស្របច្បាប់ ហើយទាមទារឱ្យបងប្អូនដែលមានបំណងមកធ្វើការនៅកូរ៉េ ត្រូវខិតខំដោយខ្លួនឯង ក្នុងការរៀនភាសា ទំនៀមទំលាប់រស់នៅ ការយល់ដឹងពីច្បាប់របស់កូរ៉េ ការប្រឡងតេស្តសមត្ថភាព និងការជ្រើសរើសដោយនិយោជកនៅកូរ៉េ។ ជាមួយគ្នានេះរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់ដល់ការគិតគូរដល់ពលករកម្ពុជា ដោយយើងមានស្ថានឯកអគ្គរាជទូតកម្ពុជា និងទីប្រឹក្សាការងាររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈប្រចាំនៅកូរ៉េ សម្រាប់ជួយដោះស្រាយនូវបញ្ហាប្រឈមនានា ព្រមទាំងផ្តល់នូវភាពងាយស្រួលដល់បងប្អូនពលករកម្ពុជាយើង ដូចជា៖ ការពន្យាសុពលភាពលិខិតឆ្លងដែនដោយឥតគិតថ្លៃតាមរយៈប្រៃសណីយ៍ ការចុះពន្យាសុពលភាពលិខិតឆ្លងដែននៅថ្ងៃចុងសប្តាហ៍ និងថ្ងៃបុណ្យ តាមតំបន់ដែលមានកម្មករស្នាក់នៅ ការកាត់បន្ថយលក្ខខណ្ឌផ្សេងៗដើម្បីឱ្យពលករយើងទទួលបានឯកសារស្របច្បាប់រួមមាន ការពន្យាលិខិតឆ្លងដែន ការបកប្រែប័ណ្ណបើកបរ ការបូជាសព និងការទាមទារប្រាក់ធានារ៉ាប់រងជូនគ្រួសារសពជាដើម។

ក្នុងឱកាសនេះ ឯកឧត្តមបានផ្តាំផ្ញើដល់បងប្អូនពលករកម្ពុជាទាំងអស់ ដែលស្នាក់នៅក្នុងផ្ទះបណ្តោះអាសន្ននេះ សូមរក្សាសណ្តាប់ធ្នាប់ និងភាពស្ងាត់ស្ងៀមជៀសវាងការរំខានដល់អ្នកដទៃ និងអំពាវនាវដល់ពលករកម្ពុជាដែលធ្វើការនៅកូរ៉េទាំងអស់ សូមរស់នៅ និងខិតខំធ្វើការប្រកបដោយសុវត្តិភាព គោរពច្បាប់របស់កូរ៉េ និងត្រូវចេះស្រឡាញ់រាប់អានគ្នា ជួយយកអាសារគ្នាទៅវិញទៅមក ចាត់ទុកគ្នាដូចជាបងប្អូនក្នុងគ្រួសារតែមួយ ព្រមទាំងខិតខំរៀនសូត្រ និងយកចិត្តទុកដាក់ទៅលើការងារនោះ ដើម្បីមានជំនាញច្បាស់លាស់ ដែលអាចធ្វើអោយបងប្អូនអាចរកការងារធ្វើបានគ្រប់ទីកន្លែង។ ទន្ទឹមនោះត្រូវចេះសន្សំសំចៃប្រាក់សម្រាប់ផ្ញើទៅក្រុមគ្រួសារ ខំថែទាំសុខភាពឱ្យបានល្អ ស្វែងរកធានារ៉ាប់រងនានាដើម្បីជួយដល់បងប្អូនពេលមានបញ្ហាអ្វីមួយជាយថាហេតុ។ នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី សូមជូនពរដល់បងប្អូនខ្មែរ ដែលរស់នៅ និងធ្វើការនៅកូរ៉េទាំងអស់ ក្នុងឆ្នាំថ្មី ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ សូមប្រកបដោយពុទ្ធពរទាំង ៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ និង ពលៈកុំបីឃ្លៀងឃ្លាតឡើយ។ បន្ទាប់មកឯកឧត្តមរដ្ឋមន្រ្តី និងគណៈប្រតិភូ បានអញ្ជើញកាត់ខ្សែរបូរសម្ពោធដាក់ឱ្យប្រើប្រាស់ផ្ទះស្នាក់នៅបណ្តោះអាសន្នសម្រាប់ពលករកម្ពុជា និងទស្សនាផ្ទះស្នាក់នៅនេះផងដែរ។

website_news/2017180405.txt · Last modified: 2017/04/18 13:23 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki