website_news:2017180701

ស្ត្រីពីរនាក់ ត្រូវបានចាប់ឃុំខ្លួនរឿងនាំស្ត្រីខ្មែរទៅរៀបការប្តីនៅចិន

http://www.postkhmer.com/ Mon, 17 July 2017 នៀម ឆេង

ក្រចេះ: ស្ត្រី ២ នាក់ត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តក្រចេះរង់ចាំការកាត់ទោសកាលពីម្សិលមិញពាក់ព័ន្ធនឹងការនាំស្ត្រីខ្មែរទៅការប្តីចិនហើយជនរងគ្រោះទទួលរងទារុណកម្មពីប្តីជនជាតិចិន។

លោកស្រី នៅ រតនា ស្នងការរងខេត្តក្រចេះទទួលបន្ទុកផ្នែកប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ស្ត្រីមេខ្យល់ឈ្មោះ សាន ខា អាយុ ៥៣ ឆ្នាំមានទីលំនៅក្នុងភូមិល្អ ឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ និងម្នាក់ទៀតឈ្មោះ ស្រន ស៊ីនឿន អាយុ ៤៧ ឆ្នាំរស់នៅភូមិ ស្រែសង្កែ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី ១៣ ខែកក្កដាឆ្នាំ ២០១៧ ក្រោយពេលសមត្ថកិច្ចទទួលបានពាក្យបណ្តឹងពីលោក ហាស់ សេដ្ឋោ ជាឪពុករបស់ជនរងគ្រោះអាយុ ២៨ ឆ្នាំ។

«គាត់ (ជនសង្ស័យ) មានការឃោសនាទាក់ទាញដល់ស្ត្រីខ្មែរយើងទៅរៀបការជាមួយប្តីជាជនជាតិចិនដោយថាមានជីវភាពធូរធារ។ ប៉ុន្តែ ធាតុពិតពេលទៅហ្នឹងវាអត់បានដូចអ្វីដែលគាត់និយាយទេ ហើយសកម្មភាពដែលគាត់ធ្វើមិនមែនតែ ២ នាក់ទេ គឺមានការរៀបចំពីមេខ្យល់ផ្សេងៗទៀតដែលពាក់ព័ន្ធដូចជានៅវៀតណាមនៅភ្នំពេញហើយនិងនៅចិន»។ លោកស្រីបញ្ជាក់ថា ជនសង្ស័យទាំង ២ ត្រូវបានចោទប្រកាន់ពីបទនាំចេញមិនស្របច្បាប់ដោយមានគោលដៅតាមមាត្រា ១០ នៃច្បាប់ស្តីពីការបង្ក្រាបការជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ។ តាមច្បាប់នេះជនសង្ស័យប្រឈមជាប់ពន្ធនាគារពី ៧ ទៅ ១៥ ឆ្នាំបើសិនរកឃើញថាមានទោស។

លោក ជា សុភ័ក្រ ព្រះរាជអាជ្ញាសាលាដំបូងខេត្តក្រចេះបានបញ្ជាក់ថាពិតជាមានការចោទប្រកាន់ហើយបញ្ជូនជនសង្ស័យទៅពន្ធនាគារមែនកាលពីថ្ងៃអាទិត្យម្សិលមិញ។

លោកស្រី នៅ រតនា បានរៀបរាប់អំពីរឿងហេតុដែលឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យថា៖ «ដោយសារកូនគាត់រងគ្រោះ ឪពុកគាត់មកដាក់ពាក្យប្តឹង ហើយគាត់បានរាយការណ៍ប្រាប់យើងថាកូនគាត់បានរងគ្រោះនៅប្រទេសចិន។ មិនត្រឹមតែពាក្យបណ្តឹងរបស់ឪពុកម្តាយទេ ខ្លួនខ្ញុំផ្ទាល់ក៏បានឲ្យគាត់ទូរស័ព្ទទៅកូនគាត់ផ្ទាល់នៅប្រទេសចិន។ ឪពុកម្តាយគាត់ខលទៅយើងសួរនាំពីស្ថានភាពនៅទីនោះយ៉ាងម៉េចៗហើយបច្ចុប្បន្នជនរងគ្រោះនារីខ្មែរយើងហ្នឹងបានរៀបការជាមួយបុរសចិននៅប្រទេសចិន ប៉ុន្តែនាងត្រូវបានបុរសជនជាតិចិនដែលជាប្តីបង្ខាំងទុកក្នុងផ្ទះបង្ខំរួមភេទ មានការគំរាមកំហែងជាដើម»។ លោកស្រីបញ្ជាក់ដែរថាសមត្ថកិច្ចនឹងស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្សេងទៀត ហើយក៏កំពុងស្នើសុំអន្តរាគមន៍យកជនរងគ្រោះពីចិនមកវិញតាមរយៈនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស ក្រសួងការបរទេស និងអង្គការពាក់ព័ន្ធ៕

website_news/2017180701.txt · Last modified: 2017/08/24 13:35 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki