website_news:2017180702

ក្រសួងជួយពលករជាង ៤៥០ នាក់

http://www.phnompenh-post-news.html Mon, 17 July 2017 គង់ មេត្ដា

ភ្នំពេញៈ ក្រសួងការបរទេសកម្ពុជាបានប្រកាសឲ្យដឹងថាខ្លួនបានជួយការធ្វើមាតុភូមិនិវត្តន៍នៃកម្មករកម្ពុជាជាង ៤៥០ នាក់នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ។ នេះបើតាមតួលេខដែលចេញកាលពីថ្ងៃសៅរ៍។

សេចក្តីថ្លែងការណ៍របស់ក្រសួងបានឲ្យដឹងថាពលរដ្ឋកម្ពុជាចំនួន ១៧៨ នាក់ត្រូវបានបញ្ជូនពីប្រទេសថៃ ១៣៤ នាក់ពីប្រទេសម៉ាឡេស៊ី ៦៨ នាក់ពីប្រទេសវៀតណាម ២៤ នាក់ពីប្រទេសឡាវ និង ២២ នាក់ពីប្រទេសចិន។ ២៦ នាក់ទៀតត្រូវបានបញ្ជូនមកពីប្រទេសមីយ៉ាន់ម៉ា ប្រទេសឥណ្ឌូនេស៊ី និងប្រទេសសិង្ហបុរី។

កាលពីឆ្នាំ ២០១៦ ពលរដ្ឋកម្ពុជាសរុបចំនួន ៨១៦ នាក់ត្រូវបានបញ្ជូនត្រឡប់មកប្រទេសកម្ពុជាវិញ។ ចំនួនពលរដ្ឋកម្ពុជាដែលត្រូវបានបញ្ជូនត្រឡប់មកវិញពីប្រទេសថៃរួមទាំងអ្នកដែលត្រូវបាន «បោកដោយមេខ្យល់» និងអ្នកដែលត្រូវបានកេងប្រវ័ញ្ចនៅក្នុងឧស្សាហកម្មនេសាទគឺមានចំនួនលើសចំនួនសរុបទាំងមូលក្នុងឆ្នាំ ២០១៦ រួចទៅហើយដែលក្នុងឆ្នាំ ២០១៦ ក្រសួងបានជួយការធ្វើមាតុភូមិនិវត្តន៍នៃកម្មករចំនួន ១៣៩ នាក់ពីប្រទេសថៃ។ការធ្វើមាតុភូមិនិវត្តន៍ពីប្រទេសឡាវក៏បានកើនឡើងផងដែរគឺពី ២ ករណីក្នុងឆ្នាំ ២០១៦ ដល់ ២៤ ករណីនៅក្នុងឆមាសទីមួយនៃឆ្នាំនេះ។ ទាំងនេះរួមទាំងពលរដ្ឋ ១១ នាក់ដែលគ្មានឯកសារ និងត្រូវបានចាប់ខ្លួន។

លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសបានថ្លែងថាចំនួននេះគឺជា «លទ្ធផលផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែង» របស់ក្រសួង និងស្ថានទូតកម្ពុជា។

ប៉ុន្តែលោក Dy The Hoya មន្ត្រីនៅអង្គការ Central ដែលជាអង្គការសិទ្ធិការងារបានថ្លែងថា៖ «ពួកគេធ្វើមាតុភូមិនិវត្តន៍តាមករណី ប៉ុន្តែ…ពួកគេមិនមានប្រព័ន្ធ»។ «ពួកគេមានវានៅលើក្រដាស ប៉ុន្តែការអនុវត្តរបស់ពួកគេគឺខ្សោយណាស់»។ លោកបានថ្លែងថាការគាំទ្រក៏ខ្វះយន្តការបង្ការមានប្រសិទ្ធភាពផងដែរ។

ទោះយ៉ាងណាក្តីលោក សុន្ទរី បានថ្លែងថានេះមិនមែនជាការងាររបស់ក្រសួងទេ។ «ការបង្ការមិនស្ថិតនៅក្នុងសមត្ថកិច្ចរបស់ក្រសួងការបរទេសទេ»។ អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីលោក ផៃ ស៊ីផាន បានអះអាងថាយន្តការរបស់រដ្ឋាភិបាលក្នុងការជួយប្រជាពលរដ្ឋនៅបរទេសគឺមានប្រសិទ្ធភាព ប៉ុន្តែលោកបានទទួលស្គាល់ថាការកេងប្រវ័ញ្ចការងារគឺនៅតែជាបញ្ហាសំខាន់មួយ។ «វាត្រូវការពេលវេលា»។ «យើងកែលម្អវាបន្តិចម្តងៗ [ប៉ុន្តែ] វាមិនដែលគ្រប់គ្រាន់ទេ»៕ PS

website_news/2017180702.txt · Last modified: 2017/07/18 09:19 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki